ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្ត​ភ្នំ​ហាន់ជ័យ ​មាន​បារមី​សក្តិ​សិទ្ធិ​តាំងពី​ដើម

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ វត្ត​ភ្នំ​ហាន់ជ័យ​មាន​ទីតាំង​អំណោយផល​ល្អ​នៅ​លើ​កំពូលភ្នំ ប្រប​តាម​ដង​ទន្លេមេគង្គ ក្នុង​ឃុំ​ហាន់ជ័យ ស្រុក​កំពង់សៀម ។ វត្ត​នេះ​មាន​បារមី​ពូកែ​សក្តិ​សិទ្ធិ សូ​ម្បី​តែ​យន្តហោះ​ធ្លាប់​ទម្លាក់​គ្រាប់បែក​ប៉ង​កម្ទេច​ចោល​ក៏​មិន​ខ្ទេច​ដែរ ។…

ខេត្តកំពង់ចាម ៖ វត្ត​ភ្នំ​ហាន់ជ័យ​មាន​ទីតាំង​អំណោយផល​ល្អ​នៅ​លើ​កំពូលភ្នំ ប្រប​តាម​ដង​ទន្លេមេគង្គ ក្នុង​ឃុំ​ហាន់ជ័យ ស្រុក​កំពង់សៀម ។ វត្ត​នេះ​មាន​បារមី​ពូកែ​សក្តិ​សិទ្ធិ សូ​ម្បី​តែ​យន្តហោះ​ធ្លាប់​ទម្លាក់​គ្រាប់បែក​ប៉ង​កម្ទេច​ចោល​ក៏​មិន​ខ្ទេច​ដែរ ។ សព្វ​ថ្ងៃនេះ​ប្រជា​ពល​ដ្ឋ​គ្រប់​ស្រទាប់វណ្ណៈ ពី​គ្រប់​ទិស​ទី​តែង​ទៅ​បែ​បន់​បួងសួង​សុំ​សេចក្តីសុខ​ក្នុង​គ្រួសារ និង​ប្រាថ្នា​ប៉ង​អ្វីមួយ​គឺ​បាន​សម្រេច​តាម​បំណង ។

លោក​ម៉​ន ខុន អាយុ​៦០​ឆ្នាំ នៅ​ភូមិ​បុស​ពោធិ៍ ឃុំ​មេស​ជ្រៃ ស្រុក​ស្ទឹង​ត្រង់ ឲ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា នៅ​ព្រឹក​ព្រលឹម ស្រាង​ៗ​គាត់ និង​ប្រពន្ធ​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​ទៅ​សែន​ផ្នូរ​ឪពុក​ម្តាយ​នៅ​វត្ត​បឹង​ស្នាយ សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ធ្វើ​ទៅ​តាម​ប្រពៃណី​រាល់​ឆ្នាំ​មិន​ដែល​អាក់ខាន​ម្តងណា​ឡើយ ។ បន្ទាប់​មក​មុន​ពេល​ត្រឡប់​ទៅ​ផ្ទះ​វិញ ក៏​ចូល​សម្រាក​ពិសា​បាយ​នៅ​ក្រោម​រោង​មួយ​ក្នុង​វត្ត​ភ្នំ​ហាន់ជ័យ ។

លោក​ម៉​ន ខុន ថា កន្លង​មក​រូប​លោក និង​ប្រពន្ធ​បាន​យក​បច្ច័យ​ខ្លះ​ចូល​បុណ្យ​សម្រាប់​ទុក​កសាង​សមិទ្ធ​ផល​នានា​ក្នុង​ទី​អារាម ហើយ​ប្រាថ្នា​សុំ​សេចក្តីសុខ គឺ​បាន​សម្រេច​មែន ហេតុ​ដូច្នេះ​ហើយ​បានជា​ក្រុម​គ្រួសារ​លោក​តែងតែ​ទៅ​លេង​វត្ត​ភ្នំ​ហាន់ជ័យ ។ កាលពីមុន​នៅ​ក្នុង​បរិវេណ​វត្ត​មិនសូវ​មាន​អ្វី​ប្លែក​ច្រើន​ទេ តែ​មក​ដល់​សព្វថ្ងៃ​ក្រោម​ការ​ដឹកនាំ​របស់​ព្រះ​ចៅអធិការ​វត្ត មាន​សមិទ្ធផល​ច្រើន​ស្ទើរ​ពេញ​បរិវេណ​វត្ត​ទៅ​ហើយ​។ វត្ត​នេះ​តែងតែមាន​មនុស្ស​ម្នា​ទៅ​លេង​រាល់ថ្ងៃ​មិន​ដាច់​ទេ ។ តាម​រយៈ​ការ​បែ​បន់​កន្លង​មក​ក្រុម​គ្រួសារ​របស់​គាត់ បាន​សេចក្តីសុខ​រហូត​មក ។ ជាក់ស្តែង​ដំណាំ​ស្វាយចន្ទី និង​ដំឡូង​មី ផល​ដែល​បាន​មក​គឺ​ដោះស្រាយ​ជីវភាព​គ្រួសារ​សម​ល្មម និង​សល់​ប្រាក់​មួយ​ចំនួន​សម្រាប់​ធ្វើបុណ្យ ។

លោកតា​ហួ​ន ឈាង​លី វ័យ​៧២​ឆ្នាំ ដែល​ជា​ចាស់ទុំ​នៅ​វត្ត​ហាន់ជ័យ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ចាប់តាំងពី​ពេល​ដែល​គាត់​ទៅ​នៅ​វត្ត​នេះ​រយៈពេល​៤​ឆ្នាំ​ឃើញ​ប្រជាពលរដ្ឋ​ខ្លះទៅ​បែ​បន់​សុំ​ឲ្យ​មានកូន និង​សេចក្តី​សុខ​សាន្ត​ក្នុង​ក្រុម​គ្រួសារ ហើយ​បាន​ដូច​សេចក្តី​ប្រាថ្នា​មែន ។ បន្ទាប់​មក​អ្នក​បួងសួង​នោះ​បាន​យក​របស់របរ​ទៅ​លាបំណន់ និង​បាន​ចូល​បច្ច័យ សម្រាប់​កសាង​សមិទ្ធផល ផ្សេង​ៗ​ក្នុង​នោះ​មាន​តាំងពី​ឧកញ៉ា​ផង​ដែរ ។

លោកតា​ឈាង លី រំលឹក​ថា កាលពី​ក្នុង​សម័យ​លន់ ន​ល់ យន្តហោះ​បាន​ទម្លាក់​គ្រាប់​ណា​ប៉ា​ល់​ពីលើ​អាកាស​ប៉ង​កម្ទេច​វត្ត​ភ្នំ​ហាន់ជ័យ​ចោល​ទាំងស្រុង តែ​ដោយ​មាន​បារមី​ពូកែ​សក្តិ​សិទ្ធិ គ្រាន់តែ​ធ្វើ​ឲ្យ​ព្រះ​បដិមា​ក្នុង​ព្រះ​វិហារ​រោល​ខ្មៅ​ប៉ុណ្ណោះ ។

ព្រះ​មុនី​សោភ័ណ​ប៊​ត តាំង​ឆេ​ង ចៅអធិការ​វត្ត​ភ្នំ​ហាន់ជ័យ និង​ជា​មេគណ​ខេត្ត មាន​ថេរ​ដីកា​ថា ទី​អារាម​នេះ​នៅ​ក្នុង​សម័យ​លន់ ន​ល់ ការ​ទម្លាក់​គ្រាប់បែក​ធ្វើ​ឲ្យ​សមិទ្ធផល​ក្នុង​ទី​អារាម រង​ការ​ខូចខាត ក្នុង​នោះ​នៅ​សល់​ព្រះ​បដិមា​ក្នុង​ព្រះ​វិហារ សល់​កុដិ​២​ខ្នង និង​សាលា​១​ខ្នង ។ សម័យ​ប៉ុ​ល ពត ត្រូវ​បាន​បំផ្លាញ​ខ្ទេច​ដោយ​រុះ​កុដិ និង​សាលា​ក្នុង​បរិវេណ​ទី​អារាម ។

នៅ​ឆ្នាំ​១៩៧៩ វត្ត​បានក​កើតឡើង​វិញ​។ បន្ទាប់​មក​ក្នុង​ឆ្នាំ​១៩៨៧ បាន​កសាង​សមិទ្ធផល​ជា បណ្តើរ​ៗ ។ ចំពោះ​ក្នុងអំឡុងពេល​ព្រះ​មុនី​សោភ័ណ​ប៊​ត តាំង​ឆេ​ង ឡើងជា​ចៅអធិការ វត្ត​នេះ​បាន​ចាប់ផ្តើម​មានឈ្មោះ​បោះ​សំឡេង​តាម​រយៈ​ជំនឿ ដោយ​ពុទ្ធបរិស័ទ​មក​ឲ្យ​ស្រោច​ទឹក និង​ធ្វើ​ពិធី ផ្សេង​ៗ ។ បុគ្គល​ទាំងនោះ​សម្រេច​តាម​ក្តី​ប្រាថ្នា​របស់​ពួក​គេ ។ បន្ទាប់​មក​គេ​យក​បច្ច័យ​ចូល​បុណ្យ​រួមចំណែក​កសាង​វត្ត ដែល​រហូត​មក​ដល់​សព្វថ្ងៃ​មានការ​រីក​ចម្រើន ជាក់ស្តែង​ទីធ្លា​វត្ត​បាន​ចាក់​បេតុង ។

ចៅអធិការ​វត្ត​នៅ​ចាំ​បាន​ថា កាលពីមុន​ផ្លូវ​ចេញពី​ក្រុង​កំពង់ចាម​ទៅ​កាន់​ភ្នំ​ហាន់ជ័យ​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ ហើយ​ពឹង​ឲ្យ​ភ្នាក់ងារ​កោះសន្តិភាព​ប្រចាំ​ខេត្តកំពង់ចាម ជួយ​សរសេរ​ផ្សាយ ។ តាម​រយៈ​ការ​ផ្សាយ​នោះ​លោក​ហ៊ុន ណេ​ង អតីត​អភិបាលខេត្ត​បាន​ជួយ​កសាង​ផ្លូវ​១​ខ្សែ​ទៅ​កាន់ជើង​ភ្នំ​ហាន់ជ័យ​។ ចាប់ពី​ពេល​នោះ​មក​បាន​ធ្វើ​ឲ្យ​មហាជន​នៅ​គ្រប់​ទិស​ទី នាំ​គ្នា​ធ្វើបុណ្យ​នៅ​វត្ត​ភ្នំ​ហាន់ជ័យ​ជា​ហូរហែ មាន​ទាំង​អ្នក​នៅ​ក្នុង​ប្រទេស និង​នៅ​ក្រៅប្រទេស ។

មហាជន​មាន​ជំនឿ​លើ​ចៅអធិការ​វត្ត​ដោយសារ​តែ​គេ​ឃើញ​កសាង​សមិទ្ធផល​ក្នុង​វត្ត​បាន​ច្រើន គឺ​បាន​បច្ច័យ​មក​ប៉ុន្មាន​កសាង​អស់ ហើយ​បាន​មក​ទៀត កសាង​បន្ត​ទៀត ។

លោក​សឹង ភា​រុំ ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្ត​ឲ្យ​ដឹង​ថា នៅ​លើ​ភ្នំ​ហាន់ជ័យ​មាន​ប្រាសាទ​បុរាណ​ចំនួន​២ ក្នុង​នោះ​ប្រាសាទ​កសាង​ឡើង​ពី​ឥដ្ឋ និង​ប្រាសាទ​គុក​ឦសាន កសាង​នៅ​ក្នុង​សម័យ​ចេ​ន​ឡា ។ នៅ​ចង្កេះភ្នំ​មាន​ប្រាសាទគុកព្រះធាតុ​បាន​ជួសជុល​រួច​១០០​ភាគរយ ។ ប្រាសាទ​មួយទៀត​បាន​ខូចខាត​អស់​សល់​តែ​គ្រឹះ​ខាងក្រោម ។ ប្រាសាទ​ខូចខាត​ដោយសារ​តែ​កត្តា​អាកាសធាតុ​ច្រើន​ជាង​មនុស្ស​បំផ្លាញ ។

នៅ​លើ​ភ្នំ​ហាន់ជ័យ​មាន​ឆ្មាំ​ការពារ​ម្នាក់ គឺ​លោក​ឡាន គឹ​មហា​ន ។ កន្លង​មក​ក្រសួង​វប្បធម៌​បាន​ចាត់​ឲ្យ​ក្រុមបច្ចេកទេស​ជួសជុល​ប្រាសាទ​លើ​ភ្នំ​ហាន់ជ័យ ដែល​បាន​ខូចខាត​ដោយ​ជួសជុល​ឲ្យ​ដូច​ដើម​វិញ ។ ប្រាសាទ​ឥដ្ឋ​កសាង​ឡើង​សម្រាប់​គោរព​តាម​ជំនឿ​ព្រហ្មញ្ញសាសនា ពលរដ្ឋ​ភាគច្រើន​នាំ​គ្នា​គោរព​តាម​ជំនឿ​២​បែប គឺ​ព្រះពុទ្ធ​សាសនា និង​ព្រហ្មញ្ញសាសនា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ