ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្លូវ​បេតុង​មួយ​ខ្សែស្រប​តាម​មាត់​ស្ទឹង​ព្រែក​អំបិល​គ្រោង​បើក​ការដ្ឋាន​ឆាប់​ៗ​នេះ​ហើយ

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ តាម​រយៈ​លោក កែវ រ៉េ​មី ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ឃុំ​ព្រែក​អំបិល សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ផ្តល់​អំណោយ​ផ្លូវ​បេតុង​ស្រប​តាម​មាត់​ស្ទឹង​ព្រែក​អំបិល…

ខេត្តកណ្តាល ៖ តាម​រយៈ​លោក កែវ រ៉េ​មី ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ឃុំ​ព្រែក​អំបិល សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ផ្តល់​អំណោយ​ផ្លូវ​បេតុង​ស្រប​តាម​មាត់​ស្ទឹង​ព្រែក​អំបិល ស្រុក​ស្អាង​ប្រវែង​ជាង​១០​គីឡូម៉ែត្រ​ដល់​ប្រជាពលរដ្ឋ ហើយ​បើក​ការដ្ឋាន​ចាប់ផ្តើម​ធ្វើ​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។

ដើម្បី​ឆ្លើយ​តប​នឹង​សេចក្តី​ត្រូវការ​របស់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ឃុំ​ព្រែក​អំបិល​យ៉ាង​ខ្លាំង​តាម​រយៈ​ការ​ស្នើ​សុំ​របស់​លោក កែវ រ៉េ​មី ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល​ត្រូវ​បាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី​នៃ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​សម្រេច​ឱ្យ​សាងសង់​ផ្លូវ​បេតុង​កាត់ មាត់​ស្ទឹង​ព្រែក​អំបិល ប្រវែង​១០,៥០០​ម៉ែត្រ ទន្ទឹង​៨​ម៉ែត្រ ជូន​ប្រជាពលរដ្ឋ ។

ការ​ផ្តល់​នូវ​អំណោយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ទៅ​តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ដែល​កំពុង​ជួប​ការ​ខ្វះខាត​នេះ​ត្រូវ​បាន​លោក កែវ រ៉េ​មី លើក​ឡើង​ទៅ​កាន់​ប្រជាពលរដ្ឋ កាលពី​ថ្ងៃ​ទី​០៩ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ក្នុង​ឱកាស​ដែល​លោក​បាន​ដឹកនាំ​ក្រុមការងារ​រៀបចំ​ហូប​នំ​បញ្ចុក​សាមគ្គី ដើម្បី​សន្តិភាព​នៅ​ឃុំ​ជ្រោយ​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល កន្លង​មកនេះ ។ លោក កែវ រ៉េ​មី បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ថា ក្រោម​ការ​ដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន គឺ​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ជា​និច្ច ទោះបីជា​សម្តេច​ជាប់រវល់​ក្នុង​កិច្ច​ការងារ​ជាតិ​យ៉ាងណា​ក៏​ដោយ​ក៏​សម្តេច​មិន​ដែល​ភ្លេច​ចាត់​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​ចុះ​សិក្សា​ស្វែង​យល់ និង​ក្តាប់​ពី​ស្ថានភាព​នានា​របស់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ជា​និច្ច ។

ចំពោះ​សមិទ្ធផល​ផ្លូវ​បេតុង​មួយ​ខ្សែ​នេះ​លោក កែវ រ៉េ​មី ក៏​សូម​ថ្លែងអំណរគុណ​ដល់​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធ​មុនី​រ័​ត្ន ឧបនាយក​មន្ត្រី ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល​ចុះ​ជួយ​ខេត្តកណ្តាល និង​ឧបនាយករដ្ឋមន្ត្រី​ប្រាក់ សុ​ខុន ប្រធាន​ក្រុមការងារ​ថ្នាក់​កណ្តាល​ចុះ​ជួយ​ស្រុក​ស្អាង ដែល​លោក​ទាំង​ពីរ​បាន​គិតគូរ​ផ្តួចផ្តើម​គំនិត​ស្ថាបនា​ផ្លូវ​មួយ​ខ្សែ​នេះ​ឡើង​ទៅ​តាម​សំណូមពរ​របស់​ប្រជាពលរដ្ឋ ហើយ​នេះ គឺជា​កាដូ​ថ្មី​មួយ​សម្រាប់​លោក​ដែល​មក​ទទួល​តួនាទី​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ឃុំ ដើម្បី​ផ្តល់​ជូន​ដល់​ប្រជាពលរដ្ឋ នៅ​ក្នុង​ឃុំ​ទាំងមូល​ផង​ដែរ ។ នៅ​ចំពោះ​មុខ​ប្រជាពលរដ្ឋ លោក​កែវ រ៉េ​មី បាន​បន្ត​ថា ក្នុង​នាម​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ឃុំ​ព្រែក​អំបិល លោក​នឹង​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន សិក្សា​ស្វែង​យល់​ពី​តម្រូវការ​ជា​ចាំបាច់ និង​ភាព​ខ្វះខាត​មួយ​ចំនួន ដើម្បី​អភិវឌ្ឍ​នៅ​ក្នុង​មូលដ្ឋាន​ឆ្លើយ​តប​ទៅ​នឹង​សំណូមពរ​ដែល​ប្រជាពលរដ្ឋ​បាន​ស្នើ​សុំ​ផ្លូវ​ពីរ​ខ្សែ​នៅ​ក្នុងភូមិ​ចំនួន​ពីរ​បន្ថែម​ទៀត ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ពួក​គាត់ ។

ពាក់ព័ន្ធ​នឹង​សំណូមពរ​នេះ​លោក​កែវ រ៉េ​មី នឹង​ខិតខំ​ប្រឹងប្រែង​ជំរុញ​ឱ្យ​គម្រោង​ផ្លូវ​ទាំង​ពីរ​ខ្សែ​ខាងលើ​ដែល​ជា​គម្រោង​របស់​ខេត្ត​នោះ​ឱ្យ​អនុវត្ត​ឱ្យ​បាន​ឆាប់រហ័ស ដើម្បី​ចូល​កាត់​បន្ថយ​ភាព​ក្រីក្រ និង​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ផង​ដែរ ។ តាម​លោក​មេឃុំ ព្រែក​អំបិល​បាន​ឲ្យ​ដឹង​ថា ផ្លូវ​មួយ​ខ្សែ​នេះ​នឹង​បើក​ការដ្ឋាន​សាងសង់​នៅ​ថ្ងៃ​ទី​២៦ ខែមិថុនា ខាង​មុខ​នេះ ក្រោម​អធិបតីភាព​លោក​ប្រាក់ សុ​ខុន ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ជា​ប្រធាន​គណៈ​ពង្រឹង​ស្រុក​ស្អាង​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ