រាជធានីភ្នំពេញ ៖ រថយន្តធុនដឹកសសរគ្រឹះមួយគ្រឿង បើកបោះពួយក្នុងល្បឿនលឿនហើយបានជ្រុលទៅបុករថយន្តដឹកទំនិញ១គ្រឿងពីក្រោយពេញទំហឹងកៀបជាប់គ្នារួចរុញទៅបុកផ្ទុករថយន្តបែនដឹកដី១គ្រឿងទៀត ដែលកំពុងឈប់ចតស្ងៀមទាំងកម្រោល ។ បណ្ដាលឲ្យរថយន្តដឹកដីនោះខ្ទាតផ្លោងធ្លាក់ចូលទៅក្នុងទឹកប្រឡាយ ចំណែកអ្នកបើកបររថយន្តដឹកទំនិញបានកៀបជាប់នៅក្នុងកាប៊ីនរបួសយ៉ាងធ្ងន់ធ្ងរ រីឯកូនស្រីរួមដំណើរជាមួយរងរបួសស្រាល បន្ទាប់មកអ្នកបើកបររថយន្តដឹកសសរគ្រឹះបង្កហេតុនោះបានចុះរត់គេចខ្លួនបាត់ ។
ហេតុការណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៩ នៅតាមបណ្តោយមហាវិថីឈ្នះឈ្នះ ស្ថិតនៅក្នុងភូមិស្រែរាជ្ជះ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ជនរងគ្រោះរបួសធ្ងន់ធ្ងរកៀបជាប់ក្នុងកាប៊ីនរថយន្តឈ្មោះ អៀង លីហួ អាយុ៣៦ឆ្នាំ រថយន្តដឹកទំនិញម៉ាក ពណ៌បៃតង ពាក់ស្លាកលេខព្រះសីនុ 3A – 1763 ។ ចំណែករថយន្តដឹកសសរគ្រឹះម៉ាកហ៊ីយ៉ាន់ដាយ ពណ៌លឿង ពាក់ស្លាកលេខ ភ្នំពេញ 3D-5967 អ្នកបើកបរគេចខ្លួនបាត់ ។
រីឯរថយន្តបែនដឹកដីដែលធ្លាក់ចូលប្រឡាយក្រឡាប់នោះម៉ាកហ៊ីណូ ពណ៌ក្រហម ពាក់ស្លាកលេខ ចង្កូតស្តាំ PP – 0213 អ្នកបើកបររត់គេចខ្លួនបាត់ស្រមោលដែរ ។ តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុរថយន្តបែនដឹកទំនិញបានបើកឆ្លងផ្លូវពីកើតទៅលិច បន្ទាប់មកបានបត់ឆ្ពោះទៅត្បូងផុតហើយស្រាប់តែរថយន្តដឹកសសរគ្រឹះបេតុងម៉ាកហ៊ីយ៉ាន់ដាយ បើកបរក្នុងល្បឿនលឿនបោះពួយពីជើងទៅត្បូងជ្រុលទៅបុករុញពីក្រោយពេញទំហឹង ។
ខណៈនោះបានធ្វើឲ្យរថយន្តដឹកទំនិញខ្ទាតជ្រុលទៅបុករុញរថយន្តបែនដឹកដី១គ្រឿងទៀតដែលកំពុងឈប់ស្ងៀម បណ្ដាលឲ្យរថយន្ដដឹកដីខ្ទាតធ្លាក់ចូលប្រឡាយទឹកក្រឡាប់ ហើយអ្នកបើកបររថយន្តដឹកទំនិញគាបជាប់ក្នុងកាប៊ីន ។ ប្រភពដដែលបានបន្តថា ក្រោយកើតហេតុ ជនរងគ្រោះដែលជាអ្នកបើករថយន្តដឹកទំនិញត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ ចេញទៅអន្តរាគមន៍ និងគាស់យកជនរងគ្រោះចេញពីក្នុងកាប៊ីនរួចដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យព្រះកុសុមៈ ។
ចំណែករថយន្តទាំង៣គ្រឿងខាងលើត្រូវបាននគរបាលចុះទៅវាស់វែង និងស្ទូចលើកយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំការដោះស្រាយពេលក្រោយ ៕
ចែករំលែកព័តមាននេះ