ខេត្តកំពង់ស្ពឺ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា សម្លេងផ្ទុះលាន់ឡើង ហើយក៏ឆេះចេញជាអណ្តាតភ្លើង ចំណែកមនុស្ស១១នាក់បានស្លាប់ ដោយសារតែរថយន្ត៣គ្រឿងបានបុកគ្នា កាលពីម៉ោង៥និង៥០នាទីល្ងាច ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៤ ស្ថិតនៅក្នុងភូមិទី ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

សេចក្តីរាយការណ៍បន្តថា ករណីខាងលើនេះគឺកើតឡើងដោយរថយន្តហាយឡែនឌ័រ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2L 0071 អ្នកបើកបរមិនស្គាល់ឈ្មោះ បុកនឹងរថយន្ត១គ្រឿងម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ទឹកដោះគោ ពាក់ផ្លាកលេខ ភ្នំពេញ 3E6503 (ជាប្រភេទទេសចរណ៍ ) អ្នកបើកបរមិនស្គាល់ឈ្មោះ និងរថយន្ត១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3D.7107 បណ្តាលឱ្យអ្នកជិះក្នុងរថយន្តនោះឆេះស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង ។

សេចក្តីរាយការណ៍បន្តទៀតថា មុនពេលកើតហេតុ គឺរថយន្តហាយឡែនឌ័រ បានបើកមកពីទិសខាងកើតទៅលិច លុះមកដល់កន្លែងកើតហេតុបានឡើងវ៉ារថយន្តមួយគ្រឿង ស្រាប់តែទៅបុកជាមួយរថយន្ត១គ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកដោះគោ ប្រភេទទេសចរណ៍ ដែលបើកបញ្ច្រាសទិសគ្នា រួចឱ្យជ្រុលទៅបុករថយន្ត១គ្រឿងទៀតម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស បណ្តាលឱ្យអ្នកជិះក្នុងរថយន្តហាយឡែនឌ័រឆេះស្លាប់ចំនួន៥នាក់ ហើយនឹងរថយន្តហ៊ីយ៉ាន់ដាយ (ប្រភេទទេសចរណ៍ ) ស្លាប់៥នាក់ស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង និងរបួស៥នាក់ ស្រាល២នាក់ ក្នុងនោះប្រុស២នាក់ ស្រីម្នាក់ធ្ងន់ ក្រោយមកក៏បានស្លាប់ម្នាក់ទៀត សរុបទាំងអស់១១នាក់។

ក្រោយកើតហេតុ ចំពោះអ្នករបួសត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យខេត្ដ ហើយករណីនេះបណ្តាលឱ្យខូចខាតរថយន្តចំនួន២គ្រឿងទាំងស្រុង និងមួយគ្រឿងទៀតខូចខាតធ្ងន់ ក្រោយកើតហេតុ វត្ថុតាងត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីចាត់ការតាមនីតិវិធី ។

បើតាមលោក ខៀវ កញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានឱ្យដឹងតាមហ្វេសប៊ុកថា ក្នុងនោះករណីខាងលើនេះ គឺមានគយ៣នាក់បានស្លាប់ផងដែរ ។ជនរងគ្រោះទាំង៣រូបនោះរួមមាន ១-ឈ្មោះ ហេង មករាជន ២-ឈ្មោះ គឹម ឆាត និង៣-ឈ្មោះ ជន់ ច័ន្ទរិទ្ធ។ ការបុកគ្នានេះ គឺកើតមានចំពោះរថយន្ត៣គ្រឿង ដោយក្នុងនោះមានរថយន្ត Highlander និងរថយន្តប្រភេទទេសចណ៍២៤កៅអី។ នេះជាហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏ឝួរឱ្យរន្ធត់បំផុត៕ (កែសម្រួលដោយ ៖ បុប្ផា)





អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ