រាជធានីភ្នំពេញ ៖ បុរសគ្រូបង្រៀនជាជនជាតិអង់គ្លេសម្នាក់ ត្រូវបានគេប្រទះឃើញដេកស្លាប់ផ្កាប់មុខនៅលើឥដ្ឋការ៉ូក្នុងបន្ទប់ជួលផ្ទះរបស់ខ្លួនយ៉ាងអាណោចអាធ័ម ដោយមិនមាននរណាម្នាក់បានដឹងថាស្លាប់តាំងពីពេលណានោះទេ លុះទាល់តែហើមស្អុយ និងជះក្លិនស្អុយយ៉ាងខ្លាំងដល់ម្ចាស់ផ្ទះដែលនៅខាងក្រោមឡើងទៅរកមើលទើបបានដឹង។
![Picture]()
ហេតុការណ៍ខាងលើនេះបង្កអោយមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ នៅក្នុងបន្ទប់ជួលជាន់ទី១ ផ្ទះលេខ៦៩A ផ្លូវលេខ២១ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
![Picture]()
តាមប្រភពព័ត៌មានពីនគរបាលបានប្រាប់ឱ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ SEARLE TIMOTHY JAMES ភេទប្រុស អាយុ៣៤ឆ្នាំ ជាជនជាតិអង់គ្លេស មុខរបរជាគ្រូបង្រៀនភាសាអង់គ្លេសនៅសាលាឯកជនមួយ សព្វថ្ងៃស្នាក់នៅតែម្នាក់ឯងក្នុងបន្ទប់ផ្ទះជួលជាន់ទី១ ជាកន្លែងកើតហេតុខាងលើ ។
![Picture]()
តាមប្រភពដដែលបានបន្តថា មុនពេលកើតហេតុ ម្ចាស់ផ្ទះជួលដែលរស់នៅខាងក្រោមបានធុំក្លិនស្អុយយ៉ាងខ្លាំង ដោយមិនបានដឹងថាក្លិនស្អុយនោះចេញមកពីទីណា និងនឹកស្មានថាជាក្លិនសត្វកណ្តុរងាប់ រួចក៏នាំគ្នាដើររកពេញក្នុងផ្ទះដែលនៅខាងក្រោមអស់ហើយ តែរកមិនឃើញឡើយ។
![Picture]()
តាមប្រភពដដែលបានប្រាប់បន្តទៀតថា ពេលនោះពួកគាត់ចែកគ្នាបន្តដើររកប្រភពក្លិនស្អុយនោះថាតើវាចេញមកពីទីណាអោយពិតប្រាកដ ក៏បានឡើងតាមជណ្តើរចំហៀងទៅលើផ្ទះជាន់ទី១ ក៏ស្រាប់តែធុំក្លិនស្អុយកាន់តែខ្លាំងឡើងចេញពីបន្ទប់ដែលបុរសជាជនជាតិអង់គ្លេសម្នាក់ជួលស្នាក់នោះ លុះឡើងទៅមើលក៏ឃើញសត្វរុយជាច្រើនរោមខាងមុខបន្ទប់ និងគោះទ្វារហៅ តែមិនមានអ្នកណាម្នាក់ឆ្លើយតប ដោយមានកូនសោខ្ទាស់ទ្វារជាប់ខាងក្នុងមិនអាចបើកបាន។
![Picture]()
តាមប្រភពដដែលបានប្រាប់បន្តទៀតថា ដោយមានការសង្ស័យ ម្ចាស់ផ្ទះក៏បានរាយការណ៍ទៅប្រាប់កម្លាំងសមត្ថកិច្ចមូលដ្ឋានដើម្បីអោយឱ្យចុះមកពិនិត្យ បន្ទាប់មកពួកគាត់សម្រេចនាំគ្នាដោះកញ្ចក់ទ្វារដើម្បីចូលទៅខាងក្នុង ស្រាប់តែប្រទះឃើញបុរសជាជនជាតិអង់គ្លេសម្នាក់ខាងលើដេកស្លាប់ផ្កាប់មុខនៅលើឥដ្ឋការ៉ូក្នុងបន្ទប់ ដោយមានសភាពហើម និងជះក្លិនស្អុយយ៉ាងខ្លាំងផងដែរ។
![Picture]()
ក្រោយពេលភ្ញាក់ផ្អើលថាមានបុរសជាគ្រូបង្រៀនជនជាតិអង់គ្លេសម្នាក់ដេកស្លាប់នៅក្នុងបន្ទប់ផ្ទះជួលនៅជាន់ទី១ ភ្លាមៗនោះកម្លាំងសមត្ថកិច្ចមូលដ្ឋាន និងផ្នែកជំនាញកោសល្យវិច្ច័យនៃស្នងការនគរបាលរាជធានីភ្នំពេញជាច្រើននាក់បានចុះមកធ្វើការត្រូតពិនិត្យ និងធ្វើកោសល្យវិច្ច័យទៅលើសពជនរងគ្រោះ ហើយសមត្ថកិច្ចបានបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ ដោយសារតែគាំងបេះដូង និងបានស្លាប់ចំនួន៣ថ្ងៃមកហើយ ទើបបណ្តាលឱ្យសពជនរងគ្រោះមានសភាពហើម និងស្អុយបែបនេះនោះ។
![Picture]()
ក្នុងពេលនោះដែរ គេក៏ឃើញស្ត្រីម្នាក់មិនស្គាល់ឈ្មោះ មានអាយុជាង៣០ឆ្នាំ បានចុះមកដល់កន្លែងកើតហេតុផងដែរ ដោយស្ត្រីម្នាក់នោះបាននិយាយរៀបរាប់ថា គាត់ធ្លាប់បានរស់នៅជាមួយនឹងបុរសជាជនជាតិអង់គ្លេសម្នាក់ខាងលើជាប្តីប្រពន្ធនឹងគ្នាបានមួយរយៈ ហើយមានកូនស្រីម្នាក់អាយុ៤ឆ្នាំជាមួយគ្នាផងដែរ និងបានបែកបាក់គ្នាអស់រយៈពេលជាង២ឆ្នាំកន្លងមកហើយ។
![Picture]()
ស្ត្រីដដែលបានប្រាប់បន្តទៀតថា បុរសរងគ្រោះខាងលើមានជម្ងឺប្រចាំកាយម្យ៉ាងជាប់ខ្លួន ហើយគាត់ក៏បានប្រាប់ឱ្យបុរសជាអតីតប្តី (ជនរងគ្រោះដែលស្លាប់ខាងលើ) ទៅព្យាបាលនៅឯប្រទេសអង់គ្លេសបានចំនួន ២ទៅ៣លើកមកហើយ លុះមួយរយៈចុងក្រោយនៅពេលដែលពួកគាត់បានបែកគ្នាហើយនោះ គាត់ក៏នៅតែចេញចូល និងនាំកូនស្រីមកលេងបុរសជាអតីតប្តីជាញឹកញាប់ផងដែរ និង នៅតែប្រាប់ឱ្យបុរសជាអតីតប្តីទៅព្យាបាលនៅប្រទេសអង់គ្លេសជាបន្តទៀត តែបុរសជាអតីតប្តីរបស់គាត់បាននិយាយថា «មិនទៅទេ សុខចិត្តស្លាប់នៅស្រុកខ្មែរ» លុះដល់វេលាកើតហេតុ ក៏ទទួលដំណឹងថាបុរសជាអតីតប្តីរបស់គាត់បានស្លាប់ ហើយគាត់ក៏បានចុះមកមើលកន្លែងកើតហេតុ និងបានទាក់ទងប្រាប់ទៅឪពុកម្តាយរបស់បុរសជាអតីតប្តីនៅឯប្រទេសអង់គ្លេសអោយដឹងពីរឿងនេះផងដែរ។
![Picture]()
ក្រោយពីកម្លាំងសមត្ថកិច្ចកិច្ចមូលដ្ឋាន និងមន្ត្រីជំនាញកោសល្យវិច្ច័យនៃស្នងការនគរបាលក៏បានចុះមកធ្វើការត្រួតពិនិត្យ និងធ្វើកោសល្យវិច្ច័យទៅលើសពបុរសរងគ្រោះរួចមក បានរកឃើញថា ជនរងគ្រោះបានស្លាប់ដោយសារតែគាំងបេះដូង ហើយក៏បានដឹកសពជនរងគ្រោះទៅតម្កល់ទុកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ដើម្បីរង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យនៅឯប្រទេសកំណើតវិញផងដែរ ៕ (កែសម្រួលដោយ ៖ ធីតា)
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ