ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រ​លាន​យន្តហោះ​អន្តរជាតិ​តារា​សាគរ ប្រភេទ 4E គ្រោង​សាកល្បង​នៅ ពាក់កណ្តាល​ឆ្នាំ ២០២០ មិន​ខ្វល់​ការ​រិះគន់​ពី​មហាអំណាច​អា​មេ​រិ​ក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាកាសយានដ្ឋាន​អន្តរជាតិ​តារា​សាគរ ខេត្តកោះកុង គ្រោង​ដាក់​ឲ្យ​ដំណើរ​សាកល្បង​នៅ​ពាក់កណ្តាល​ឆ្នាំ​២០២០ ស្រប​ពេល​នឹង​មាន​សាងសង់​កំពង់​ផែ​អន្តរជាតិ​ថ្មី​មួយទៀត​ស្ថិត ក្នុង​គម្រោង​តារា​សាគរ​ដែល​មាន​ទុន​វិនិយោគ​៣,៨ ពាន់​ដុល្លារ​អា​មេ​រិ​ក ខណៈ​តំបន់​ទេសចរណ៍​តារា​សាគរ​នេះ​រំពឹង​ថា នឹង​មាន​ភ្ញៀវ​អន្តរជាតិ​ជា​ច្រើន​ទៅ​កាន់​ទៅ​តំបន់​នេះ…

រាជធានី​ភ្នំពេញ ៖ អាកាសយានដ្ឋាន​អន្តរជាតិ​តារា​សាគរ ខេត្តកោះកុង គ្រោង​ដាក់​ឲ្យ​ដំណើរ​សាកល្បង​នៅ​ពាក់កណ្តាល​ឆ្នាំ​២០២០ ស្រប​ពេល​នឹង​មាន​សាងសង់​កំពង់​ផែ​អន្តរជាតិ​ថ្មី​មួយទៀត​ស្ថិត ក្នុង​គម្រោង​តារា​សាគរ​ដែល​មាន​ទុន​វិនិយោគ​៣,៨ ពាន់​ដុល្លារ​អា​មេ​រិ​ក ខណៈ​តំបន់​ទេសចរណ៍​តារា​សាគរ​នេះ​រំពឹង​ថា នឹង​មាន​ភ្ញៀវ​អន្តរជាតិ​ជា​ច្រើន​ទៅ​កាន់​ទៅ​តំបន់​នេះ ហើយនឹង​អាច​ប្រែខ្លួន​ជា​តំបន់​ពាណិជ្ជកម្ម​ចំរុះ​។

យ៉ាងណាមិញ កន្លង​មក​សហរដ្ឋអាមេរិក​ដែល​មាន​លោក Mike Pence ដែល​ជា​អនុ ប្រធានាធិបតី បាន​ធ្វើការ​ចោទប្រកាន់​និង​បាន​រិះគន់​ថា​តំបន់​អភិវឌ្ឍន៍​តារា​សាគរ របស់​វិនិយោគិន​ចិន ដូច​ជា​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ នៅ​ក្នុង​ខេត្ត​ជាប់មាត់​សមុទ្រ​នេះ រួម​ទាំង​ព្រ​លាន​យន្តហោះ​នេះ ត្រូវ​បាន​គេ​ថា​អាច​បម្រើ​បាន​ទាំង​ផ្នែក​យោធា និង​ទាំង​ផ្នែក​ស៊ី​វិល ។ ហើយ​វា​ជាទី​តាំង​មួយ​ដែល​ប្រទេស​ចិន​នឹង​ប្រើប្រាស់​ទីតាំង​កងទ័ព​ចិន ដែល​ការ​ចោទប្រកាន់​របស់​មហាអំណាច​មួយ​នេះ ត្រូវ​បាន​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន ធ្វើការ​ច្រានចោល​ជា​ច្រើន​ដង ហើយ​សម្តេច​តេ​ជោ​ចាត់​ទុក​ការ​ចោទប្រកាន់​នោះ​ជា​រឿង​អយុត្តិធម៌​បំផុត​សម្រាប់​កម្ពុជា​។

ពាក់ព័ន្ធ​នឹង​ការ​អភិវឌ្ឍន៍​នេះ​ផង​ដែរ លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំ​ហុង បាន​ធ្វើ​ដំណើរ​ទស្សនៈកិច្ច​នៅ​ទីក្រុង​តារា​សាគរ ក្នុង​ទឹកដី​ខេត្តកោះកុង កាល​ដើម​ស​ប្តា​ហ៍​នេះ បាន​ថ្លែង​ឲ្យ​ដឹង​ថា ទីក្រុង​នេះ​មិន​សម្រាប់​តែ​វិស័យ​វិស័យ​ទេសចរណ៍​ទេ ប៉ុន្តែ​សម្រាប់​វិស័យ​សំខាន់​ៗ​ជា​ច្រើន ដែល​មាន​ដូច​ជា​អាកាសយាន​ថ្មី ដែល​គ្រោង​និង​ដាក់​ឲ្យ​ដំណើរ​នៅ​ពាក់កណ្តាល​ឆ្នាំ ២០២០ នា​ពេល​ខាង​មុខ​ដែល​អាច​នឹង​នាំ​មក​នូវ​ភ្លៀវ​ទេសចរណ៍​កាន់តែ​ច្រើន​មកកម្ពុជា​។

លោក​ឧបនាយករដ្ឋមន្ត្រី ហោ ណាំ​ហុង បាន​មាន​ប្រសាសន៍​បន្ត​ថា «​ជាមួយ​នេះ​ក៏​មាន​កំពង់​ផែ​ទឹក​ជ្រៅ ដែល​នាវា​អាច​ផ្ទុកទំនិញ​១០​ម៉ឺន​តោន​នៅ​តំបន់​តារា​សាគរ និង​ជា​កំពង់​ផែ​អន្តរជាតិ​សំខាន់​មួយ បន្ទាប់​ពី​កំពង់​ផែ​សឹ​ង្ហ​បុរី »​។ លោក បាន​បន្ត​ថា ដោយសារ​កន្លង​មកនេះ មាន​នាវា​ជា​ច្រើន​ដឹក​ភ្ញៀវ​ទេសចរ​រាប់​ពាន់​នាក់​ចូល​នៅ​កំពុង​ផែ​ខេត្ត​ព្រះ​សីហ​នុ ដូច្នេះ​ការ​សាងសង់​កំពង់​ថ្មី​នេះ​នឹង​ជួយ​ទាក់ទាញ​ភ្ញៀវ​ទេសច​បន្ថែម​ទៀត ។ ចំណែក​លោក Li Tao ប្រធាន​ក្រុម ប្រឹក្សា​ភិ​បាល​ក្រុមហ៊ុន​យូ​ញៀន​គ្រុប (Union Group) បាន​ថ្លែង​ថា រហូត​ដល់​ពេល​នេះ​អាកាសយានដ្ឋាន​អន្តរជាតិ​តារា​សាគរ សាងសង់​បាន​៦០​ភាគរយ និង​ជា​ប្រភេទ 4E ដែល​គ្រោង​នឹង​បញ្ចប់​ការ​សាងសង់ និង​ដាក់​ដំណើរការ​សាកល្បង​នៅ​ខែ ឧសភា ឆ្នាំ ២០២០​ខាង​មុខ ដោយ​មាន​លទ្ធភាព​ទទួល​អ្នកដំណើរ​បាន​ពី​៤ ទៅ​៥​លាន​នាក់​ក្នុង​មួយ​ឆ្នាំ​។ លោក Li Tao បាន​បន្ថែម​ថា «​ដោយឡែក​កំពង់​ផែ​ទឹក​ជ្រៅ ក្រុមហ៊ុន​កំពុង​រចនា​ផែនការ និង​ឈួ​ស​ឆាយ​ដីធ្លី​លើ​ផ្ទៃដី​២០​គីឡូ​ម៉ែត្រការ៉េ ហើយ​នៅ​ពេល​បញ្ចប់​ផែនការ​រចនា​នឹង​បន្ត​សាងសង់​ជា​បន្តបន្ទាប់​ទៀត ដោយ​មាន​មូលដ្ឋាន​ដឹក​ជ​ញ្ជួ​ន ទីតាំង​ឧស្សាហកម្ម និង​មូលដ្ឋាន​សម្រាប់​ម​ជ្ឍ​មណ្ឌល​ហិរញ្ញវត្ថុ​»​។

លោក​វ៉ា​ស៊ី​ម សូ​រិ​យា អ្នកនាំពាក្យ​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា កា​រត​ភ្ជាប់​ផ្លូវ​ពី​ស្រុក​សំឡូត​មក​កាន់​ខេត្តកោះកុង មិន​ត្រឹមតែ​ជា​ការ​ធ្វើ​សមាហរណកម្ម​ផ្ទៃក្នុង​កម្ពុជា​ប៉ុណ្ណោះ​ទេ តែ​ជា​ការ​លើកកំពស់​វិស័យសេដ្ឋកិច្ច​ពាណិជ្ជកម្ម​កម្ពុជា តាម​រយៈ​ការ​កាត់​បន្ថយ​ការ​ពឹងផ្អែក​ប្រទេស​ជិតខាង ដោយ​ប្រើប្រាស់​ផ្លូវ​នេះ​សំរាប់​ដឹក​ជញ្ជូន​កសិផល​ពី​ភូមិភាគ​ពាយ័ព្យ មក​កាន់​កំពង់​ផែ​ទឹក​ជ្រៅ​នៅ​ក្នុង​ខេត្ត​នេះ ហើយ​បន្ត​ដឹក​ទៅ​កាន់​ប្រទេស​ចិន និង​បណ្តា​ប្រទេស​មួយ​ចំនួន
ទៀត​។ លោក​បាន​បន្ត​ថា «​នេះ​ការ​វិនិយោគ​ដ៏​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល ដើម្បី​ជំរុញ​កំនើន សេដ្ឋកិច្ច ព្រោះ​ដើម្បី​សេដ្ឋកិច្ច​រីក​ចម្រើន​បន្ថែម​ទៀត រដ្ឋាភិបាល​ត្រូវ​វិនិយោគ​លើ​ហេ​ដ្ឋា​រចនា​សម្ព័​ន្ឋ​ជា​ចាំបាច់​» ។

សូម​បញ្ជាក់​ថា សម្តេច ហ៊ុន សែន កាលពី​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៨ បាន​ថ្លែងការណ៍​ដោយ​ប្រកាស​បដិសេធ​ជា​ថ្មី​ថា កម្ពុជា​មិន​អនុញ្ញាត​ឲ្យ​មាន​កងទ័ព​បរទេស ណា​បោះទីតាំង​ឈរជើង​នោះ​ទេ ។ រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា បាន​កំណត់​យ៉ាង​ច្បាស់ ដោយ​មិន​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋាន​កងទ័ព​បរទេស​ណាមួយ នៅ​លើ​ទឹកដី​របស់​ខ្លួន​ឡើយ​។ ម្យ៉ាងទៀត កម្ពុជា​ក៏​មិន​មាន​មូលហេតុ​ណាមួយ ដើម្បី​ឲ្យ​បរទេស មក​បង្កើត​មូលដ្ឋានទ័ព​នោះ​ដែរ​។ សម្តេច​តេ​ជោ បាន​ថ្លែង​នា​ពេល​នោះ​ថា «​ខ្ញុំ​សូម​គូសបញ្ជាក់​ជូន​បងប្អូន​រួម​ជាតិ ក៏​ដូច​ជា​មិត្ត បរទេស​ទាំងអស់​ថា តើ​កម្ពុជា​មានការ​ចាត់តាំង ដើម្បី​នឹង រំលោភ​លើ​រដ្ឋធម្មនុញ្ញ​របស់​ខ្លួន​ឬ​ទ?រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា ត្រូវ​បាន​ហាមឃាត់​ជាមួយ​វត្តមាន​កងទ័ព​បរទេស ឬ មូលដ្ឋាន​យោធា​បរទេស​នៅ​ក្នុង​ទឹកដី​របស់​ខ្លួន ហើយ​កងទ័ព​របស់​ខ្លួន ក៏​ត្រូវ​បាន​ហាមឃាត់​មិន​ឲ្យ​ចូលរួម​នៅ​ក្នុង ប្រតិបត្តិការ​ជាមួយ​ប្រទេស​ណា​ទាំងអស់ លើកលែងតែ ក្រោម​ឆត្រ​របស់​អង្គការសហប្រជាជាតិ ដូចដែល​យើង កំពុង​ស្ថិត​នៅ​ប្រទេស​លី​បង់​ស៊ូ​ដង់ ស៊ូ​ដង់​ខាងត្បូង ម៉ា​លី អាហ្វ្រិក​កណ្តាល ។

នេះ​ជា​ចំណុច​មួយ ដែល​សុំ​បញ្ជាក់​ទៅ​កាន់​សាធារណជន ទៅ​កាន់​មិត្តភក្តិ​បរទេស ហើយ​ខ្ញុំ​ក៏​នឹង​ឆ្លើយ​លិខិត​របស់​អនុ​ប្រធានាធិបតី​អា​មេ​រិ​ក ដើម្បី បញ្ជាក់​អំពី​ជំហរ​របស់​កម្ពុជា​ទាក់ទង​ទៅ​នឹង​រដ្ឋធម្មនុញ្ញ របស់​ខ្លួន ដែល​ហាមឃាត់​នូវ​វត្តមាន​មូលដ្ឋាន​កងទ័ព​បរទេស​នៅ​ក្នុង​ប្រទេស​កម្ពុជា មិន​ថា​ជើងគោ​កជើង​ទឹក ឬ​ជើង​អាកាស​នោះ​ទេ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ