រាជធានីភ្នំពេញ៖ លោកសាន សុវណ្ណឌឿន បានបង្ហាញពីគោលបំណងរបស់ខ្លួនស្នើសុំឲ្យប្រមុខដឹកនាំជួយជំរុញបន្ថែមឲ្យមានការគាំទ្រសិល្បៈចាប៉ីដងវែង ដ្បិតលោកចាត់ទុកសិល្បៈមួយនេះកំពុងតែត្រដរខ្យល់ ។
ក្នុងពេលប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោហ៊ុន សែន បានស្នើឲ្យសមាជិកគណបក្សប្រជាជនទាំងអស់ចូលរួមហូបនំបញ្ចុកឯកភាពជាតិនៅថ្ងៃទី៩មិថុនា នោះ គេសង្កេតឃើញមានការគាំទ្រផុសផុល ក្នុងពេលការលក់នំបញ្ចុកក៏មានការកើនឡើងខ្ពស់ផងដែរ ។ ស្របពេលនេះលោកសាន សុវណ្ណឌឿន ដែលជាអ្នកសិល្បៈចាប៉ីបានស្នើសុំឲ្យប្រមុខដឹកនាំអំពាវនាវ និងជំរុញញបន្ថែមទៅដល់មហាជនឲ្យងាកមកគាំទ្រសិល្បៈបុរាណ ជាពិសេសសិល្បៈចាប៉ីដងវែង ។
បើយោងតាមអ្វីដែលលោកសាន សុវណ្ណឌឿន បានសសេរបង្ហោះនៅលើហ្វេសប៊ុកថា «បើចាប៉ីល្បីដូចនំបញ្ចុកប្រហែលជាលែងក្រហើយ អ្នកចាប៉ីនៅស្រុកខ្មែរយើងបើទេវតាលោកថាតែ១ម៉ាត់«ចូរមើលអ្នកចាប៉ីដងវែងផង»ធានាថាគ្រប់ស្ថានីយវិទ្យុ និងទូរទស្សន៍ទាំងអស់នឹងមានកម្មវិធីសិល្ប:មួយនេះ ។ គ្រាន់តែគិតក៏ធូរទ្រូងដែរខ្ញុំ»។
បន្ថែមពីលើអ្វីដែលបានបង្ហោះនេះលោកសាន សុវណ្ណឌឿន ប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិកកាលពីថ្ងៃទី៧ មិថុនា ២០១៩ថា សិល្ប:បុរាណលែងមានផ្សាយតាមវិទ្យុ និងទូរទស្សន៍ដូចមុនទៀតហើយ។ ដូចកាលមុនសម្តេចលោកបានស្នើឲ្យស្ថានីយមួយចំនួនជួយផ្សាយសិល្ប:ចាប៉ី និងអាយ៉ៃផង កាលនោះតាមស្ថានីយណាក៏ហៅចាប៉ី និងអាយ៉ៃថត និងសម្តែងតាមខនសឺតរបស់ស្ថានីយគេដែរ ។
តាំងពីនោះមកទីផ្សារចាប៉ីមានគេហៅច្រើន។ តែដល់ក្រោយៗ មកដូចជាស្ងាត់ ហើយម្យ៉ាងវិញទៀតបើបាត់មុខពីទស្សនិកជនហើយគឺចំណាប់អារម្មណ៍លែងមានហើយ ។ មួយរយ:ចុងក្រោយនេះទីផ្សារចាប៉ីធ្លាក់ជាគំហុក ជាពិសេសលោកតា ចាស់ៗគាត់រស់មិនយូទ េតែសុំជីវិតចុងក្រោយពួកគាត់ឲ្យរស់សមរម្យផងចុះ មិនបានដល់មានអីទេ សូមតែអោយពួកគាត់មានទីផ្សារខ្លះទៅ ។
លោកសាន សុវណ្ណឌឿន បញ្ជាក់ថា «ពួកគាត់សង្ឃឹមថាពេលចាប៉ីដងវែងចូលក្នុងអង្គការយូណេស្កូបេតិភណ្ឌពិភពលោកពួកគាត់នឹងមានជីវភាពសម្ររម្យ តែផ្ទុយទៅវិញកាន់តែធ្លាក់ចុះសូម្បីតែលុយ២៣ម៉ឺនដុល្លារដែលអង្គការឧបត្ថម្ភក៏បាត់មិនដឹងគេយកទៅឯណាដែរ ពួកគាត់តែងឆ្ងល់ គាត់សង្ឃឹមថាលុយនោះនឹងបានដល់ពួកគាត់ខ្លះ តែស្ងាត់ឈឹង ។ ខ្ញុំជឿ ប្រសិនបើសិល្បៈមួយនេះល្បីទៅ ពួកគេនឹងជួលយកទៅសម្តែងគ្រប់កម្មវិធី ម្យ៉ាងវិញទៀតបើឲ្យសិល្ប:រស់បានគឺក្រសួងបីដែលពាក់ពន្ធ័ ទី១ក្រសួងវប្បធម៌ ទី២ក្រសួងព័ត៌មាន និងទី៣ក្រសួងទេសចរណ៍ ។
ក្រសួងវប្បធម៌ត្រូវយកចិត្តទុកដាក់និងបន្ថែមទៅលើជំនាញពួកគាត់ ចំណែកក្រសួងព័ត៌មានត្រូវផ្សព្វផ្សាយ ខណៈពេលដែលក្រសួងទេសចរណ៍គួរមានរៀបចំឲ្យមានការបង្ហាញសិល្ប:គ្រប់ទីកន្លែងដែលមានភ្ញៀវអន្តរជាតិចូលទស្សនា និងមានបទបង្ហាញពីសិល្ប:ទាំងនេះជាសម្បត្តិវប្បធម៌ជាតិខ្មែរយើង»។
នៅពេលដែលសួរថា តើលោកមានគំនិតដូចម្តេច ប្រសិនបើយើងចង់ឲ្យយុវវ័យងាកមកចាប់អារម្មណ៍ពីចាប៉ីនេះ ? លោកសាន សុវណ្ណឌឿន បានលើកឡើងថាមិនសំខាន់ពួកគាត់ទេ បើយើងធ្វើទៅឃើញថាជាប្រយោជន៍ ដូចជាប្រាក់ចំណូលរកបានសមរម្យនោះ ពួកគាត់នឹងមក ឯងៗហើយ។ ប៉ុន្តែបើរាល់ថ្ងៃនេះពួកគាត់មករៀនបានត្រឹមតែចេះ ហើយក៏ពិបាកទាំងរៀនផង គឺពួកគាត់មិនចង់ទេ ។
បើតាមតាមលោក សាន សុវណ្ណឌឿន បើចង់ឲ្យយុវជនគាំទ្រ មានតែមួយមុខគត់ គឺចេញផ្សាយតាមរយ:ទូរទស្សន៍ក្នុងកម្មវិធីខនសឺតផ្សាយផ្ទាល់ នោះជាកក្តាសំខាន់បំផុត ៕
ចែករំលែកព័តមាននេះ