ខេត្តស្វាយរៀង ៖ សេចក្តីរាយការណ៍បានឱ្យដឹងថា បុរសជនជាតិវៀតណាមម្នាក់ បានស៊ីឈ្នួលយកម៉ូតូ
គេទៅបញ្ចាំដោយទទួលថ្លៃឈ្នួល២សែនដុងប្រាក់វៀតណាម ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង៦និង១៥នាទីយប់ ថ្ងៃទី១៥ ឧសភា ជាប់ពីបទទទួលផលចោរកម្ម ។ ជនសង្ស័យឈ្មោះមួយ មិនឃិន ភេទប្រុស អាយុ៦០ឆ្ន រស់នៅផ្ទះជួល ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រងបាវិត ។
ប្រភពដដែលបន្តថា កាលពីថ្ងៃទី៤ ឧសភា កន្លងមក មានករណីចោរលួចម៉ូតូរបស់ស្ត្រីជនជាតិវៀតណាមម្នាក់ ម៉ូតូម៉ាកអ៊ែរប្លេក ពាក់ស្លាកវៀតណាម55Y73100 ចតនៅមុខកាស៊ីណូ ហើយជនរងគ្រោះក៏ប្តឹងសមត្ថកិច្ចខ្មែរ ឱ្យជួយតាមរក តែមិនឃើញ ។
លុះដល់ថ្ងៃទី១៥ ឧសភា គេឃើញម៉ូតូជនរងគ្រោះនៅកន្លែងហាងបញ្ចាំម៉ូតូនៅក្រុងបាវិត សមត្ថកិច្ចបានសាកសួរម្ចាស់ហាង ទើបដឹងមុខសញ្ញាដែលយកមកបញ្ចាំដោយមានអត្តសញ្ញាណបុរសឈ្មោះមួយ មិនឃិន មកដាក់បញ្ចាំ កាលពីថ្ងៃទី៩ ឧសភា ដាក់បញ្ចាំតម្លៃ១០០ដុល្លារ ទើបសមត្ថកិច្ចចុះស្រាវជ្រាវ បានឃើញជនសង្ស័យមកជួលផ្ទះ នៅភូមិបាវិតកណ្តាល សង្កាត់បាវិតក្រុងបាវិត ។
ក្រោយពីសមត្ថកិច្ចសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនគ្រាន់ជាអ្នកស៊ីឈ្នួលគេយកទៅបញ្ចាំទេ ដោយបុរសជនជាតិវៀតណាមម្នាក់មកជួលផ្ទះនៅជិតគ្នា គេពឹងឱ្យយកទៅដាក់បញ្ចាំ ដោយរូបគេគ្មានអត្តសញ្ញាណបណ្ណ័ម្ចាស់ហាងគេមិនទទួល ក៏ពឹងឲ្យខ្លួនទៅបញ្ចាំឲ្យដោយឲ្យឈ្នួល២សែនដុង ។
ចំណែកអ្នកពឹងឲ្យយកម៉ូតូទៅបញ្ចាំនោះ ពេលបានប្រាក់ចូលទៅលេងល្បែងនៅក្នុងកាស៊ីណូ បាត់មិនឃើញត្រឡប់មកផ្ទះជួលវិញទេ ប្រហែលជាគេចខ្លួនទៅប្រទេសវៀតណាមហើយ ។
នៅថ្ងៃទី១៨ ឧសភា នេះ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យមកសាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។
ចែករំលែកព័តមាននេះ