ការវះកាត់ថ្គាមទាល់ តែងបង្កើតជាចម្ងល់ដល់មនុស្សទូទៅជុំវិញផលវិបាកនេះ ពិសេសសុវត្ថិភាពក្រោយពេលធ្វើការវះកាត់រួច ដែលអាចផ្តល់នូវគុណសម្បត្តិ និងគុណវិបត្តិចំពោះថ្គាមទាល់ ។
លោកទន្តបណ្ឌិត ញាណ ភិរម្យ ឯកទេសសុខភាពមាត់ធ្មេញ នៅមន្ទីរព្យាបាលធ្មេញបស្ចិម បានប្រាប់កោះសន្តិភាពឱ្យដឹងថា ថ្គាមទាល់គឺជាធ្មេញមួយប្រភេទដែលមានការលូតលាស់យឺតជាងគេបំផុត ពោលគឺដុះចេញក្រោយធ្មេញទាំងអស់ ។ ជួនកាលការដុះចេញរបស់វាធ្វើឱ្យធ្មេញដទៃទៀតចង្អៀតផងដែរ ដោយសារតែដុះប្រជ្រៀតគ្នា ។ ធ្មេញនេះចាប់ផ្តើមដុះនៅពេលមនុស្សមានវ័យចន្លោះពី១៨ទៅ២៥ឆ្នាំ ។ ប៉ុន្តែករណីខ្លះក៏អាចដុះចេញមុន ឬក្រោយវ័យខាងលើ មនុស្សខ្លះក៏មិនមានធ្មេញទាល់ដុះចេញតែក៏ពុំមានបញ្ហាចោទនោះទេ ។
ផលប៉ះពាល់នៃថ្គាមទាល់១-នៅពេលដែលថ្គាមទាល់ដុះផុតមានការរំខានមួយចំនួនដូចជា ឈឺអញ្ចាញធ្មេញពិបាកសម្អាតចំណីអាហារដែលនៅជាប់ថ្គាមទាល់ ដោយតំបន់នោះវាតូចចង្អៀត ច្រាសដុសធ្មេញពិបាកចូលទៅសម្អាត ។ ធ្វើឱ្យមានក្លិនមាត់មិនល្អ ធ្វើឱ្យធ្មេញនៅតំបន់នោះងាយពុកខ្លាំង ណាស់ ។
២-ថ្គាមទាល់ដែលដុះចេញពាក់កណ្តាល បង្កឱ្យមានបញ្ហាមួយចំនួនដូចជា ឈឺចាប់ខ្លាំងក្នុងអំឡុងពេលកំពុងដុះ ឈឺអញ្ចាញ និងឈឺធ្មេញដែលរងការដុះបុកពីថ្គាមទាល់ និងរុញធ្មេញដទៃទៀត ឱ្យចង្អៀតណែន រងការឈឺចាប់បំផុត ។ថ្គាមទាល់ដែលដុះចេញពុំពេញលេញ បណ្តាលមកពីមិនមានចន្លោះសម្រាប់ថ្គាមដុះចេញ ក៏រុញធ្មេញដទៃទៀតឱ្យរត់ខុសជួរ (mal acclusin) អាចបណ្តាលឱ្យមានខ្ទុះ រលាកនៅតំបន់ជុំវិញនោះ បង្កឱ្យមានកូនកណ្តុរជាដើម ។
៣-ក្នុងករណីដែលថ្គាមទាល់ដុះពុំចេញសោះ នឹងអាចធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធសរសៃប្រសាទដោយធ្មេញនោះលូតលាស់ទៅប៉ះជាមួយនឹង nerf dentaire inferieur បណ្តាលឱ្យអ្នកជំងឺឈឺក្បាលជានិច្ច ។
បែបផែននៃការវះកាត់ថ្គាមទាល់ ត្រូវធ្វើឡើងទៅតាមបទដ្ឋានច្បាស់លាស់ ព្រោះថាសរសៃប្រសាទតូចមួយរបស់ធ្មេញនៅកៀកនឹងសរសៃប្រសាទធំដទៃទៀតងាយបង្កគ្រោះថ្នាក់ ។ បើសិនជាថ្គាមទាល់ដុះនៅផ្នែកខាងក្រោមតម្រូវឱ្យមានការវះកាត់ តែបើដុះនៅផ្នែកខាងលើជាទូទៅមិនបង្កផលវិបាកច្រើននោះទេ ដោយលោកអ្នកគ្រាន់តែទៅពិភាក្សាជាមួយគ្រូពេទ្យ ដើម្បីដកចេញតែប៉ុណ្ណោះ ។ ទោះជាពេលខ្លះការដុះថ្គាមទាល់មានលក្ខណៈល្អក៏ដោយ លោកអ្នកគប្បីទៅពិភាក្សាជាមួយគ្រូពេទ្យជំនាញ ព្រោះធ្មេញប្រភេទនេះជាទូទៅតែងផ្តល់ផលវិបាកជាច្រើនដល់លោកអ្នកទៅថ្ងៃក្រោយ ។ តែការដកចោលថ្គាមទាល់ភាគច្រើនតែងផ្តល់ផលល្អដល់សុខភាពមាត់ធ្មេញ ។
ការវះកាត់ថ្គាមទាល់មិនបង្កបញ្ហាដូចជា ការស្លាប់ ពិការភ្នែក ឬផលវិបាកផ្សេងៗនោះទេ បើស្ថិតក្រោមការពិនិត្យរបស់គ្រូពេទ្យជំនាញដែលមានឯកទេសច្បាស់លាស់ ។ តែអាចកើតមានហានិភ័យ បើការវះកាត់ប្រព្រឹត្តទៅដោយគ្មានបច្ចេកទេសត្រឹមត្រូវ មិនបានពិនិត្យជាមុន និងសម្ភារមិនមានអនាម័យធ្វើឱ្យជ្រៀតចូលនៃមេរោគផ្សេងៗ ជាពិសេសរោគឱកាសនិយមឆ្លងចូលសារពាង្គកាយអ្នកជំងឺ ។
សុខភាពមាត់ធ្មេញល្អ ធ្វើឱ្យជីវិតរស់នៅមានភាពស្រស់ថ្លា សូមជ្រើសសេវាកម្មព្យាបាលមាត់ធ្មេញណាដែលមានគុណភាព និងធានាសុវត្ថិភាពច្បាស់លាស់ ៕
ចែករំលែកព័តមាននេះ