ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩នេះ ដែលជាថ្ងៃឱសានវាទសម្រាប់ការរៀបចំសណ្តាប់ធ្នាប់ នៅតាមដងផ្លូវជាតិក្នុងស្រុកនៃតំបន់ផ្សារចាស់ ស្ថិតក្នុងភូមិស្វាយលើ ឃុំស្វាយលើ ស្រុកស្វាយលើ ខេត្តសៀមរាប ដែលអាជ្ញាធរស្រុកបានជូនដំណឹងដល់ពួកគាត់អស់រយៈពេលជិតមួយខែមកហើយនោះ ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩នេះ ខាងអាជ្ញាធរស្រុកស្វាយលើក្រោមការដឹកនាំរបស់លោក សាត ពៅ អភិបាលរងស្រុកបានដឹកនាំកម្លាំងចម្រុះចាប់ផ្ដើមធ្វើការរុះរើតូបរបស់បងប្អូនអាជីវករដែលបានដាក់តាំងលក់ដូរនៅលើដីចំណីផ្លូវសាធារណៈផងដែរ ។ តាមប្រសាសន៍លោកសាត ពៅ អភិបាលរងស្រុកមានប្រសាសន៍ថា ដើម្បីធានាឱ្យបាននូវសុខសុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណ ជូនបងប្អូនប្រជាពលរដ្ឋក៏ដូចជា អ្នកធ្វើដំណើរឆ្លងកាត់តំបន់នោះតាមដងផ្លូវសាធារណ យើងទាំងអស់គ្នាត្រូវចូលរូមសហការគ្នា បញ្ចៀសនូវការកកស្ទះចរាចរណ៍ក្នុងការធ្វើដំណើរទៅមក និងបញ្ចៀសគ្រោះថ្នាក់ដល់អាយុជីវិតដោយប្រការណាមួយជាយថាហេតុ ជាពិសេសនៅក្នុងតំបន់ផ្សារចាស់ ក្នុងស្រុកស្វាយលើយើងនេះ ខណៈកន្លងមកមានបងប្អូនអាជីវករមួយចំនួនបានដាក់តាំងលក់ដូរនៅតាមចិញ្ចើមផ្លូវបាននឹងកំពុងប្រឈមទៅនឹងបញ្ហាគ្រោះថ្នាក់ចរាចរណ៍ផងដែរ ។
លោកបន្តទៀតថា ក្នុងឱកាសនេះសូមឱ្យបងប្អូនអាជីវករទាំងអស់មេត្តាបញ្ឈប់ការលក់ដូររបស់ខ្លួន នៅតាមចិញ្ចើមផ្លូវទៀតទៅ ហើយត្រូវទៅលក់ដូរនៅក្នុងផ្សារទាំងអស់គ្នាព្រោះថា រដ្ឋបាលស្រុកស្វាយលើនឹងត្រូវធ្វើការរុះរើតូបដែលបានដាក់តាំងលក់ នៅតាមចិញ្ចើមផ្លូវ និង កាត់សំយ៉ាបផ្ទាំងស្លាកយីហោតូចធំ ដែលលយចូលមកដល់ចំណីផ្លូវឱ្យអស់មុនថ្ងៃកំណត់ ដោយកំណត់ផ្លូវថ្នល់សងខាងប្រវែង១០ម៉ែត្រ គិតពីចំណុចអ័ក្សផ្លូវ តាមសំណូមពររបស់ប្រជាពលរដ្ឋ ខណៈដែលរដ្ឋបាលស្រុកបានជូនដំណឹងដល់ពួកគាត់ជាច្រើនដងរួចមកហើយ ដូច្នេះរឿងនេះមិនមែនថ្មីនោះទេ គឺវារ៉ាំរ៉ៃយូរមកហើយ ។
លោកសាត ពៅ បានបន្ថែមទៀតថា ប្រសិនបើបងប្អូនអាជីវករណាមិនមានតូបលក់ដូរនៅក្នុងផ្សារចាស់នេះទេបងប្អូនអាចទៅលក់ដូរនៅផ្សារថ្មីបាន គឺផ្សាររស្មីហេងមករា គឺជាផ្សារស្រុកស្វាយលើ ដែលកន្លែងនោះប្រកបទៅដោយផាសុកភាពមានអនាម័យល្អមានសណ្តាប់ធ្នាប់ក្នុងការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋផងដែរ ។
សូមបញ្ជាក់ផងដែរថា បន្ទាប់ពីកម្លាំងចម្រុះរបស់ស្រុកស្វាយលើបានចុះរុះរើតូបលក់ដូររបស់បងប្អូនអាជីវករនៅតំបន់ផ្សារចាស់នោះពុំឃើញមានការតវ៉ា ឬរារាំងដល់សមត្ថកិច្ចកំពុងអនុវត្តន៍ឡើយធ្វើទៅបានដោយរលួន ៕
ចែករំលែកព័តមាននេះ