ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឡប់ពីចម្ការមកដល់បើកទ្វារផ្ទះ​ភ្លាម…​ម្ចាស់ភ័យធ្លាក់​ថ្លើម​ក្ឌុក​

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ជន​មិន​ស្គាល់​មុខ​ដែលអាច​មាន​បក្សពួក​លើស​ពី​២​នាក់ បាន​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​ប្រជា ពលរដ្ឋ​ចូល​លួច​យក​លុយ​និងគ្រឿងអលង្ការ​អស់​គ្មាន​សល់​ទាំង​ថ្ងៃ ខណៈ​ម្ចាស់ផ្ទះ​បិទទ្វារ​ទុក​ចោល​រវល់​ទៅ​ចម្ការដែល​គេ​សន្និដ្ឋាន​ថា ​អាច​កើតឡើង​នៅ​ចន្លោះ​ពី​ម៉ោង​១២ថ្ងៃត្រង់់​ ទៅ​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​១ ខែ មិថុនា…

ខេត្តបាត់ដំបង ៖ ជន​មិន​ស្គាល់​មុខ​ដែលអាច​មាន​បក្សពួក​លើស​ពី​២​នាក់ បាន​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​ប្រជា ពលរដ្ឋ​ចូល​លួច​យក​លុយ​និងគ្រឿងអលង្ការ​អស់​គ្មាន​សល់​ទាំង​ថ្ងៃ ខណៈ​ម្ចាស់ផ្ទះ​បិទទ្វារ​ទុក​ចោល​រវល់​ទៅ​ចម្ការដែល​គេ​សន្និដ្ឋាន​ថា ​អាច​កើតឡើង​នៅ​ចន្លោះ​ពី​ម៉ោង​១២ថ្ងៃត្រង់់​ ទៅ​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​១ ខែ មិថុនា នៅ​ក្នុងភូមិ​ជ្រៃ​កោង សង្កាត់​ស្លា​កែ​ត ក្រុង​បាត់ដំបង ។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​របស់​សមត្ថ កិច្ច ។

មន្ត្រី​នគរបាល​អធិការដ្ឋាន​ក្រុង​បាត់ដំបង​និយាយ​ថា ហេតុការណ៍​គាស់​លំនៅ​ឋាន​ពលរដ្ឋ​ចូលលួច​ទ្រព្យ សម្បត្តិ​នេះ បាន​កើតឡើង​នៅ​ពេល​ម្ចាស់ផ្ទះ​បិទទ្វារ​ទុក​ចោល​ហើយ​រវល់​ទៅ​ចម្ការ លុះ​ត្រឡប់​មក​វិញ​ពេល​ល្ងាច​ទើប​ដឹង និង​ប្ដឹង​ទៅសមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍ ។ ម្ចាស់ផ្ទះ​រង​គ្រោះ​ឈ្មោះ ជា កុសល ភេទ​ប្រុស អាយុ​៣១ឆ្នាំ ហើយ​ក្រោយ​ពី​មាន​ពាក្យបណ្តឹង មន្ត្រី​សមត្ថកិច្ច​បាន​ទៅ​កាន់​កន្លែង​កើតហេតុ​ភ្លាម​ៗ​ដើម្បី​ត្រួតពិនិត្យ ។ បើ​តាម​ការ​ពិនិត្យ​ជាក់ស្ដែង ជន​ដៃដល់​បានចូល​ទៅ​ក្នុង​របង​រួច​គាស់​ទ្វារ​ចូល​ទៅ​ខាង ក្នុង​ផ្ទះ ។

ក្រោយមក បាន​គាស់​ទ្វារ​បន្ទប់​ខាងក្នុង​ទៀត និងរើ​កកាយ​លួច​យក​លុយ​និង​គ្រឿងអលង្ការ​អស់​គ្មាន​សល់ ហើយ​គេចខ្លួន​ទៅ​បាត់​ដោយ​មិន​រំខានដល់​សមត្ថកិច្ច​ឡើយ​។ គេ​សង្ស័យ​ជន​ដៃដល់​អាច​មាន​បក្សពួក​យ៉ាង​តិច​២​នាក់ ក្នុង​ការ​ចូល​ធ្វើ​សកម្មភាព​គាស់​លំនៅ​ឋាន​នេះ ។ បើ​តាម​ការ​រៀបរាប់​របស់​ម្ចាស់ផ្ទះ ត្រូវ​បាន​សមត្ថកិច្ច​ស្រង់​សម្តី​ថា គាត់​មិន​បាន​នៅផ្ទះ​ទេ គឺ​បិទទ្វារ​ទុក​ចោល​ព្រោះ​រវល់​ទៅ​ចម្ការ ។

លុះ​ល្ងាច​ឡើង​ពេល​ត្រឡប់​មក​ពី​ចម្ការ​វិញ ស្រាប់តែ​ឃើញ​ទ្វារផ្ទះ​ត្រូវ​បាន​គេ​គាស់​ផ្ដាច់ ហើយ​ចូល​ទៅ​ក្នុង​បន្ទប់ ឃើញ​អីវ៉ាន់​រាយ​ប៉ាយ និង​មាន​ស្នាម​គាស់កកាយ ថែម​ទាំង​បាត់​លុយ​និង​គ្រឿងអលង្ការ​អស់​គ្មាន​សល់ ទើប​មានការ​ភ្ញាក់ផ្អើល និង​បានដឹង​យ៉ាង​ច្បាស់​ថា ពិតជា​មាន​ចោរ​ចូល​លួច​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ ក៏​រាយការណ៍​ប្ដឹង​ទៅ​សមត្ថកិច្ច​តែ​ម្ដង ។

ជាមួយ​គ្នា​នេះ ជន​រង​គ្រោះ​បាន​រាយការណ៍ប្រាប់​សមត្ថកិច្ច​អំពី​ទ្រព្យ​សម​ប្ប​ត្តិ​ដែល​បាត់បង់​រួម​មាន លុយ​៣០​លាន​រៀល​និង​១០០​ដុល្លារ ខ្សែ​ក​១​ខ្សែ និង​បន្តោង​ប្លា​ទី​ន​ដាំ​ត្បូង​ពេជ្រ​១ មាន​តម្លៃ​សរុប​១.៧៦០​ដុល្លារ ចិញ្ចៀន​ប្លា​ទី​ន​ដាំ​ត្បូង​ពេជ្រ​១​វង់ មាន​តម្លៃ​៦០០​ដុល្លារ ខ្សែដៃ​ប្លា​ទី​ន​១​ខ្សែ​មាន​តម្លៃ​៨៥០​ដុល្លារ និង​ខ្សែ​ក​មាស​១​ខ្សែ មាន​តម្លៃ​២.៧០០​ដុល្លារ ។

ជុំវិញ​ករណី​នេះ លោក​ឧត្តមសេនីយ៍ត្រី ជេ​ត វណ្ណ​នី ស្នងការ​រង​នគរបាល​ខេត្ត មាន​ប្រសាសន៍ថា ពិតជា​​មានការ​គាស់​លំនៅ​ឋាន​ចូល​លួច​ទ្រព្យសម្បត្តិ​របស់​ពលរដ្ឋ​មែន ។ ជន​ដៃដល់​អាច​មាន​បក្សពួក​២​នាក់ ទើប​អាច​ធ្វើ​សកម្មភាព​នេះ បាន ។ ប៉ុន្តែ​លោកស្នងការ​រង​មិន​ទាន់​អាច​ធ្វើការ​សន្និដ្ឋាន​ឲ្យ​ជាក់លាក់​បាន​ទេ អំពី​ការ​កំណត់​មុខសញ្ញា​ជនសង្ស័យ តែ​លោក​គ្រាន់តែ​បង្ហើប​ឲ្យដឹង​ខ្លះ​ៗ​ថា អាច​ជា​ក្រុម​ដែល​ធ្លាប់​ប្រព្រឹត្ត​កន្លង​មក​ដែល​មាន​មធ្យោបាយ​ដឹក​ជញ្ជូន​បក្សពួក​ទម្លាក់​ឲ្យ​ធ្វើ​សកម្មភាព​នេះ ។

ប៉ុន្តែ​បើ​តាម​ប្រភព​ពី​មន្ត្រី​ខ្លះ​វាយតម្លៃ​ថា ក្រុមជន​ដៃដល់​អាច​ជា​ជន​ដែល​ធ្លាប់​ធ្វើ​សកម្មភាព​បែប​នេះ​កន្លង​មក ហើយ​ក្រុម​ជនសង្ស័យ​នេះ ហាក់​កំពុង​ស្ថិត​ក្នុង​ក្រុង​បាត់ដំបង​តែ​ម្ដង ។ កន្លងមក នៅ​ក្នុងភូមិ​ជ្រៃ​កោង​នេះ​មាន​ក្រុម​ចោរ​គាស់​លំនៅ​ឋាន​ចូល​លួច​ទ្រព្យសម្បត្តិ​បែប​នេះ​ញឹកញាប់​បំផុត ដែល​កើតឡើង​ស្ទើរ​ទាំង​យប់​ទាំង​ថ្ងៃ ។

មានការ​កត់សម្គាល់​ផង​ដែរ​ពាក់ព័ន្ធ​នឹង​អំពើ​ចោរកម្ម​នេះ​ថា បើ​តាម​ការ​ពិនិត្យ​លើ​បទល្មើស​នានា​ដែល​បាន​កើត​មាន​ឡើង​នា​ពេល​កន្លង​មក នៅ​ក្នុង​ខេត្តបាត់ដំបង គឺ​ហាក់ដូចជា​មិន​ទាន់​មាន សញ្ញា​ណាមួយ​ដែល​អាច​បង្ហាញ​ថា មានការ​ថមថយ​ឡើយ ។ បើ​ពិនិត្យ​លើ​របាយការណ៍របស់​សមត្ថកិច្ច​សព្វថ្ងៃ​នេះ បទល្មើស​ដែល​បាន និង​កំពុង​កើតឡើង​បណ្ដាក់​គ្នា​មិន​ដាច់​នា​បច្ចុប្បន្ន​នេះ ភាគច្រើន​គឺជា​អំពើ​«​ចោរកម្ម​»​និង​បទ​ល្មើស​«​គ្រឿងញៀន​»​។

បទល្មើស​ចោរកម្ម​ដែល​កំពុង​កើត​ពេញបន្ទុក នៅ​ពេល​នេះ​មាន​ដូច​ជា «​ចោរឆក់ ចោរលួច ចោរ​កាច់​សោ​.​ក​ម៉ូតូ និង​ចោរ​គាស់​លំនៅ​ឋាន​។​ល​។​»​។ ដោយឡែក ជន​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​វិញ ក៏​កំពុង​ប្រណាំង​ប្រជែង​គ្នា​យ៉ាង​ខ្លាំង ក្លា​ដែរ ដែល​បទល្មើស​នេះ​កំពុង​រីក​រាលដាល​កាន់ តែ​ខ្លាំង​ឡើង​ៗ តាំងពី​ទីប្រជុំជន​រហូត​ដល់ទី​ជនបទ​ឆ្ងាយ​ដាច់​ស្រយាល ។

ទោះជា​យ៉ាងណា ចំពោះ​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន គេ​ពុំ​សូវ​ឃើញ​សមត្ថកិច្ច​បង្ក្រាប​បាន​ពួក​មេខ្លោង​ណាស់ ភាព​ច្រើន​បង្ក្រាប​បាន​តែពួក​ចែកចាយ ឬ​ជន​ជួញដូរ​បន្ត​ពី​មេខ្លោង​តែ​ប៉ុណ្ណោះ ហើយ​ក៏​មិន​ដែល​ឃើញ​សមត្ថកិច្ច​បន្ត​នីតិវិធី​តាម​ចាប់​បាន​មេខ្លោង​ដែរ ចាប់​បាន​ត្រឹមតែ​ពួក​ជួញដូរ​កំប៉ិកកំប៉ុក​បន្ត​ពី​មេខ្លោង ។ ឯចំពោះ​បទល្មើស​«​ចោរកម្ម​»​វិញ ភាគច្រើន​កើត ឡើង​នៅ​ក្នុង​ក្រុង​បាត់ដំបង និង​តាម​បណ្ដា​ស្រុក​មួយ​ចំនួន​ទៀត ។

ពាក់ព័ន្ធ​នឹង​បទល្មើស​ដែល​កំពុង​កើតឡើង​យ៉ាង​ពេញបន្ទុក​នេះ មន្ត្រី​ស្នងការដ្ឋាន​នគរបាល ខេត្ត​បាន​បង្ហើប​ថា លោក​អធិការ​ឬ​មន្ត្រី​ជំនាញ​តាម​ស្រុក​មួយ​ចំនួន បាន​ព្យាយាម​បិទ​បាំង​មិន​រាយការណ៍​ជួន​ថ្នាក់លើ​ទេ នៅ​ពេល​បទល្មើស​កើតឡើង​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ។ ពួក​គេ​មិន​ចង់​ឲ្យ​ថ្នាក់លើ​ដឹង​ថា ទឹកដី​ដែល​ខ្លួន​គ្រប់គ្រង​សម្បូរ​បទល្មើស​កើតឡើង​មិន​ឈប់ ឬ​ខ្លាច​គេ​រិះគន់​អំពី​ភាព​អសកម្ម​ដែល​ខ្លួន​ទប់ស្កាត់​ឬ​បង្ក្រាប​មិន​បាន ។ ដូច្នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​ជនល្មើស​នៅ​តែ​បន្ត​ដើរ​ប្រព្រឹត្ត​បទល្មើស​ជា​បន្តបន្ទាប់​បាន​ស្ទើរ​គ្រប់​ទីកន្លែង​តាម​ទំនើងចិត្ត ។

មន្ត្រី​ដដែល​ក៏​បាន​ផ្ដល់​ជា​យោបល់​ដែរ​ថា ដើម្បីគ្រប់​គ្រង់​មុខសញ្ញា និង​ឈាន​ដល់​ការ​បង្ក្រាប​មុខសញ្ញា​បាន លោក​អធិការ ឬ​មន្ត្រី​ជំនាញ​តាម​បណ្តា​ស្រុក ឬ​នៅ​ក្នុង​ក្រុង​បាត់ដំបង មិន​ត្រូវ​បិទ​បាំង​ ឬ​មិន​រាយ​ការណ៍​​បទល្មើស​ ដែល​បាន​កើត​មាន​ក្នុង​ទឹកដី​ខ្លួន​ទេ ត្រូវ​តែ​រាយការណ៍​ជួន​ទៅ​លោកស្នងការ និង​លោក​ស្នង​ការ​រង​ទ​ទូល​បន្ទុក ឬ​ជូន​ដល់​ការិយាល័យ​ជំនាញ​ឲ្យ​បានដឹង ដើម្បី​ពិភាក្សា​រក​វិធី​ដោះស្រាយ​និង​ចាត់​ការ​តាម​នីតិវិធី​ច្បាប់ មិន​ត្រូវ​នាំ​គ្នា​បិទ​បាំង​បទល្មើស ព្រោះតែ​ខ្លាច​ថ្នាក់លើ​ស្ដីបន្ទោស ឬ​ខ្លាច​គេ​រិះគន់​ថា
«​ខ្លួន​អន់ និង​អសមត្ថភាព​នោះ​ទេ បើ​មិន​ដូច្នេះ​ទេ បទល្មើស​នៅ​តែ​បន្ត​កើត​មាន​ដដែល​ៗ​កាន់តែ​ខ្លាំង​» ៕ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ