ដើម្បីកុំឱ្យមានពៀរវេរានឹងគ្នា បុគ្គលគប្បីរៀនអប់រំចិត្តឱ្យនឹងថ្កល់ដូចភ្នំថ្មតាន់ទោះជាត្រូវភ្លៀង ព្យុះវាយប្រហាររបើកអាកាសយ៉ាងណាក៏មិនកម្រើកញាប់ញ័រ រៀនអប់រំចិត្តឱ្យចេះអត់ធន់ ចេះឱ្យអភ័យដល់អ្នកនៅជុំវិញខ្លួន និងគួររៀនធ្វើគធ្វើថ្លង់ខ្លះចំពោះរឿងណាដែលឥតប្រយោជន៍ក៏មិនថ្វី កុំចូលចិត្តធ្វើជាមនុស្សត្រចៀកទិព្វ ភ្នែកទិព្វ មាត់ទិព្វពេកនាំតែកើតសត្រូវជុំទិស ព្រោះរឿងខ្លះវាជារឿងដែលមិនបានការ រឿងឥតប្រយោជន៍ ខំតតាំងយកឈ្នះក៏មិនបានផល ។
ការងារណាដែលមានប្រយោជន៍ ការងារណាដែលសំខាន់គប្បីប្រឹងប្រែងខំសង្វាតឡើងទើបទទួលបានផលល្អ គឺកុំខ្វល់នឹងរឿងឥតបានការច្រើនពេក អ្នកណាធ្វើកម្មណាទុកឱ្យគេទទួលកម្មនោះដោយខ្លួនឯងចុះ ។
ព្រះមានព្រះភាគទ្រង់ត្រាស់ថា បុគ្គលដែលមានចិត្តបដិឃៈប្រកាន់ថ្នាំងថ្នាក់ដក់ជាប់ក្នុងអារម្មណ៍ រកឱកាសប្រទូស្តជាមួយអ្នកដទៃ ពៀរនេះនឹងធ្លាក់មកលើបុគ្គលនោះវិញដដែលដូចបាចអង្កាមច្រាសខ្យល់ រស់នៅមិនបានសុខឡើយ ។
មានតែអ្នកមានចិត្តជា មិនបៀតបៀន មិនប្រទូស្តដល់បុគ្គលដទៃទេ ទើបបានសុខក្សេមក្សាន្តទាំងក្នុងលោកនេះនិងលោកខាងមុខ ។
ចែករំលែកព័តមាននេះ