រាជធានីភ្នំពេញ ៖ ទីបំផុតលោកសម រង្ស៊ី អតីតប្រធានគណបក្សងសង្គ្រោះជាតិបានសម្រេចឲ្យអ្នកគាំទ្រខ្លួនចូលរួមហូបនំបញ្ចុក នៅថ្ងៃទី៩ ខែមិថុនានេះ ជាមួយសមាជិកគណបក្សប្រជាជនកម្ពុជា ។ លោកសម រង្ស៊ី បានសរសេរលើបណ្តាញសង្គម នៅវេលាយប់ថ្ងៃទី៣ ខែមិថុនាយ៉ាងដូច្នេះថា ៖«ទិវានំបញ្ចុកសាមគ្គី ។ ថ្ងៃអាទិត្យ ទី០៩ មិថុនា ខាងមុខនេះ សូមបងប្អូនជនរួមជាតិ និងកូនក្មួយទាំងអស់នៅប្រទេសកម្ពុជាជួបជុំគ្នាពិសានំបញ្ចុកជាមួយគ្នាយ៉ាងសប្បាយរីករាយទាំងអស់គ្នា ដោយគ្មានការភ័យខ្លាចអ្វីឡើយ» ។

លោកបានសរសេរទៀតថា សូមបងប្អូន និងកូនក្មួយ អញ្ជើញអ្នកជិតខាងមកទទួលទាននំបញ្ចុកនេះជាមួយយើងផង ហើយបើគេអញ្ជើញយើងទៅហូបជាមួយគេ សូមអញ្ជើញទៅដោយចិត្តរីករាយក្នុងស្មារតីភាតរភាព ពីព្រោះយើងទាំងអស់គ្នាជាមហាគ្រួសារខ្មែរតែមួយ ។

សូមជម្រាបថា ការលើកឡើងរបស់លោកសម រង្ស៊ី បន្ទាប់ពីសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីបានប្រកាសឲ្យសមាជិសមាជិកាគណបក្សនៅតាមមូលដ្ឋានទូទាំងប្រទេសហូបនំញ្ចុកនៅថ្ងៃទី៩ មិថុនា ឆ្នាំ២០១៩ខាងមុខនេះ ។ សម្តេចបានលើកឡើង កាលពីថ្ងៃទី៣ មិថុនាថាការកៀគររបស់ក្រុមប្រឆាំងឲ្យហូបនំបញ្ចុកនៅថ្ងៃទី៩ មិថុនា នោះមានចេតនាចង់ប្រមូលផ្តុំក្រុមប្រឆាំង ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ៕កែសម្រួលដោយ ៖សុឃាក់

ចែករំលែកព័តមាននេះ