រាជធានីភ្នំពេញ៖ អ្នកនាងឌួង ហ្សូរីដា បានបង្ហាញទឹកចិត្តស្រលាញ់ចូលចិត្តសត្វដំរី បន្ទាប់នាងក្លាយជាទូតសុច្ឆន្ទៈដំរីអៃរ៉ាវ៉ាតា កាលពីពេលថ្មីៗកន្លងមក ។ មហាជនបានចោទសួរថា ហេតុអ្វីបានជាហ្សូរីដា ចាប់អារម្មណ៍ទៅជាស្រលាញ់ ចូលចិត្តដំរីដែលជាសត្វធំពិបាកនិយាយស្តាប់គ្នាបែបនេះ ? ឌួង ហ្សូរីដា បានលើកឡើងថា ដំរីគឺជាសត្វមួយដែលធំ និងអាយុវែងជាងគេទាំងអស់ក្នុងចំណោមសត្វស្រុក និងព្រៃ។ កាលពីសម័យដើមដំរីត្រូវបានគេគោរពបូជា ជាព្រះគណេសតំណាងនូវសភាវ:ល្អ ប្រជាប្រិយភាព និងជាទីគោរពស្រលាញ់នៃអ្នកផងទាំងពួង ។

ឌួង ហ្សូរីដា លើកឡើងថា «តាំងពី តូចៗមក ឪពុកបង្កើតរបស់ពួកខ្ញុំតែងតែនិទានរឿងដំរីឲ្យពួកយេីងស្តាប់ថា ដំរីជាសត្វដ៏ស្មោះត្រង់ តស៊ូ អំណត់ ព្យាយាមរាល់ការងារ ធ្ងន់ៗ ជាពិសេសតែស្រលាញ់ និងចូលចិត្តអ្នកណាហើយ គឺស្នេហារបស់គេជាស្នេហាអមត: ។
ហើយអ្វីដែលសំខាន់ម្តាយខ្ញុំធ្លាប់ប្រាប់ថា ភ្នែករបស់ឪពុកខ្ញុំ តូចៗមាន២គន្លាក់ ធំៗដូចសត្វដំរីអ៊ីចឹង បានន័យថាភ្នែកប៉ាប៉ារបស់កូនដូចភ្នែក «ដំរី» ដូច្នេះហើយបានជាឪពុកខ្ញុំស្រលាញ់ ថ្នាក់ថ្នមម្តាយខ្ញុំ និងកូនៗដ៏ល្អបំផុត ។ ភាពល្អរបស់ឪពុកខ្ញុំ បានធ្វើឲ្យម្តាយខ្ញុំរស់នៅជាស្ត្រីមេម៉ាយចិញ្ចឹម កូនៗតែម្នាក់ឯងរហូតជិត២០ឆ្នាំដល់ពេលបច្ចុប្បន្ន បន្ទាប់ពីលោកចែកឋានទៅ ។ អ្នកម្តាយមិនព្រមទទួលអ្នកថ្មីមកជំនួសលោកជាប្តី ក៏ព្រោះតែគាត់បានប្រាប់ថា «ជាតិនេះគ្មានអ្នកណាល្អដូចឪពុករបស់កូនៗឡើយ» ។

អាចជានិស្ស័យដែលបណ្តាលឲ្យជួបបងស្រី ចិន្តា ជាប្រធានសមាគមអៃរាវត្តា ក្នុងកម្មវិធីជាច្រើននៃ CWEA ប៉ុន្តែមិនសូវបានចាប់អារម្មណ៍ថាបងស្រីធ្វើការជាមួយដំរីនេះយូរឆ្នាំមកហើយទេ ទើបតែបានចូលរួមក្នុងកម្មវិធីសមោសររៃអង្គាសដើម្បីអភិរក្សដំរីនៅស្ថានទូតបារាំងឆ្នាំ២០១៨ ហេីយក៏បានចូលរួមជាថវិកាមូលនិធិដែរ ។ ហើយ ថ្មីៗ នេះបងស្រីក៏បានអញ្ជើញនាងខ្ញុំ និងលោកហេរ៉ូ ចូលរួមជាពិធិករពិធីធីការិនី ក្នុងកម្មវិធីរាត្រីសមោសរឆ្នាំទី២ Le Raffle Hotel ។
ក្រោយមកដោយសារឃើញពីសកម្មភាពការងារសង្គម និងការចូលរួមលើកកម្ពស់ស្មារតីជាច្រើនរបស់នាងខ្ញុំ ទើបបងស្រីចិន្តា សម្រេចស្នើទៅក្រុមប្រឹក្សាភិបាល និងមកខ្ញុំផ្ទាល់ជាទូតសុច្ឆន្ទៈប្រចាំ Airavata Khmer Elephant Foundation »៕ (កែសម្រួលដោយ ៖ បុប្ផា)

ចែករំលែកព័តមាននេះ