ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បែប​មិន​ទាន់​មាន​​អ្នក​​​​ប្រកប​របរ​ចិញ្ចឹម​«សត្វ​កណ្ដូប»​​​ទេ ព្រោះ​​ចិញ្ចឹម​បែប​​ស្រមៃ

4 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ ជុំវិញ​ការ​ចិញ្ចឹម​កណ្ដូប​នេះ លោក សឺ​ន (ជា​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​​សត្វ​កណ្ដូប​​) ក៏​បាន​ធ្វើ ការ​ប៉ាន់​ប្រមាណ​ដែរ​ថា បើ​តាម​លោក​ដឹង​ទំនង​បែប​មិន​ទាន់​មាន​កសិករ​ខ្មែរ​ណា​ម្នាក់ ​ដែល​ប្រកប​របរ​ចិញ្ចឹមសត្វ​កណ្ដូបដូច​លោក​ទេ…

ខេត្តបាត់ដំបង ៖ ជុំវិញ​ការ​ចិញ្ចឹម​កណ្ដូប​នេះ លោក សឺ​ន (ជា​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​​សត្វ​កណ្ដូប​​) ក៏​បាន​ធ្វើ ការ​ប៉ាន់​ប្រមាណ​ដែរ​ថា បើ​តាម​លោក​ដឹង​ទំនង​បែប​មិន​ទាន់​មាន​កសិករ​ខ្មែរ​ណា​ម្នាក់ ​ដែល​ប្រកប​របរ​ចិញ្ចឹមសត្វ​កណ្ដូបដូច​លោក​ទេ សម្រាប់​នៅ​ប្រទេស​យើង​នេះ ។ ព្រោះ​នេះ​ ជា​ការ​ចិញ្ចឹម​បែប​ស្រមើរ​ស្រមៃ ដែល​លោក​មើលឃើញ​តាម​រយៈ You​Tube ដែល​ណែ នាំ​ដោយ​កសិករ​នៅ​ប្រទេស​ចិន​តែ​ប៉ុណ្ណោះ ។ ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ ​លោក​នឹង​ព្យាយាម​តស៊ូ​ជាមួយនឹង​សត្វ​កណ្ដូប​នេះ​បន្ត​ទៀត ក្រែង​ទ​ទូល​បាន​លទ្ធផល​ល្អ​ប្រសើរ​ ដូច​កាលដែល​លោក​ចិញ្ចឹមសត្វ​លើក​ដំបូង កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន ។

គួរបញ្ជាក់ថា នេះអាច​ចាត់​ទុក​ថា ​ជា​មុខរបរ​ដ៏​កម្រ​បំផុត​មួយ ហើយ​ទំនង​អាច​មាន​តែ​មួយកន្លែង​គត់ សំរាប់​​ប្រទេស​កម្ពុជា ដែល​កសិករ​ម្នាក់​បាន​សម្រេច​បោះបង់​មុខរបរ​ចិញ្ចឹម​«​សត្វ​គ្រួច​» ដោយសារ​តែ​ទីផ្សារ​កាន់តែ​តូច​ចង្អៀត ហើយ​ងាក​មក​ផ្ដូ​ច​ផ្ដើមគំនិត​បើក​កសិដ្ឋាន​ចិញ្ចឹម​«​សត្វ​កណ្ដូប​»​ដ៏​ធំដុំ​មួយ​កន្លែង​វិញ ដោយ​គ្រាន់តែ​បាន​ចេះ​ចាំ​ខ្លះ​ៗ ពី​ការ​ណែនាំនៃ​វិធី​ចិញ្ចឹម​«​សត្វ​កណ្ដូប​»នេះ ​តាម​រយៈ​ការ​មើល​«You Tube» ដែល​រៀបចំ​បង្ហាញ​ដោយ​កសិករ​នៅ​ប្រទេស​ចិន ។

ពិតមែនតែ​ការ​បើក​កសិដ្ឋាន​ចិញ្ចឹម​«​សត្វ​កណ្ដូប​»នេះ ​មិន​ទាន់​ទ​ទូល​បាន​ជោគជ័យ​ជា​ដុំ​កំ​ភួន​នៅឡើយ​ក្តី ប៉ុន្តែ​ម្ចាស់​កសិដ្ឋាន​នេះ​ បាន​អះអាង​ថា «​ពេល​នេះ ​ខ្ញុំ​កំពុង​ប្រឹងប្រែង​យ៉ាង​ខ្លាំង ក្នុង​ការ​ស្វះ​ស្វែងរក​វិធី សាស្ត្រ​នៃ​ការ​ចិញ្ចឹមសត្វ​កណ្ដូប​នេះ​» ។ នេះ​ជា​ការ​លើក​ឡើង​របស់​កសិករ​ម្នាក់​ឈ្មោះ​សឺ​ន ភេទ​ប្រុស ដែល​ជា​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​«​សត្វ​កណ្ដូប​» នៅ​ក្នុង​ឃុំ​ស្ដៅ ស្រុក​រតន​មណ្ឌល ។

កសិករ​វ័យ​៥០​ឆ្នាំ​ផ្លា​យ​រូប​នេះ​បាន​និយាយ​ថា នេះ​គ្រាន់តែ​ជា​ការ​សាកល្បង​យ៉ាង​ប្រថុយប្រថាន​បំផុត ក្នុង​ការ​បើក​ទីតាំង​ចិញ្ចឹម​«​សត្វ​កណ្ដូប​» ខណៈ​កន្លង​ទៅ​គាត់​មិន​ធ្លាប់​ចិញ្ចឹមសត្វ​ប្រភេទ​នេះ​ទាល់តែ​សោះ ។ គាត់​និយាយ​ថា កន្លង​ទៅ​គាត់​ធ្លាប់តែ​ចិញ្ចឹមសត្វ​គ្រូ​ច មាន់​ឬ​សត្វ​ពពែ ប៉ុន្តែ​ជាង​២​ឆ្នាំ​កន្លង​ទៅ​នេះ គាត់​បាន​បោះបង់​មុខរបរ​ចិញ្ចឹមសត្វ​គ្រូ​ច ដោយសារ​តែ​ទីផ្សារ​កាន់តែ​តូច​ចង្អៀត​ទៅ​ៗ ។

លោក សឺ​ន បាន​និយាយ​ពី​គំនិត​ផ្ដូ​ច​ផ្ដើម​ចិញ្ចឹម​កណ្ដូប​នេះ​យ៉ាង​ដូច្នេះ​ថា «​តាំងពី​ដើម​រហូត​មក ខ្ញុំ​មិន​ដែល​នឹកឃើញ​ពីមុខ​របរ​ចិញ្ចឹមសត្វ​កណ្ដូប​នេះ​ទេ តែ​ខ្ញុំ​បាន​ឆែក​រក​ឃើញ​ពី​របៀប​ចិញ្ចឹម​កណ្ដូប​នេះ​នៅ​ក្នុង YouTube​ដែល​រៀបចំ​ឡើង​ដោយ​កសិករ​នៅ​ប្រទេស​ចិន ។ ស្រប​ពេល​ដែល​ទីផ្សារ​សត្វ​គ្រូ​ច​កាន់តែ​រួម​តូច​ចង្អៀត​ផង ទើប​ខ្ញុំ​សម្រេច​បោះបង់​របរ​ចិញ្ចឹម​គ្រួ​ចនេះ​ជា​បណ្ដើរ​ៗ ហើយ​ងាក​មក​ចាប់ផ្ដើម​រៀបចំ​ទីតាំង​ចិញ្ចឹមសត្វ​កណ្ដូប​នេះ​ម្ដង​វិញ » ។ កសិករ​រូប​នេះ​បញ្ជាក់​ដែរ​ថា «​ខ្ញុំ​បាន​យកចិត្តទុកដាក់​តាមដាន​ពី​ការ​ណែនាំ​ដោយ​សង្ខេប អំពី​វិធីសាស្ត្រ នៃ​ការ​ចិញ្ចឹមសត្វ​កណ្ដូប​នេះ ដែល​រៀបរាប់​ពី​ទីតាំង​ចិញ្ចឹម របៀប​ធ្វើ​រោង របៀប​ចិញ្ចឹម និង​ការ​ថែទាំ​» ។

កណ្ដូប គឺជា​សត្វ​ដែល​រស់នៅ​ជាមួយនឹង​ធម្មជាតិ ព្រៃ​ភ្នំ​នៅ​គ្រប់​ទីកន្លែង ហើយ​វា​ស៊ី​ស្មៅ​ឬ​ស្លឹកឈើ​ជា​អាហារ ។ បើ​តាម​ការ​ពិនិត្យ សត្វ​កណ្ដូប​ដែល​កសិករ​ចិញ្ចឹម​នេះ វា​គឺជា​សត្វ​កណ្ដូប​រស់នៅ​ក្នុង​ព្រៃ​ឬ​នៅ​តាម​ចម្ការ ដែល​អ្នកស្រុក​ធ្លាប់​ប្រទះ​ឃើញ​រាល់ថ្ងៃ ហើយ​ធ្លាប់​ចាប់​លក់ដូរ​ទៀត​ផង ។ អ្នកស្រុក​តែង​ហៅ​ឈ្មោះ​ទៅ​តាម​តំបន់​ថា ជា​សត្វ​«​កណ្ដូប​ប៉ា​រ៉ា ឬ​កណ្ដូប​ត្រប់​» ។

នៅ​ខេត្តបាត់ដំបង​គេ​តែង​ប្រទះ​ឃើញ​សត្វ​កណ្ដូប​ប្រភេទ​នេះ ភាគច្រើន​រស់នៅ​តាម​ចម្ការពោត ឬ​នៅ​តាម​កន្លែង​ដែល​សំបូរ​ស្មៅ​ឬ​ដើម​ត្រែង ។ បើ​ពិនិត្យ​ពី​ជីវិត​រស់នៅ នៃ​ពពួកសត្វ​កណ្ដូប​នេះ​ហាក់​ងាយ​ស្រូល​ក្នុង​ការ​ចិញ្ចឹម​បំផុត ព្រោះ​វា​ស៊ី​តែ​ស្មៅ​ឬ​ស្លឹកឈើ​ផ្សេង​ៗ​ជា​អាហារ ។ ប៉ុន្តែ​ផ្ទុយ​ពី​ការ​មើលឃើញ​ជាក់ស្ដែង នៃ​សត្វ​កណ្ដូប​នេះ ចំពោះ​កសិករ​ដែល​ចិញ្ចឹម​កណ្ដូប​នេះ​វិញ បាន​បង្ហាញ​ពី​ផលវិបាក​ខ្លះ​ៗ នៅ​ពេល​គាត់​បាន​ឆ្លងកាត់ នៃ​ការ​ចិញ្ចឹម​សាកល្បង​អស់​មួយ​រយៈ​កន្លង​ទៅ​នេះ ។

លោក​សឺ​ន ហាក់​គ្មាន​ពេល​ផ្ដល់​បទ​សម្ភាស​ន៏​តាម​ស​ម្រូ​ល​ជាមួយ​កោះសន្តិភាព​ទេ ដោយសារ​រវល់​ខ្លាំង​នឹង​ចំណី​កណ្ដូប តែ​គាត់​អាច​និយាយ​បាន ដោយ​ដៃ​កាន់​ក​ណ្ឌៀ​វ​កាត់​ស្មៅ​បណ្ដើរ​និយាយ​បណ្ដើរ​យ៉ាង​ដូច្នេះ​ថា «​ការ​ចិញ្ចឹម​កណ្ដូប​ងាយ​ស្រូល​ទេ វា​ស៊ី​តែ​ស្មៅ​មួយ​មុខ​ប៉ុណ្ណោះ តែ​វា​ស៊ី​ស្មៅ​ច្រើន​ខ្លាំង​បំផុត ក្នុង​មួយ​ថ្ងៃ​ៗ​អស់​រាប់រយ​គីឡូក្រាម​» ។ ដៃ​ម្ខាង​កាន់​បាច់​ស្មៅ​ត្រកង​ទ្រ​ដោយ​ផ្លែ​កណ្ដៀវ ដើរ​សំដៅ​ទៅ​កាន់​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​កញ្ចាស់​របស់​គាត់​ដែល​ដឹក​ស្មៅ លោក​សឺ​ន បាន​គ្រវីក្បាល ហើយ​ពោល​ថា «​ការ​ចិញ្ចឹម​មិនសូវ​ពិបាក​ទេ ព្រោះ​វា​ស៊ី​តែ​ស្មៅ​មួយ​មុខ តែ​ខ្ញុំ​នឿយហត់​នឹង​ការ​រក​ស្មៅ​ឲ្យ​កណ្ដូប​ស៊ី​ណាស់ ព្រោះ​វា​ស៊ី​ស្មៅ​ចង់​ច្រើន​ជាង​សត្វ​គោ​ទៅ​ទៀត​» ។

បើ​ទោះជា​ការ​ច​ញ្ចឹ​ម​កណ្ដូប​នេះ​ជួប​ផលវិបាក​ខ្លះ​ៗ​ក្តី ប៉ុន្តែ​កសិករ​រូប​នេះ​បាន​ប្រាប់​ថា ការ​ចាប់ផ្ដើម​ចិញ្ចឹម សត្វ​កណ្ដូប​នេះ​បាន​រយៈពេល​ជិត​២​ឆ្នាំ​កន្លង​មក​ហើយ​មែន ប៉ុន្តែ​នៅ​មិន​ទាន់​ទ​ទូល​បាន​ផ្លែផ្កា​ទេ ព្រោះ​កំពុង​ស្ថិត​នៅ​ក្នុង​គម្រោង​សាកល្បង​នៅឡើយ ។ បច្ចុប្បន្ន​នេះ ​គាត់​បាន​ពង្រីក​ទ្រុង ឬ​រោង​ចិញ្ចឹម​កណ្ដូប​នៅ​ក្នុង​កសិដ្ឋាន​បាន​ប្រមាណ​ជាង​២០​កន្លែង នៅ​លើ​ផ្ទៃដី​ជាង​កន្លះ​ហិ​កតា ។

សត្វ​កណ្ដូប​ដែល​កំពុង​ចិញ្ចឹម​ទាំង​មេ​ពូជ​និង​កូន​ទើប​ញាស់ រៀបចំ​ពង្រីក​ដាក់​ទ្រុង​បាន​ត្រិ​ម​៤​ឬ​៥​ទ្រុង​តែ​ប៉ុណ្ណោះ ដែល​រោង​ឬ​ទ្រុង​នីមួយ​ៗ​មាន​ទំហំ​៥​ម៉ែត្រ​គុណ​នឹង​១២​ម៉ែត្រ ។ គាត់​បាន​បញ្ជាក់​ដែរ​ថា កាល​ដំបូង​ឡើយ​គាត់​បាន​ទិញ​ពូជ​កណ្ដូប​នេះ​ពី​ប្រជាពលរដ្ឋ​ដែល​ដើរ​ចាប់​តាម​ចម្ការ​យក​ទៅ​លក់ ហើយ​កាលនោះ​គាត់​បាន​ទិញ​សត្វ​កណ្ដូប​ដែល​នៅ​រស់ តែ​ប៉ុន្មាន​គីឡូ​ប៉ុណ្ណោះ​យក​មក​ចិញ្ចឹម​និង​បាន​បន្ត​ពូជ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ។

លោក សឺ​ន បាន​និយាយ​ថា បើ​ពិនិត្យ​លើ​ជីវិត​រស់នៅ​ពិតប្រាកដ​របស់​សត្វ​កណ្ដូប​ដែល​នៅ​ក្នុង​ព្រៃ ហាក់​មិន​លំបាក​ចិញ្ចឹម​ទេ ព្រោះ​វា​ស៊ី​តែ​ស្មៅ តែ​នៅ​ពេល​យក​វា​មក​ចិញ្ចឹម​នៅ​ក្នុង​ទ្រុង​ឬ​នៅ​ក្នុង​រោង​ដែល​គ្រប​ជិត​ដោយ​សំពត់​ស្បៃ​ជ័រ វា​អាច​ជួប​បញ្ហា​ច្រើន​គួរសម​ដែរ ។ គាត់​និយាយ​ថា សព្វថ្ងៃ​អ្វី​ដែល​ជា​បញ្ហា​គឺ​សត្វ​កណ្ដូប​ងាប់​ដោយ​មិន​ទាន់​ដឹង​មូលហេតុ សត្វ​ស្រមោច​ឬ​កណ្តុរ​វា​ខាំ​ស៊ី​កណ្ដូប​ផ្ទាល់​ដី រីឯ​សត្វ​ស្លាប​វា​ទុំ​ចឹក​ទម្លុះ​ស្បៃ​ផ្នែក​ខាងលើ​ដើម្បី​ស៊ី​កណ្ដូប និង​ធ្វើ​ឲ្យ​សត្វ​កណ្ដូប​អាច​ហើរ​ចេញពី​ទ្រុង​បាន​ដូច្នេះ​ត្រូវការ​មើលថែ​ទាំ​ណាស់ ។

កសិករ​ដែល​មាន​ជំនាញ​ខាង​ចិញ្ចឹមសត្វ​រូប​នេះ បាន​បង្ហាញ​ពី​ការ​ព្យាយាម​តស៊ូ​ដោយ​អំណត់​ចំពោះ​ការ​ចាប់​អាជីព​ចិញ្ចឹម​កណ្ដូប​នេះ ព្រោះ​គាត់​យល់​ថា បច្ចុប្បន្ន​សត្វ​កណ្ដូប​មាន​ទីផ្សារ​ល្អ ហើយ​ទំនង​ក៏​គ្មាន​អ្នក​ចិញ្ចឹម​ទៀត​ផង ។ ជាមួយនឹង​ការ​យល់​ឃើញ​បែប​នេះ លោក​សឺ​ន បាន​និយាយ​ថា ប៉ុន្មាន​ខែ​មុន​នេះ លោក​ធ្លាប់​លក់​សាកល្បង​អស់​ជា​ច្រើន​គីឡូ​ដែរ ដោយ​១​គីឡូក្រាម​លក់​បាន​តម្លៃ​ជិត​២​ម៉ឺន​រៀល ថ្លៃ​ជាង​សត្វ​គ្រូ​ច ហើយ​សម្បូរ​ទីផ្សារ​ទៀត​ផង ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ