រាជធានីភ្នំពេញ ៖ ក្រុមប្រតិភូវិនិយោគិនចិនធំៗជាច្រើន គ្រោងវិនិយោគលើវិស័យសំខាន់ៗជាច្រើននៅកម្ពុជា រួមមានវិស័យសុខាភិបាល កសិកម្ម បច្ចេកវិទ្យានិងការរ៉ុករករ៉ែនៅកម្ពុជាជាដើម។ នេះជាការលើកឡើងលោក កាង ជូសៀង អគ្គនាយកមជ្ឈមណ្ឌលទំនាក់ទំនងវប្បធម៌ រូបិយប៉េកាំង និងជាអគ្គលេខាធិការ នៃសមាគមស្រាវជ្រាវផ្នែកសុខាភិបាលចិននៅក្នុងជំនួបពិភាក្សាជាមួយលោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅទីស្ដីការក្រសួងការងារ នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ ។
លោក កាង ជូសៀង បានលើកឡើងថា ការមកទស្សនកិច្ចនៅកម្ពុជានាពេលនេះ គឺមានគោលបំណងសិក្សា ពីឱកាសវិនិយោគលើវិស័យមួយចំនួននៅកម្ពុជារួមមាន៖ ការវិនិយោគលើផ្នែកសុខាភិបាល ដូចជា ការបង្កើតមន្ទីរពេទ្យដែលមានបច្ចេកវិទ្យាព្យាបាលកម្រិតខ្ពស់ ការវិនិយោគលើវិស័យកសិកម្ម ដូចជាការដាំដុះរុក្ខជាតិឱសថបុរាណចិន ការបង្កើតរោងចក្រកែច្នៃរុក្ខជាតិឱសថ ការបង្កើតរោងចក្ររចនាឡូហ្គោ និងព្រីនខ្នាតធំជាដើម។
លោកកាង បានបញ្ជាក់ថា គោលបំណងចង់វិនិយោគនៅកម្ពុជានេះ ដោយសារអ្នកវិនិយោគចិន សម្លឹងមើលឃើញពីតម្រូវការចាំបាច់ ដែលមាននៅកម្ពុជា ជាពិសេសសេវាសុខាភិបាល ដើម្បីកាត់បន្ថយការចេញទៅព្យាបាលនៅក្រៅប្រទេស។ មួយវិញទៀត កាវិនិយោគនេះក៏ស្របតាមគោលនយោបាយ «ខ្សែក្រវាត់ និងផ្លូវ» តាមយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលចិន ដើម្បីជំរុញទំនាក់ទំនងយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន។
ជាការឆ្លើយតបលោក អុិត សំហេង បានសម្ដែងនូវការស្វាគមន៍ចំពោះវិនិយោគចិនដែលមានបំណងចង់មកវិនិយោគនៅកម្ពុជា នាពេលខាងមុខនេះ ដើម្បីឆ្លើយតបទៅនឹងតម្រូវការចាំបាច់នៅកម្ពុជា ពិសេសពង្រឹងវិស័យសុខាភិបាលឱ្យកាន់តែមានប្រសិទ្ធភាព។លោករដ្ឋមន្ត្រីបន្តថា «ការវិនិយោគនេះ ក៏នឹងផ្ដល់សារៈសំខាន់ និងបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋកម្ពុជាជាច្រើន ពិសេសជួយជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជាឱ្យតែកាន់រីកចម្រើនឡើងបន្ថែមទៀត» ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ