ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

១០ រឿង​នៃ​មហោស្រព​ភាពយន្ត​អូស្ត្រាលី ត្រូវ​បាន​ចាក់​បញ្ចាំង​ជា​លើក​ដំបូង​នៅ​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ថានទូត​អូស្ត្រាលី​រួម​សហការ​ជាមួយ Screen Australia បាន​រៀបចំ​មហោស្រព​ភាពយន្ត​ខ្លី​អូស្ត្រាលី ដើម្បី​បង្ហាញ​ខ្សែភាពយន្ត​ខ្នាត​ខ្លី​អូស្ត្រាលី​ដែល​ឈ្នះ​ពានរង្វាន់ កាលពី​រសៀល​ថ្ងៃ​សៅរ៍ ទី​៨ ខែមិថុនា…

រាជធានី​ភ្នំពេញ ៖ ស្ថានទូត​អូស្ត្រាលី​រួម​សហការ​ជាមួយ Screen Australia បាន​រៀបចំ​មហោស្រព​ភាពយន្ត​ខ្លី​អូស្ត្រាលី ដើម្បី​បង្ហាញ​ខ្សែភាពយន្ត​ខ្នាត​ខ្លី​អូស្ត្រាលី​ដែល​ឈ្នះ​ពានរង្វាន់ កាលពី​រសៀល​ថ្ងៃ​សៅរ៍ ទី​៨ ខែមិថុនា ឆ្នាំ​២០១៩ នៅ​រោង​ភាពយន្ត Major Cineplex ផ្សារ​ទំនើប​សូ​រិ​យា ក្នុង​រាជធានី​ភ្នំពេញ ។

ភាពយន្ត​ខ្នាត​ខ្លី​របស់​អូស្ត្រាលី​ចំនួន ១០ ត្រូវ​បាន​ចាក់​បញ្ចាំង ព្រម​នឹង​អ្នកចូលរួម​ទស្សនា​ជា​ច្រើន​ផង​ដែរ​។ រឿង​ទាំងនោះ​មាន​ខ្លះ​ជា​ប្រភេទ​រឿង​បែប​ចលនា (Animation) ខ្លះ​ជា​រឿង​បែប Drama ខ្លះ​ទៀត​បែប​កំប្លែង ហើយ​ខ្លះ​ទៀត​ជា​រឿង​បែប serious ។

បន្ទាប់​ពី​បាន​ចាក់​បញ្ចាំង​កុន​ខ្លី​ទាំងនេះ​ហើយ ផលិតករ​ភាពយន្ត​ប្រចាំ​នៅ​រដ្ឋធានី Canberra ប្រទេស​អូស្ត្រាលី អ្នក​នាង Marisa Martin បាន​បង្ហាញ​ពី​ការ​ចំណុច​ពិសេស​នៃ​ការ​ចាក់​បញ្ចាំង​នេះ​ថា «​យើង​ចង់​បង្ហាញ​នូវ​ភាពយន្ត​ខ្លី​ៗ​របស់​អូស្ត្រាលី​មួយ​ចំនួន​ដល់​អ្នក​រាល់គ្នា ពិសេស​ផលិតករ​កុន​វ័យក្មេង​នៅ​ក្នុង​តំបន់​អាស៊ាន​។ ភាពយន្ត​ទាំងនេះ បាន​ចែករំលែក​ឱ្យ​ដឹង​អំពី​ជីវិត និង​រឿងរ៉ាវ​នានា​របស់​អូស្ត្រាលី​ទៅ​កាន់​ប្រជាជន​កម្ពុជា​។ ខ្ញុំ​សង្ឃឹមថា កម្ពុជា​នឹង​ចែករំលែក​រឿងរ៉ាវ​នានា​មក​កាន់​ពួក​យើង​វិញ ចែករំលែក​គ្នា​ទៅ​វិញ​ទៅ​មក​។ អ្នក​អាច​ផ្ញើ​រឿង​ឱ្យ​ពួក​យើង ដូច្នេះ​ពួក​យើង​នឹង​ចែករំលែក​បន្ត​ទៅ​កាន់​ទស្សនិកជន​អូស្ត្រាលី​»​។

យុវតី ហេង មិ​នា ជា​អ្នក​ស្រឡាញ់​ភាពយន្ត និង​ជា​សិស្ស​កំពុង​រៀង​ផលិត​កុន​នៅ​មជ្ឈមណ្ឌល​បុប្ផា​ណា និង​ជា​អ្នក​ដែល​បាន​ចូល​ទស្សនា​កុន​នោះ​បាន​បង្ហាញ​ចំណាប់អារម្មណ៍​ថា​៖ «​ខ្ញុំ​មាន​អារម្មណ៍​រំភើប​ដែល​បាន​មើល​ភាពយន្ត​ដែល​ផលិត​មក​ពី​កន្លែង​ផ្សេង​គ្នា មក​ប្រមូលផ្ដុំ​នៅ​ហ្នឹង ដែល​ពី​មុន​ខ្ញុំ​អត់​ចូល​ចិត្ត​មើល​ភាពយន្ត​បែប Documentary ទេ តែ​ឥឡូវ​ខ្ញុំ​មាន​អារម្មណ៍​ថា ចូល​ចិត្ត​មើល​ច្រើន ដោយ​ខ្ញុំ​ជា​អ្នក​ផលិត [​កុន​] ដែរ​ឥឡូវ​»​។

នាង​បាន​បន្ថែម​ទៀត​ថា បន្ទាប់​ពី​មើល​កុន​ទាំងនេះ​ហើយ នាង​ប​ក៏​បាន​ទទួល​ការ​អប់រំ​ថា តើ​គេ​ចង់​សំដៅលើ​អី សារ​របស់​គេ ចង់​ផ្ដល់​អី​ឱ្យ​យើង នៅ​ក្នុង​ភាពយន្ត​ទាំងនោះ​។

នេះ​ជា​ការ​បញ្ចាំង​កុន​ខ្នាត​ខ្លី​របស់​អូស្ត្រាលី​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​ក៏​ជា​លើក​ដំបូង​ដែរ​នៅ​កម្ពុជា ហើយ​ក៏​នឹង​មានការ​បញ្ចាំង​នៅ​ប្រទេស​ភូមា​បន្ត​ទៀត​ដែរ បន្ទាប់​ពី​មហោស្រព​មួយ​នេះ​ប្រព្រឹត្ត​ទៅ​រយៈពេល ២៥ ឆ្នាំ​រួច​ហើយ​នៅ​អូស្ត្រាលី​ផ្ទាល់​។

Marisa បាន​ប្រាប់​ថា អ្នក​នាង​ជា​អ្នក​ស្រឡាញ់​ខាង​ផ្នែក Storytelling ដែល​អ្នក​នាង​តែងតែ​ចូល​ចិត្ត​ប្រាប់​រឿងរ៉ាវ​ផ្សេង​ៗ​ទៅ​កាន់​មិត្តភក្តិ គ្រួសារ និង​ប្អូនស្រី​។ ភាពយន្ត​គឺ​ពិតជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​យ៉ាង​ល្អ​។ នាង​បាន​ចាប់ផ្ដើម​ផលិត​ជា​កុន​បែប Animation ក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ដែល​ពេល​ខ្លះ Animation គឺ​អាច​ល្អ​ជាង​រឿង​ដែល​សម្ដែង​ដោយ​មនុស្ស​ពិត​ទៅ​ទៀត​។

ផលិតករ​ភាពយន្ត​រូប​នេះ​ពិតជា​រីករាយ​ខ្លាំង​ដែល​បាន​មក​កាន់​កម្ពុជា ព្រោះ​វា​ជា​លើក​ដំបូង​សម្រាប់​នាង​។

«​នៅ​ទី​នេះ ពិតជា​គួរ​ឱ្យ​ស្រឡាញ់ ឯ​ប្រជាជន​ក៏​គួរ​ឱ្យ​ស្រឡាញ់​។ ឥឡូវ​យើង​មានការ​ប្រកួត​ភាពយន្ត​ខ្លី​សម្រាប់​ផលិតករ​កុន​នៅ​ក្នុង​តំបន់ ហើយ​គេ​អាច​នឹង​មានឱកាស​ទៅ​ចូលរួម​ម​ហោ
ស្រព​ភាពយន្ត​នៅ​អូស្ត្រាលី​។ យើង​ស្រឡាញ់​កុន យើង​ចង់​លើកទឹកចិត្ត​ពួក​គេ ព្រោះ​ពួក​គេ​ស្រឡាញ់​ការ​ផលិត​កុន នេះ​ជា​ការ​បញ្ជាក់​របស់ Marisa» ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ