តូក្យូ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបញ្ជាក់អះអាងនៅចំពោះមុខអ្នកសារព័ត៌មាននៅជប៉ុនថា ការទទួលបានប្រាក់កម្ចីរបស់ចិនមកអភិវឌ្ឍន៍កម្ពុជាលើគ្រប់វិស័យ មិនមែនមានន័យថាប្រទេសកម្ពុជានឹងបាត់បង់ឯករាជ្យភាពរបស់ខ្លួន ឬធ្លាក់ចូលក្នុងអន្ទាក់បំណុលចិននោះទេ ។ អ្វីដែលសំខាន់នោះនៅក្នុងឆ្នាំ ២០១៨ កន្លងទៅ គឺការវិនិយោគផ្ទាល់ពីបរទេសចូលមកកម្ពុជា មានការកើនឡើងដល់ទៅ ១០% ធៀបនឹងឆ្នាំមុន គឺមានទំហំជាង ៣,០ ប៊ីលានដុល្លារអាមេរិក ដែលត្រូវបានបង្ហូរទៅក្នុងវិស័យហិរញ្ញវត្ថុ, ទូរគនាគមន៍, អចលទ្រព្យ និង ទំនិញកម្មន្តសាលមិនមែនវាយនភ័ណ្ឌ ។
សម្តេចតេជោបានថ្លែងនៅក្នុងសន្និសីទអន្តរជាតិ នៅប្រទេសជប៉ុនលើកទី២៥ ស្តីពី«អនាគតរបស់អាស៊ី» នាទីក្រុងតូក្យូនៅថ្ងៃទី៣០ ខែឧសភា ម្សិលមិញនេះថា សម្រាប់កម្ពុជាអាចរក្សាអធិបតេយ្យរបស់ខ្លួនបាន នៅពេលខ្ចីប្រាក់ពីប្រទេសចិន ក៏ដូចជាប្រទេសផ្សេងទៀត ស្របតាមគម្រោងដែលកម្ពុជាត្រូវការ។ សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងបញ្ជាក់យ៉ាងច្បាស់ៗថា «ខ្ញុំបានលឺគេនិយាយរឿងនេះជាច្រើនថា កម្ពុជាអាចនឹងធ្លាក់ក្នុងអន្ទាក់បំណុលរបស់ចិន។ និយាយមួយបែបមិនមែនជាបញ្ហាផ្លូវមួយក្រវ៉ាតមួយនោះទេ ក៏ប៉ុន្តែខ្ញុំអាចបញ្ជាក់ថាមិនដល់ថ្នាក់ហ្នឹងនោះទេ»។ សម្តេចបានថ្លែងបន្តថា «ប្រទេសខ្លះជំពាក់បំណុលគេរហូតដល់ ២០០ ភាគរយ ទៅ៣០០ភាគរយ ឬ៥០០ ភាគរយនៃផលិតផលក្នុងស្រុក (GDP) ប៉ុន្តែមិនបានជំពាក់ចិនឯណា វាមិនមែនជាអន្ទាក់ចិនទេ»។ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាបានបន្តថា សម្រាប់កម្ពុជា យើងរក្សាបាននូវអធិបតេយ្យរបស់យើងក្នុងការខ្ចី គឺខ្ចីទៅតាមគម្រោង ដែលកម្ពុជាត្រូវការ ហើយចិនគោរពនូវការសម្រេចរបស់យើង។ ការខ្ចីនេះ កម្ពុជាមានការប្រុងប្រយ័ត្នខ្លាំងណាស់ ដោយមកដល់ពេលនេះ កម្ពុជាទើបនឹងខ្ចីគេស្មើនឹង២១,៥ភាគរយប៉ុណ្ណោះ នៃអនុបាត៤០ភាគរយ ដែលអនុញ្ញត្តិឲ្យខ្ចី។
សម្តេចតេជោ ហ៊ុន សែន ពន្យល់ថា «យើងខ្ចីប្រាក់កម្ចីសម្បទានពីប្រទេសចិន ដោយសារមានអត្រាការប្រាក់ទាប និងផ្តល់ប្រាក់សំណងរយៈពេលយូរ» ។ រដ្ឋាភិបាលកម្ពុជាបានអនុម័តវិនិយោគផ្ទាល់ ពីបរទេសប្រមាណ៧៧ភាគរយពីប្រទេសចិន។ ប្រទេសចិនមិនត្រឹមតែក្លាយទៅជាដៃគូពាណិជ្ជកម្ម ដ៏ធំបំផុតរបស់កម្ពុជាប៉ុណ្ណោះទេ ថែមទាំងជាអ្នកវិនិយោគបរទេសដ៏ធំបំផុត និងម្ចាស់ជំនួយទ្វេភាគីតាមរយៈការនាំចូលអង្ករកម្ពុជា និងប្រភពដើមនៃភ្ញៀវទេសចរបរទេស។
យោងតាមក្រុមហ៊ុន Knight Frank Cambodia ដែលជាក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យឈានមុខគេនៅក្នុងប្រទេសកម្ពុជាបានឲ្យដឹងថា កម្ពុជាទទួលបានការវិយោគពីចិនចំនួន ៣.៨ពាន់លានដុល្លារអាមេរិកកាលពីឆ្នាំមុន ក្នុងការអភិវឌ្ឍអចលនទ្រព្យនិងគម្រោងផ្លូវហាយវេ។ គម្រោងថវិការរាប់ពាន់លានដុល្លារសហរដ្ឋអាមេរិក វិនិយោគរបស់ចិននៅក្នុងប្រទេសកម្ពុជា ដែលធ្វើឲ្យប្រទេសនេះជិតថិតនៅកំពូល នៃប្រទេសក្នុងតំបន់អាស៊ាន។ គម្រោងវិនិយោគធំៗរបស់ចិន នាពេលបច្ចុប្បន្នភាគច្រើនវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលមានទឹកប្រាក់ប្រមាណ ២.០៨ ពាន់លានដុល្លារសហរដ្ឋអាមេរិក លើផ្លូវហាវេពីភ្នំពេញទៅខេត្តព្រះសីហនុ ដែលជាផ្លូវដ៏សំខាន់ក្នុងកដឹកជញ្ជូនទំនិញរបស់កម្ពុជា វិស័យសំណង់ និងអចលនទ្រព្យ វិស័យទេសចរណ៍ ថាមពលអគ្គិសនី និងកសិកម្មជាដើម៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ