រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទស្សនកិច្ចនៅសាធារណរដ្ឋហុងគ្រី និងចូលរួមកិច្ចប្រជុំ សន្និសីទកំពូលលើកទី៥ ស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី នៅ សាធារណរដ្ឋតាជីគីស្ថាន ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារបរទេស ។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងការបទេស និងសហប្រតិបតិ្តការអន្តរជាតិចេញផ្សាយនៅថ្ងៃទី១០ ខែមិថុនា បានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអមដំណើរដោយលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រី ការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្ម និងសមាជិកជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាផ្សេងទៀតនឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋហុងគ្រី និងចូលរួមសន្និសីទកំពូលលើកទី៥ ស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅ អាស៊ី (CICA) នៅសាធារណរដ្ឋតាជីគីស្ថាន ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ ។
ប្រភពបានឲ្យដឹងទៀតថា សម្រាប់ទស្សនកិច្ចផ្លូវការនៅប្រទេស ហុង គ្រី ក៏នឹងមានកិច្ចព្រម ព្រៀងសហប្រតិបត្តិការសេដ្ឋកិច្ច និងកម្មវិធីផ្លាស់ប្តូរវិស័យអប់រំនឹងត្រូវចុះហត្ថលេខាតបតាមការអញ្ជើញរបស់លោក នាយករដ្ឋមន្ត្រី វីកទ័រ អ័របាន (Viktor Orbán) ដែលសម្តេចតេជោនាយករដ្ឋមន្ត្រីនឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋហុងគ្រី ពីថ្ងៃទី១៣ ដល់ ១៤ ខែមិថុនា ឆ្នាំ២០១៩ ។
ក្នុងអំឡុងពេលទស្សនកិច្ចនេះ សម្តេចតេជោនាយករដ្ឋមន្ត្រីនឹងជួបសម្តែងការគួរសមដោយឡែកពីគ្នាជាមួយថ្នាក់ដឹកនាំហុងគ្រី និងមានជំនួបពិភាក្សាទ្វេភាគីជាមួយសមភាគីហុងគ្រី លើបញ្ហាជាច្រើនសំដៅលើកកម្ពស់ និងពង្រឹងទំនាក់ទំនងទ្វេភាគីដែលមានស្រាប់ក៏ដូចជា កិច្ចសហប្រតិបត្តិការជិតស្និទ្ធនៅលើវេទិកាពហុភាគីនានា ។ នៅក្នុងដំណើរទស្សនកិច្ចនេះ ឯកសារពីរ គឺកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងកម្មវិធីផ្លាស់ប្តូរវិស័យអប់រំ នiងត្រូវចុះហត្ថលេខា ។ សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងទៀតថា កិច្ចប្រជុំកំពូល CICA លើកទី៥នេះ សម្តេចតេជោនាយករដ្ឋមន្ត្រីនឹងថ្លែងសុន្ទរកថាគន្លឹះ និងមានជំនួបទ្វេភាគី តបតាមការ អញ្ជើញរបស់លោកអ៊ីម៉ូម៉ាលី រ៉ាម៉ុន (Emomali Rahmon) ប្រធានាធិបតីនៃសាធារណរដ្ឋតាជីគីស្ថាន និងជាប្រធានកិច្ចប្រជុំកំពូលលើកទី៥ នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (5th CICA Summit) ពីឆ្នាំ២០១៨ ដល់២០២០ ។
សម្តេចតេជោនាយករដ្ឋមន្ត្រី និងអញ្ជើញចូលរួម 5th CICA Summit ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងឌូស្ហាន់បេ សាធារណរដ្ឋតាជីគីស្ថាន នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ ។ នៅក្នុងកិច្ចប្រជុំកំពូលនេះសម្តេចតេជោនាយករដ្ឋមន្ត្រីនឹងថ្លែងសុន្ទរកថា ដ៏សំខាន់មួយដោយផ្តោតលើបញ្ហាគន្លឹះជាច្រើនដែលជាការប្រឈមរួមរបស់តំបន់អាស៊ី និងចែករំលែកទស្សនៈស៊ីជម្រៅថា អាស៊ីនឹងរួមគ្នាដោះស្រាយបញ្ហាសន្តិសុខ សេដ្ឋកិច្ច និងនយោបាយ តាមរយៈការពង្រឹងជំនឿទំនុកចិត្ត និងទំនាក់ទំនងក្នុងចំណោមប្រទេសជាសមាជិក CICA ។
សូមជម្រាបថា CICA គឺជាវេទិកាពហុភាគីដែលមានវត្ថុបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងចំណោម រដ្ឋសមាជិករបស់ខ្លួន ក្នុងវិស័យមួយចំនួនដូចជា សន្តិភាព សន្តិសុខ និង ស្ថិរភាពនៅអាស៊ី និងពិភពលោកទាំងមូល ។ បច្ចុប្បន្នសន្និសីទនេះមានសមាជិកអចិន្រៃ្តយ៍ចំនួន ២៦ប្រទេស ហើយកម្ពុជាបានចូលជាសមាជិកនៅឆ្នាំ២០១១ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ