រាជធានីភ្នំពេញ ៖ រឿងគ្រោះថ្នាក់ចៃដន្យមួយបានកើតឡើង បណ្ដាលឲ្យបុរសម្នាក់រងរបួសបាក់ជើងឆ្វេងម្ខាងយ៉ាងធ្ងន់ធ្ងរ និងត្រូវបានក្រុមសង្គ្រោះអង្គភាព៧១១ ចាត់បញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ ។ ក្នុងពេលដែលគាត់កំពុងជិះម៉ូតូតាមផ្លូវ ស្រាប់តែមានរថយន្តបែនធុនយក្ស១គ្រឿង បើកបរក្នុងល្បឿនលឿន និងក្នុងទិសដៅបញ្ច្រាសគ្នាបានដាច់កង់ក្រោយខាងឆ្វេង២គ្រាប់ ។ ពេលនោះកង់រថយន្តដែលដាច់បានរមៀលយ៉ាងលឿនបោះពួយទៅបុកគាត់ពេញទំហឹង បណ្ដាលឲ្យដួលបោកទៅលើថ្នល់ទាំងកម្រោល ហើយម៉ូតូ១កំណាត់មុនខូចខាតទាំងស្រុងតែម្ដង ។
ឧប្បត្តិហេតុនោះបានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៣ ស្ថិតនៅក្នុងភូមិព្រៃកី «ខ» សង្កាត់ពងទឹក រាជធានីភ្នំពេញ ។ បុរសរងគ្រោះខាងលើឈ្មោះ រឿន វីរៈ អាយុ២១ឆ្នាំ មុខរបរបើកបររថយន្តដឹកសម្ភារៈរោងចក្រ មានទីលំនៅក្នុងភូមិត្រពាំងយ៉ង ឃុំពារាម ស្រុកបាទី ខេត្តតាកែវ ។ គាត់ជិះម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GY-4010 ។
ចំណែករថយន្តបង្កម៉ាកនីស្សាន់ បែនពណ៌ស ពាក់ស្លាកលេខចង្កូតស្តាំ PP-2181 បើកបរដោយបុរសមិនស្គាល់ឈ្មោះម្នាក់ និងបានរត់គេចខ្លួនបាត់ស្រមោលចោលរថយន្ត ។ តាមប្រភពព័ត៌មានបានឲ្យដឹងថា វាដូចជាចៃដន្យពេកហើយ ដែលនៅមុនពេលកើតហេតុបុរសរងគ្រោះរូបនោះបានជិះម៉ូតូធ្វើដំណើរក្នុងទៅដៅពីត្បូងទៅជើង ដែលចាកចេញពីផ្ទះរបស់គាត់ឆ្ពោះទៅកន្លែងធ្វើការ ។ លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែមានរថយន្តបង្កខាងលើបើកបរក្នុងល្បឿនលឿនពីជើងទៅត្បូងបញ្ច្រាសទិសគ្នាទៅដល់ ស្រាប់តែដាច់កង់ក្រោយ២គ្រាប់ ។
ពេលនោះកង់រថយន្តដែលដាច់បានរមៀលបោះពួយយ៉ាងលឿនបុកជនរងគ្រោះ បណ្ដាលឲ្យដួលដួលច្រងាប់ច្រងិលរងរបួសបាក់ជើងឆ្វេងធ្ងន់ធ្ងរបែបនេះតែម្ដង ចំណែកម៉ូតូបានរងការខូចខាត១កំណាត់មុខខ្ទេចខ្ទី ។ ប្រភពខាងលើបានបន្តថា បន្ទាប់មករថយន្តខាងលើបានបន្តបើករត់គេចប៉ុន្តែ បានចម្ងាយប្រមាណជាង១០០ម៉ែត្រក៏បានឈប់បន្ទាប់មកអ្នកបើកបរបានចុះរត់គេចខ្លួនបាត់ស្រមោល ៕ កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ