ខេត្តបាត់ដំបង ៖ សត្វគោចិញ្ចឹមយកទឹកដោះចំនួន១០០ក្បាល ក្នុងចំណោម៥០០ក្បាល ត្រូវបានដឹកតាមក្បួនរថយន្តពីប្រទេសថៃចូលមកកម្ពុជាកាលពីល្ងាចថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៩ នៅច្រកអូរស្មាច់ សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

ក្បួនរថយន្តដឹកសត្វគោចិញ្ចឹមយកទឹកដោះរបស់រាជបណ្ឌិត្យសភាកម្ពុជាបាននាំចូលទៅកាន់ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹប ខេត្តព្រះវិហារ ដោយមានការចូលរួម និងប្រគល់នៅមាត់ច្រកចេញ-ចូលនៃប្រទេសទាំងពីរ ដែលខាងភាគីថៃមានលោកស៊ូរ៉ាកាន រាក់ហ៊ីតាភុង ប្រធានសហគមន៍វាំងណាំយិន មានបទពិសោធន៍ខ្ពស់ ក្នុងការចិញ្ចឹមគោយកទឹកដោះដោយមានគុណភាពខ្ពស់ក្នុងប្រទេសថៃ ចំណែកខាងភាគីកម្ពុជាមានលោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិតសាភាកម្ពុជា លោកវរសេនីយ៍ត្រី ប៊ុន វឌ្ឍនះ នាយរងការិយាល័យអភិវឌ្ឍន៍យោធភូមិភាគទី៥ លោកវរសេនីយ៍ឯក ម៉ិច សុវណ្ណារា មេបញ្ជាការរងកងពលថ្មើរជើងលេខ៥៣ និងកងកម្លាំងចូលរួមប្រមាណ១០នាក់បានមកទទួលយកសត្វគោចិញ្ចឹមយកទឹកដោះទៅកន្លែងចីញ្ចឹមនៅកសិដ្ឋានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនខេត្តស្រុកឆែប ខេត្តព្រះវិហារ។ 
 
លោកបណ្ឌិតសភាចារ្យ សុខ ទូច បានបញ្ជាក់ថា ក្រោយពីបានសិក្សាចប់សព្វគ្រប់ និងបញ្ជូនបញ្ញវ័ន្តទៅធ្វើការបណ្តុះបណ្តាលរួចរាល់ ពេលនេះជាលើកដំបូង ដែលត្រូវចាប់ផ្តើមយកលទ្ធផលទាំងនេះផ្តល់ជូនទៅរាជរដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ធ និងជួយសម្រាលទុក្ខលំបាកប្រជាកសិករ ដែលមានបំណងក្នុងការចិញ្ចឹមសត្វគោយកទឹកដោះ ដោយប្រែក្លាយការចិញ្ចឹមសត្វពីតាមបែបយថាហេតុ មកចិញ្ចឹមសត្វបែបឧស្សាហកម្មវិញម្តង។

លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានឱ្យដឹងទៀតថា នេះជាលើកទីមួយហើយសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ក្នុងការនាំសត្វគោចិញ្ចឹមយកទឹកដោះចូលឧទ្យានតេជោសែនឫស្សីត្រឹប ស្រុកឆែប ខេត្តព្រះវិហារ ដែលយើងបានរៀបចំតាមបច្ចេកវិទ្យាគោអឺរ៉ុប តាំងពីចំណីអាហារ ទឹកផឹក និងកន្លែងដេក ដើម្បីធ្វើការសិក្សាស្រាវជ្រាវ រួចចែករំលែកដល់កសិករឲ្យមានភាពងាយស្រួលទទួលបានផលប្រសើរនៅពេលខាងមុខ។ 

លោកបណ្ឌិតបន្តទៀតថា ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប គ្របដណ្តប់ដោយព្រៃឈើក្នុងទំហំ១១.៤៣៥ គីឡូម៉ែត្រក្រឡា ដែលស្ថិតក្រោមព្រៃឈើដ៏ច្រើននេះ អ្នកចូលរួមទស្សនាទាំងជាតិ និងអន្តរជាតិ អាចស្វែងយល់ពីធម្មជាតិដ៏សំបូរបែប និងទទួលបានអារម្មណ៍ស្រស់ស្រាយសមស្របជាមួយព្រៃបន្ថែមទៀតតាមដងទន្លេមេគង្គនៃប្រទេសកម្ពុជា ។ លើសពីនេះ ភ្ញៀវទេសចរអាចទទួលបទពិសោធន៍នៃរបៀបរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ ដែលរស់អាស្រ័យធម្មជាតិ ដូចជា កសិកម្ម សត្វព្រៃ។ ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប មានសក្តានុពលទៅលើ បេតិភណ្ឌប្រវត្តិសាស្ត្រ បុរាណវិទ្យា បរិស្ថាន ធម្មជាតិ ទេសចរណ៍ និងជាតិពិន្ធុវិទ្យា ៕ (កែសម្រួលដោយ ៖ ធីតា)






                        
			         
				
ចែករំលែកព័តមាននេះ