រាជធានីភ្នំពេញ ៖ គ្រាន់តែជាការបំពងសំឡេងរបស់ក្រុមប្រឆាំងតែប៉ុណ្ណោះ ក្នុងការចង់ដាក់គំនាបមកលើករាជរដ្ឋាភិបាល តាមរយៈស្នើច្បាប់ចង់ឲ្យរាជរដ្ឋាភិបាលស្តាប់តាមខ្លួន ដែលរំលោភអធិបតេយ្យភាពរបស់កម្ពុជា ។ នេះបើតាមការលើកឡើងរបស់អ្នកនាំពាក្យរដ្ឋាភិបាល ។
ការលើកឡើងរបស់អ្នកនាំពាក្យនេះបន្ទាប់ក្រុមសមាជិកព្រឹទ្ធសភាអាមេរិកចំនួន៣រូបបានស្នើច្បាប់ថ្មីមួយទាមទារឱ្យដោះលែង និងទម្លាក់ចោលការចោទប្រកាន់មេដឹកនាំគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំឃាំងក្នុងលំនៅដ្ឋាន និងខ្លះកំពុងនិរទេសខ្លួននៅក្រៅប្រទេស ។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបានឲ្យកោះសន្តិភាពដឹងនៅថ្ងៃទី២២ ខែឧសភាថា ការស្នើច្បាប់របស់សមាជិកព្រឹទ្ធសភាអាមេរិកទាមទារឲ្យមានការដោះលែងលោកកឹម សុខា និងទម្លាក់ចោលការចោទប្រកាន់លើកក្រុមសមាជិកបក្សប្រឆាំង គឺគ្មានន័យចំពោះកម្ពុជាឡើយ ព្រោះថា អ្នកដែលស្នើនោះ គឺជាក្រុមប្រឆាំងតែប៉ុណ្ណោះ ។ លោកបញ្ជាក់ថា «ការស្នើនិងបង្ហាញថា ក្រុមគេនឹងជាក្រុមតែមួយ ហើយជាមេខ្លោងនៃសកម្មភាពដែលតុលាការធ្វើការចោទប្រកាន់លើបទសង្ស័យលើកជនទាំងអស់នោះ» ។
លោកបានបន្តថា ការស្នើច្បាប់របស់សមាជិកព្រឹទ្ធសភាអាមេរិក៣រូបនេះ គឺជាការបញ្ចេញយោបល់តែប៉ុណ្ណោះដែលមិនអាចរំខាន ឬរំលោភលើជ្រៀតជ្រែកលើអធិបតេយ្យកម្ពុជាបានទេ ។ ព្រោះថា ប្រជាពលរដ្ឋកម្ពុជាបានសម្រេចចិត្តយ៉ាងច្បាស់លាស់ និងត្រឹមត្រូវក្នុងការគាំទ្ររាជរដ្ឋាភិបាល ហើយរាជរដ្ឋាភិបាលមានភារកិច្ច និងកាតព្វកិច្ចការពារនីតិរដ្ឋការពារស្ថាប័នប្រជាធិបតេយ្យ មាននិតីប្បញ្ញាត្តិ នីតិប្រត្តិបត្តិ និងតុលាការ ។
អ្នកនាំពាក្យរដ្ឋាភិបាលក៏បានលើកឡើងថា កម្ពុជាមិនមែនជាប្រទេសធ្វើភាវកម្ម ឬប្រឆាំងនឹងផលប្រយោជន៍សហរដ្ឋអាមេរិកនោះទេ ។ អ្វីដែលពួកគេស្នើសុំនោះ គឺមហិតារបស់ក្រុម មនុស្ស២ ឬ៣នាក់នោះ ។ លោកផៃ ស៊ីផាន ក៏បានហៅការស្នើច្បាប់របស់ក្រុមសមាជិកព្រឹទ្ធសភាអាមេរិក គឺជាការបញ្ចញមតិមួយតែប៉ុណ្ណោះ ដូច្នេះសេចក្តីស្នើនេះមិនទាន់ចេញរូបរាង្គនៅឡើយទេ ។ លោកថា ទោះបីជាច្បាប់ចេញរូបរាង្គយ៉ាងណាក្តីមិនអាចរំលោភលើដែនអធិបតីរបស់កម្ពុជាបានឡើយ ។ លោកបញ្ជាក់ថា«កម្ពុជាមិនស្ថិតនៅក្រុមប្រទេសអាយ៉ងរបស់សហរដ្ឋអាមេរិកឡើយ» ។
សូមជម្រាបថា ការលើកឡើងរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលនេះ បន្ទាប់ពីសមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិកបានស្នើច្បាប់ថ្មីមួយដែលទាមទារឱ្យដោះលែង និងទម្លាក់ចោលការចោទប្រកាន់មេដឹកនាំគណបក្សសង្គ្រោះជាតិដែលកំពុងជាប់ឃុំឃាំងក្នុងលំនៅដ្ឋាន និងខ្លះកំពុងនិរទេសខ្លួននៅក្រៅប្រទេស ។ យោងតាមការផ្សាយរបស់វិទ្យុបរទេសមួយបានឲ្យដឹងសមាជិកព្រឹទ្ធសភាអាមេរិកបានសេចក្តីស្នើច្បាប់ស្តីពីការទទួលខុសត្រូវរបស់កម្ពុជា និងការវិលត្រឡប់វិញនូវការវិនិយោគឆ្នាំ២០១៩ (ហៅកាត់ថា CARI Act) ត្រូវបានស្នើឡើងវិញជាថ្មីដោយសមាជិកព្រឹទ្ធសភាចំនួន៣រូបដែលមកពីគណបក្សទាំងពីរ ៕ (កែសម្រួលដោយ៖ សុឃាក់)
ចែករំលែកព័តមាននេះ