ខេត្តបន្ទាយមានជ័យ ៖ ខ្យល់កន្ត្រាក់បានបន្តបំផ្លាញលំនៅដ្ឋានរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តបន្ទាយមានជ័យ ខណៈមានមេឃភ្លៀងលាយឡំជាមួយផ្គររន្ទះ និងខ្យល់ ។ នៅល្ងាចថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ ផ្ទៃមេឃមានភ្លៀងផ្គររន្ទះ និងលាយឡំជាមួយខ្យល់បក់បោកយ៉ាងខ្លាំង បណ្តាលឲ្យផ្ទះសម្បែងប្រជាពលរដ្ឋរួមទាំងសាលាឃុំសាលារៀន និងតូបលក់ដូរចំនួន៥ស្រុក-ក្រុង បានរងនូវការខូចខាត សរុបចំនួន៩៦ខ្នង រន្ទះបាញ់មនុស្សស្លាប់ម្នាក់ របួសម្នាក់ និងរងគ្រោះដោយសារមីនរបួសដាច់ជើងម្នាក់ ។ នេះបើយោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដែលបានបង្ហាញឲ្យដឹងនៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩នេះ ។
របាយការណ៍បានបញ្ជាក់ថា ស្រុក-ក្រុង ដែលរងនូវការខូចខាតផ្ទះសម្បែងនោះមាន១-ស្រុកព្រះនេត្រព្រះ ខូចខាតចំនួន២ខ្នង (របើកដំបូល) មានរន្ទះបាញ់មនុស្សស្លាប់ម្នាក់ឈ្មោះ គឹម ពេទ ភេទប្រុស អាយុ៤៥ឆ្នាំ នៅភូមិស្រះខ្ទុំ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខណៈពេលជនរងគ្រោះទៅដាក់អង្គុបសត្វកណ្តុរ នៅចម្ងាយពីភូមិ២.០០០ម៉ែត្រ ។ ២-ស្រុកថ្មពួកខូចខាតចំនួន៤៤ខ្នង (របើកដំបូលផ្ទះចំនួន៤៣ខ្នង តូប១ខ្នង) មានរន្ទះបាញ់អង់តែនឆ្លងចរន្ត បណ្តាលឆក់របួសមនុស្សម្នាក់ឈ្មោះហាន សួន ភេទស្រី អាយុ៦៣ឆ្នាំ នៅថ្មីកណ្តាល ឃុំភូមិថ្មី ស្រុកថ្មពួក និងម្នាក់ទៀតដើរជាន់មីនផ្ទុះ បណ្តាលឲ្យរបួសដាច់ជើងម្ខាង ខណៈពេលដើរបេះបន្លែ នៅចំណុចជិតព្រំដែន ឈ្មោះដុក ស្រីពៅ ភេទស្រី អាយុ៣៣ឆ្នាំ នៅភូមិតាម៉ាំង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ ៣-ស្រុកអូរជ្រៅ ខូចខាតចំនួន៤៨ខ្នង (របើកដំបូលផ្ទះ៤៦ខ្នង សាលាឃុំខ្នង សាលារៀន១ខ្នង) ។៤ -ក្រុងសិរីសោភ័ណចំនួន១ខ្នង (របើកដំបូល) ។៥ -ស្រុកស្វាយចេក ខូចខាត ១ខ្នង(របើកដំបូល) ។
នៅថ្ងៃទី០២ខែឧសភា ឆ្នាំ២០១៩នេះ ដោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ។ លោកវរសេនីយ៍ទោសែស វិបុលអធិការនគរបាលស្រុកអូរជ្រៅ និង លោកវរសេនីយ៍ត្រី គុយ យ៉ាន អធិការស្តីទីស្រុកថ្មពួកបានដឹកនាំកម្លាំងចុះជួយរុះរើដើរប្រមូលស័ង្កសីដែលហោះហើរទុកដាក់ និងជួសជុលផ្ទះសម្បែងជូនប្រជាពលរដ្ឋឡើងវិញ ចំណែកបណ្តាស្រុកក្រុងមួយចំនួនបន្តជួសជុលផ្ទះដែលខូចខាតពីមុននៅមិនទាន់ជួសជុលផងដែរ ៕
ចែករំលែកព័តមាននេះ