រាជធានីភ្នំពេញ៖ អ្នកនាងស្វែង សុជាតាជាតារាមានទេពកោសល្យសម្តែងខ្ពស់ ជាទីគាប់ចិត្តអ្នកដឹកនាំរឿង និងទស្សនិកជន ។ អ្នកនាងសុជាតា តែងតែមានឱកាសសម្តែងឲ្យផលិតករបរទេសជា រឿយៗក្នុងតម្លៃខ្លួនខ្ពស់ និងភាពយន្តក្នុងស្រុកទាំងរឿងភាគ និងរឿងដុំ ។
អ្នកនាងស្វែង សុជាតា និយាយថា តារាភាគច្រើនដែលមានឱកាសថតបានតម្លៃខ្ពស់ ក្នុងរឿងណាមួយ ដូចជានាងពិតជាមិនត្រលប់មកថតរឿងភាគ ឬរឿងអប់រំ ដែលមានតម្លៃមិនសូវខ្ពស់នោះទេ។ ប៉ុន្តែសម្រាប់នាង គឺបែងចែកគ្នាច្បាស់លាស់ ដោយនាងនឹងកាត់ថ្លៃខ្ពស់សម្រាប់ផលិតករបរទេស ហើយសម្រាប់ភាពយន្តក្នុងស្រុក គឺឲ្យតែបានតម្លៃសមរម្យ នាងនឹងថតហើយ។ ជាក់ស្ដែងសម្រាប់រឿងភាគទូរទស្សន៍ ប្រសិនបើនាងតម្កើងឫកទាល់តែថ្លៃបានថត គឺនាងពិតជាមិនទទួលថតរឿងភាគនោះទេ ។
ជាក់ស្តែងអ្នកនាងស្វែង សុជាតា បានចូលរួមសម្តែងក្នុងខ្សែភាពយន្តហុងកុង វាជាភាពយន្តថ្មីមួយទៀតដែលនាងចូលរួមសម្តែង ។ កាលពីពេល ថ្មីៗកន្លងមក អ្នកនាងសុជាតា និយាយថា ទោះធ្លាប់បានសម្តែងរឿងឱ្យបរទេសជាច្រើនកន្លងមកក្តី តែនេះគឺជាលើកទីមួយហើយ ដែលបានចូលរួមសម្តែងរឿងឱ្យផលិតកម្មហុងកុង ដោយដើរតួជាម៉ែដោះរបស់តួអង្គ «អាម៉ាប់តូច» ដែលរឿងនោះនិយាយជាភាសាចិនតែម្តង តែនាងមិនចេះចិន ទេ ។ ការមានឱកាសសម្តែងរឿងហុងកុងនេះ ដោយសារស្គាល់គ្នាជាមួយផលិតករចិន រួមផ្សំទាំងគេមើលឃើញពីសមត្ថភាព និងទេសពកោសល្យសម្តែងរបស់នាងផង ។ អ្វីដែលសំខាន់ការចូលរួមសម្តែងលើកដំបូងនេះ គឺដើម្បីទទួលយកបទពិសោធប៉ុណ្ណោះ ព្រោះមិនមានពេលវេលាថតជាមួយគ្នាយូរទេ ដោយសារជាប់កិច្ចសន្យាសម្តែងឱ្យរឿងផ្សេងទៀត ។
ក្រៅពីនេះអ្នកនាងស្វែង សុជាតា បានចូលរួមសម្តែងជាតួឯកក្នុងរឿង«ធាតុយាយខ្ញុំ» ។ ផលិតករអះអាងថា នាងត្រូវបានឲ្យដើរតួជាមេម៉ាយវ័យជ្រេ ដែលចង់បានទ្រព្យសម្បត្តិម្ដាយ ហើយគ្រាន់តែបានដឹងថា ម្ដាយចែកទ្រព្យឲ្យខ្លួនមិនស្មើបងប្អូន ក៏ប្រើចរិតរមិលគុណ យកម្ដាយទៅទុកចោលពេលឈឺ បណ្ដាលឲ្យគាត់ស្លាប់បិទភ្នែកមិនជិត ក្លាយជាខ្មោចកាចសាហាវ លងបន្លាច ចៅៗ និងចងពៀរកូនចៅពេញក្នុងផ្ទះ។
នេះអាចចាត់ទុកជាភាពយន្តទី១ ដែលអ្នកនាងស្វែង សុជាតា ត្រូវផលិតករឲ្យសម្ដែងតួឯក។ លោកស៊ុម ភារិន ម្ចាស់ផលិតកម្មបដិហារ្យ ជាផលិតករបានអះអាងថា តារាវ័យជ្រេមិនមែនសុទ្ធតែមិនអាចជ្រើសឲ្យដើរតួឯកនោះទេ សំខាន់ឲ្យតែត្រូវសាច់រឿង។ ជាក់ស្ដែងក្នុងរឿង«ធាតុយាយខ្ញុំ» ដែលនឹងដាក់បញ្ចាំងលក់សំបុត្រនៅថ្ងៃទី៣០ ឧសភា នេះ សាច់រឿងផ្តោតសំខាន់ទៅលើអ្នកនាងស្វែង សុជាតា ។ នាងត្រូវបានជ្រើសឲ្យដើរតួឯក ខណ:ដែលនាយគ្រឿន ក៏ជាតួឯកមួយរូបដែរ តែផ្នែករំលេចឈុតឆាកកំប្លុកកំប្លែង។
ប្រភពដដែលថាភាពយន្តទាំងមូលនឹងមានរសជាតិទាក់ភ្នែក ដោយសារតែអ្នកនាងស្វែង សុជាតា ក៏ពូកែសម្ដែង ហើយនាយគ្រឿន ក៏ពូកែកំប្លុកកំប្លែង ។ ធានាថា ក្រៅពីមានឈុតឆាកភ័យរន្ធព្រឺព្រួចឆ្អឹងខ្នង ឈុតឆាកកម្សត់ និងខ្លឹមសារអប់រំ ឈុតឆាកកំប្លែងស្ងួតរបស់នាយគ្រឿន ពិតជាធ្វើឲ្យភាពយន្តទាំងមូល ត្រូវចិត្តអ្នកទស្សនា ។ រំពឹងថា ភាពយន្តរឿង«ធាតុយាយខ្ញុំ» នឹងនឹងក្លាយជារសជាតិថ្មី សម្រាប់ភាពយន្តខ្មែរ ។
លោកស៊ុម ភារិន បន្តថា «សម្អាងលើចំណុចសំខាន់៤ គឺកំប្លែង ភ័យរន្ធត់ កម្សត់ និងអប់រំពីភាពអកតញ្ញូរបស់កូនចំពោះអ្នកមានគុណ ហើយដោយយោងលើទេពកោសល្យសម្ដែងដ៏ល្អរបស់អ្នកនាងស្វែង សុជាតា នាយគ្រឿន និងតួអង្គផ្សេងទៀត បូករួមទាំង ក្មេងៗផងជឿយ៉ាងខ្លាំង ថារឿង«ធាតុយាយខ្ញុំ» នឹងជោគជ័យនៅក្នុងរោងកុន ស្របគ្នាដែលផ្នែកបច្ចេកទេស និងស្ដង់ដារក្នុងការផលិតមួយរឿងនេះក៏ត្រូវបានសម្រាំងជាងមុន ដើម្បីប្រកួតប្រជែង »៕
ចែករំលែកព័តមាននេះ