រាជធានីភ្នំពេញ ៖ គំរោងជំនួយជប៉ុនមួយដែលមានទឹកប្រាក់ចំនួនប្រមាណជាង ២៧លានដុល្លារអាមេរិក ដើម្បីប្រែក្លាយភាគខាងត្បូងរាជធានីភ្នំពេញជាតំបន់បៃតង និងមិនមានការបំពុលបរិស្ថានបានចុះហត្ថលេខាដើម្បីចេញដំណើរការហើយ។ នៅត្រឹមព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៩នេះ តំណាងភាគីខាងរដ្ឋាភិបាលជប៉ុន និងរដ្ឋបាលសាលារាជធានីភ្នំពេញ កម្ពុជាបានចុះហត្ថលេខារួមគ្នាចាប់ផ្តើមដំណើរសាងសង់លូបង្ហូរទឹក និងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ហើយ។
បន្ទាប់ពីបានឆ្លងកាត់នូវកិច្ចពិភាក្សាស្ដីពី ការសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ និងធ្វើលូបង្ហូរទឹកស្អុយចេញពីរាជធានីភ្នំពេញ ក្រោមជំនួយរបស់រដ្ឋាភិបាលជប៉ុន ក្នុងទំហំទឹកប្រាក់ចំនួន២៧លានដុល្លារសហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិ ហៅកាត់ JICA កាលពីពេលកន្លងទៅនោះ នៅត្រឹមព្រឹកថ្ងៃទី២៣ ខែឧសភានេះ តំណាងភាគីជប៉ុន និងរដ្ឋបាលសាលារាជធានីភ្នំពេញ បានចុះហត្ថលេខារួមគ្នា ដើម្បីចាប់ផ្តើមដំណើរការសាងសង់ហើយ។
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានសម្ដែងនូវក្ដីសាទរ និងថ្លែងអំណរគុណចំពោះដៃគូសហការ អង្គការJICA ដែលតែងតែជួយដល់កិច្ចដំណើរការ ក៏ដូចជាការអភិវឌ្ឍរបស់កម្ពុជា ជាក់ស្ដែងដូចជា គម្រោងកែលម្អប្រព័ន្ធទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ ដែលផ្តោតសំខាន់ទៅលើការធ្វើឱ្យប្រសើរឡើង និងការកែលម្អបរិស្ថានទីក្រុងប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងការពារបរិស្ថានព្រមទាំងបានលើកកម្ពស់ដល់សោភ័ណភាពរាជធានីភ្នំពេញ ក៏ដូចជាសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ នៅក្នុងបរិស្ថានស្អាតប្រកបដោយផាសុកភាព ជាពិសេសផ្តល់ភាពរីករាយដល់ប្រជាពលរដ្ឋថែមទៀត។
លោក ឃួង ស្រេង បានបន្តថា «រដ្ឋបាលរាជធានីភ្នំពេញ នៅតែបន្ដចាប់ដៃគូអភិវឌ្ឍន៏ដ៏ល្អជាមួយក្រុមការងារគម្រោងរបស់JICAរួមជាមួយ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ មន្ត្រីសាលារាជធានីភ្នំពេញ និងក្រុមហ៊ុនស៊ីធីអាយ (CTI) ដែលបានខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវអស់រយៈពេល១២ខែ រហូតបានបញ្ចប់ការសិក្សា និងដាក់ចេញជារបាយការណ៍បញ្ចប់ សម្រាប់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រឡាយលូទឹកកខ្វក់ នៅបឹងជើងឯកហើយឈានមកដល់ការចុះហត្ថលេខា លើព្រមព្រៀងរវាងភាគីទាំងពីរនាពេលនេះ» ។
តំណាងភាគីជប៉ុន លោកបណ្ឌិត lto Minpei បានមានប្រសាសន៍លើកឡើងថា ជាតិពុលដែលហូរចូលទៅក្នុងទន្លេបឹងបួរ នឹងធ្វើឱ្យប៉ះពាល់ដល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋយ៉ាងខ្លាំងក្លា។ តាមលទ្ធផលនៃការស្រាវជ្រាវការស្តារបរិស្ថានឡើងវិញ គឺត្រូវចំណាយថវិកាច្រើនលើសពីការវិនិយោគ។ បញ្ហានេះចំណុចសំខាន់យើងត្រូវធ្វើប្រព័ន្ធលូបង្ហូរទឹកនៅដំណាក់កាលបឋមដើម្បីទប់ទល់ការចំណាយច្រើននេះ។
លោកបានបន្តទៀតថា «គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រឡាយលូទឹកកខ្វក់ នៅបឹងជើងឯកនេះ អាចបន្សុទ្ធទឹកកខ្វក់បានក្នុងមួយថ្ងៃ៥០០០ម៉ែត្រគីប។ ក្រៅពីការអភិវឌ្ឍផ្នែកខាងត្បូងហើយផ្នែកខាងជើងយើងក៏នឹងចូលរួមធ្វើការអភិវឌ្ឍន៍ផងដែរ»។
សូមបញ្ជាក់ថា គម្រោងអភិវិឌ្ឍន៍ប្រព័ន្ធប្រឡាយលូទឹកកខ្វក់នៅបឹងជើងឯក នឹងត្រូវក្លាយជាគម្រោងគំរូដំបូងបង្អស់សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ លើការកែច្នៃទឹកកខ្វក់ក្នុងបរិមាណ ៥,០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ ដែលមានតួនាទីសំខាន់ ក្នុងការកាត់បន្ថយការបំពុលបរិស្ថានមួយកម្រិតធំនៅភាគខាងជើងនៃរាជធានីភ្នំពេញ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ