ខេត្តកែប ៖ តាំងពីសម័យសង្គមរាស្ត្រនិយមម្ល៉េះលើកំពូលភ្នំតូចមួយជាប់ឆ្នេរសមុទ្រកែប មានព្រះរាជដំណាក់មួយ ែលអ្នកខេត្តកែបហៅថា «ដំណាក់ស្តេច» គឺសង់តាំងតែពីឆ្នាំ១៩៦២ ។ ឈានមកដល់សម័យ កាលសន្តិភាពនេះ ក្រោយពីបោះបង់ចោលប្រមាណជិត៤០ឆ្នាំ ដំណាក់ស្តេចក្លាយទៅជាព្រៃស្អេកស្កះ ព្រមទាំងសត្វស្វារស់នៅអុកឡុកយ៉ាងអនាធិបតេយ្យ និងបង្កើតកូនពូនជាចៅប្រកបដោយសុខសាន្ត ។
ប្រមាណ២ខែកន្លងមកនេះ គេសង្កេតឃើញមានការជួសជុលជាបណ្តើរៗ លើភូមិគ្រឹះព្រះរាជដំណាក់ បានលាបភ្នំ មានទ្វារបង្អួច ស្អាតបាតគួរជាទីគយគន់ គ្មានការចេញចូលរហេតរហូតបានទៀតទេ ព្រមទាំងហាមថតរូបទៀតផង ។ សូម្បីស្វាដែលគ្រប់គ្រងទីតាំងភ្នំតូចនេះ ក៏ត្រូវបានអ្នកទទួលបន្ទុកជួសជុលមើលថែ ចាប់ផ្តើមបណ្តេញចេញជាបណ្តើរៗដែរ គឺរារាំងដាច់ខាតតែម្តង ដោយដាក់សំណាញ់ដែកការពារមិនឱ្យចូលអុកឡុកអនាធិបតេយ្យដូចពីអតីតកាលទៀតឡើយ ។
អ្នកទទួលបន្ទុកនៅទីនោះនិយាយថា នៅលើភ្នំមួយនេះ បច្ចុប្បន្នកំពុងត្រូវការជួសជុល និងសម្អាតបរិវេណឡើងវិញ ។ ក្នុងនោះ គេឃើញមានការឈូសឆាយកាប់ឆ្ការព្រៃដែលដុះទ្រុបទ្រុល និងស្ថាបនាផ្លូវចាស់ៗ រួមទាំងដាំផ្កាអមផ្លូវឱ្យមានសោភ័ណភាព ដូចកាលសម័យសង្គមរាស្ត្រនិយមវិញ ។
ប៉ុន្តែគេបានមើលឃើញថា ស្វាជាច្រើនក្បាលដែលបានអុកឡុកនៅបរិវេណភ្នំដំណាក់ស្ដេចនោះ ពេលនេះដោយដេញមិនឈ្នះ អ្នកធ្វើការជួសជុលនៅលើភ្នំនោះ ជ្រុងខ្លះបានដាក់មង ធ្វើជារបាំងឱ្យស្វាខ្លាច និងជ្រុងខ្លះទៀត ធ្វើរនាំងដែកសំណាញ់ការពារស្វា មិនឱ្យចូលទៅក្នុងបរិវេណដំណាក់ស្ដេចនោះដែរ គឺឈប់ឱ្យចេញចូលទៀតហើយ ។
បើយោងតាមការឱ្យដឹងពីអ្នកមើលការខុសត្រូវនៅបរិវេណភ្នំដំណាក់ស្ដេច បាននិយាយប្រាប់ឱ្យដឹងថា ដំណាក់ស្ដេចកសាងឡើងនៅក្នុងឆាំ្ន១៩៦២នៅលើភ្នំកែបនេះ កំពុងជួសជុលឱ្យស្អាតឡើងវិញ ។ អ្នកមើលការងារនៅលើភ្នំនោះបាននិយាយថា ហ្វូងស្វាដ៏ចង្រៃនោះវាបានចូលអុកឡុកកាច់ផ្កាបាក់អស់ហើយ ដាំមិនឈ្នះការបំផ្លាញទេ ។
អ្នកមើលការងារនៅលើភ្នំ បាននិយាយប្រាប់បន្តថា ឥឡូវនេះពួកអ្នកធ្វើការបានដាក់មងជារបាំងឱ្យវាខ្លាច និងធ្វើរនាំងដែកការពារមិនឱ្យពួកវាចុះតាមផ្លូវនេះទៀតទេ ឱ្យស្វាចុះឡើងរកសុីចំណីតាមផ្លូវផ្សេង នៅខាងក្រៅបរិវេណ ប៉ុន្តែពួកវានៅតែហក់លោតមកឈ្លានពានដដែល បើយើងមិននៅចាំដេញ ។
ពេលសួរថា តើស្វានៅដំណាក់ស្តេច ពេលនេះមានប៉ុន្មាន ?
លោក មាស សុធី នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តកែប បានប្រាប់អ្នកយកព័ត៌មានឱ្យដឹងកាលពីថ្ងៃទី១៨ ឧសភាថា លោកមិនបានដឹងចំនួនពីស្វានៅលើភ្នំកែបទេ ព្រោះឧធ្យានជាតិកែប បានចែកដាច់ដោយឡែកពីគ្នាជាមួយរដ្ឋបាលព្រៃឈើ ។ប៉ុន្តែបើតាមការស្មានដែលវាកំពុងពពាក់ពពូនមានប្រមាណក្រោម១០០ក្បាលប៉ុណ្ណោះ ។
ម្ល៉េាះហើយតាំងតែពីមានការជួសជុល និងដាក់របាំងសំណាញ់ដែកជុំវិញបរិវេណភ្នំតូចនេះ គេសង្កេតឃើញស្វាទាំងឡាយរស់នៅរហេតរហូត តាមដងផ្លូវឡើងលើភ្នំតូច ។ ពួកវាមហារពិស សូម្បីម៉ូតូអ្នកកាសែតដែលដាក់នៅទីនោះ ត្រូវពួកវាមកលោតលេងខ្វេះកកាយ យកមួកសុវត្ថិភាពទៅបោះលេងតាមចិត្ត ។
អុីចឹងបានគេឈប់ឱ្យចេញចូលដំណាក់ស្តេចបែបនេះ ៕
ចែករំលែកព័តមាននេះ