រាជធានីភ្នំពេញ ៖ តូបកាត់ដេរសម្លៀកបំពាក់មួយនៅក្នុងផ្សារកាប់គោត្រូវបានឆ្លងចរន្តអគ្គីភ័យឆាបឆេះសម្ភារៈកាត់ដេរអស់ស្ទើរតែទាំងស្រុង បង្កការភ្ញាក់ផ្អើលដល់អាជីវករនៅក្នុងផ្សារកាប់គោនាំគ្នាជួយអន្តរាគមន៏គាស់ទ្វារយកបំពង់ពន្លត់អគ្គីភ័យបាញ់ពន្លត់ភ្លាមៗ កាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី៧ ខែមិថុនា នៅក្នុងផ្សារកាប់គោ តូបលេខ៥៩ ភូមិ៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
ម្ចាស់តូបកើតហេតុឈ្មោះ ផេន ផល្លី ភេទស្រី អាយុ៦០ឆ្នាំ ស្នាក់នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ បានជួលតូបទៅអោយអ្នកផ្សេងហើយ។
តាមប្រភពព័ត៌មានពីស្ត្រីម្នាក់ដែលជាអ្នកលក់បបរនៅមុខផ្សារកាប់គោបានប្រាប់អោយដឹងថា មុនកើតហេតុ គាត់បានជញ្ជូនអីវ៉ាន់ដើរឆ្លងកាត់តាមផ្លូវក្នុងផ្សារ ដោយដើរឆ្លងកាត់តូបកើតហេតុនោះ លុះពេលដើរទៅដល់តូបនោះស្រាប់តែមានចំហាយក្តៅ ហើយគាត់ក៏ឱនមើលតាមប្រលោះទ្វារ ឃើញមានអណ្ដាតភ្លើងឆេះនៅក្នុងតូប ក៏រត់ទៅហៅសន្តិសុខ និងប្រជាពលរដ្ឋដែលនៅក្បែរនោះនាំគ្នាមកគាស់ទម្លាយទ្វារ និងបានយកបំពង់ពន្លត់អគ្គីភ័យទៅបាញ់ពន្លត់ភ្លាមៗ ព្រមទាំងដងទឹកមកជះពន្លត់បន្ថែមទៀត ហើយភ្លើងក៏រលត់ទៅវិញដោយមិនបានឆេះរាលដាលទៅតូបផ្សេងឡើយ។
ហេតុការណ៍ខាងលើនេះដែរ ក្រុមអាជីករបានសន្និដ្ឋានថា បណ្តាលមកពីឆ្លងចរន្តអគ្គីសនីបង្កជាអណ្តាតភ្លើងឆេះក្រណាត់នៅក្នុងតូបនោះ ហើយបណ្តាលអោយរងការខូចខាតសម្ភារៈមួយចំនួននៅក្នុងតូបកាត់ដេរនោះផងដែរ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ