ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សម្រួល​មិនត្រូវដដែល…រឿង​ផ្ទះ​ជួល​ឡើង​​ថ្លៃ​​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​កម្មករ​កម្មការិនី​ នាំ​គ្នា​ផ្ទុះ​ការ​តវ៉ា​បិទផ្លូវ​វេ​ង​ស្រេង ខណៈ​វិល​ត្រឡប់​មក​ពី​ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិ​នៅ​ស្រុក​កំណើត​វិញ ស្រាប់តែ​ឮដំណឹង​ថា​ម្ចាស់ផ្ទះ​ជួល​ទាមទារ​ដំឡើង​ថ្លៃ​ផ្ទះ​ក្នុង​មួយ​ខែ​ចំនួន​១០​ដុល្លារ​បន្ថែម​ បាន​ផ្ទុះ​ការ​តវ៉ា​មួយ​លើក​ទៅ​ហើយ ប៉ុន្តែ​សម្របសម្រួល​មិន​ត្រូវ ។…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​កម្មករ​កម្មការិនី​ នាំ​គ្នា​ផ្ទុះ​ការ​តវ៉ា​បិទផ្លូវ​វេ​ង​ស្រេង ខណៈ​វិល​ត្រឡប់​មក​ពី​ចូល​ឆ្នាំ​ថ្មី ប្រពៃណី​ជាតិ​នៅ​ស្រុក​កំណើត​វិញ ស្រាប់តែ​ឮដំណឹង​ថា​ម្ចាស់ផ្ទះ​ជួល​ទាមទារ​ដំឡើង​ថ្លៃ​ផ្ទះ​ក្នុង​មួយ​ខែ​ចំនួន​១០​ដុល្លារ​បន្ថែម​ បាន​ផ្ទុះ​ការ​តវ៉ា​មួយ​លើក​ទៅ​ហើយ ប៉ុន្តែ​សម្របសម្រួល​មិន​ត្រូវ ។

លោក​ចៅសង្កាត់​ចោម​ចៅ​ទី​១ បាន​កោះហៅ​ម្ចាស់ផ្ទះ​ឡ ដែល​មាន​គម្រោង​ឡើងថ្លៃ​ឈ្នួល​ផ្ទះ​ជួល​នោះ​ទៅ​សម្របសម្រួល​នៅ​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ​កាលពី​ល្ងាច​ថ្ងៃ​ទី​២២ មេ​សា រួច​ហើយ​លោក​ចៅសង្កាត់​បាន​ពាំនាំ​យក​ដំណឹង ពី​ការ​សម្របសម្រួល​នេះ​ទៅ​ប្រាប់​កម្មករ​កម្មការិនី​នៅ​វេលា​ម៉ោង​៧​យប់​ក្នុង​ថ្ងៃ​ដដែល ក៏​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ម្តងទៀត ដោយសារ​តែ​កម្មករ​កម្មការិនី​មិន​ឯកភាព​ទេ សុំ​ឱ្យ​ម្ចាស់ផ្ទះ​យក​តម្លៃ​ដដែល​វិញ ។ ហេតុការណ៍​នេះ​កើតឡើង​នៅផ្ទះ​ឡ​ភូមិ ត្រពាំង​ថ្លឹង​២ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បើ​តាម​សម្តី​លោក កង វង ចៅសង្កាត់​ចោម​ចៅ​ទី​១ បាន​បញ្ជាក់​ប្រាប់​ថា បន្ទាប់​ពី​កោះហៅ ម្ចាស់ផ្ទះ​ជួល​ទៅ​សម្របសម្រួល​នៅ​សាលា​ខណ្ឌ​ពោធិ៍​សែន​ជ័យ ម្ចាស់ផ្ទះ​បាន​លើក​ហេតុផល​មក​បញ្ជាក់​ប្រាប់​លោក​អភិបាល​ខណ្ឌ នឹង​លោក​ជា​ចៅសង្កាត់​ថា ផ្ទះ​ដែល​មាន​គម្រោង​ឡើងថ្លៃ​នោះ​ជា​ផ្ទះថ្ម មាន​បន្ទប់ទឹក​នៅ​ខាងក្នុង​ហើយ​ក្រាល​ការ៉ូ មាន​ឡៅតឿ បន្ទប់​ធំ​ទូលាយ ម្ចាស់ផ្ទះ​នឹង​ដំឡើង​ថ្លៃ​ចាប់ពី​៣០​ដុល្លារ រហូត​ដល់​៥០​ដុល្លារ តែ​ក៏​មិន​ទាន់​ឡើងថ្លៃ​ភ្លាម​ៗ​ដែរ​គឺ​ឡើង​ក្នុង​រយៈពេល​៣​ខែ​ទៀត ។

ទោះបីជា​បែប​នេះ​ក្តី​អភិបាល​ខណ្ឌ និង​លោក​ចៅសង្កាត់​សុំ​ឱ្យ​មានការ​បញ្ចុះតម្លៃ​ខ្លះ ដោយ​បញ្ចុះ​បាន​៥​ដុល្លារ ចំពោះ​ផ្ទះ​ដែល​តម្លៃ​៣០​ដុល្លារ ៣៥​ដុល្លារ​ឡើង​៤០​ដុល្លារ រហូត​ដល់​៥០​ដុល្លារ ។ លោក​បាន​បញ្ជាក់​ទៀត​ថា ចំពោះ​ផ្ទះ​ឈើ​នៅ​ក្រោម ដែល​ប្រើ​បន្ទប់ទឹក​រួម​គ្នា​តម្លៃ​ចាប់ពី​២០​ដុល្លារ​ឡើង ម្ចាស់ផ្ទះ​មិន​ដំឡើង​ថ្លៃ​ឈ្នួល​ឡើយ​គឺ​រក្សា​ដដែល ។

លោក​ចៅសង្កាត់​បាន​បញ្ជាក់​ទៀត​ថា ចំពោះ​ផ្ទះ​ដែល​ឡើង​តម្លៃ​ថ្លៃ ចាប់ពី​៣០​ដុល្លារ​ឡើង​ទៅ គឺ​ម្ចាស់ផ្ទះ​ទុក​ឱកាស​រយៈពេល​៣​ខែ​ឱ្យ​មាន​តម្លៃ​នៅ​ដដែល ហើយ​៣​ខែ​ក្រោយ​នឹង​ឡើងថ្លៃ​ត្រឹមតែ​៥​ដុល្លារ​តែ​ប៉ុណ្ណោះ តែបើ​ថ្លៃ​ឈ្នួល​ផ្ទះ​ថ្លៃ​ពេក​មិន​មាន​លទ្ធភាព​ជួល​កម្មករ​កម្មការិនី​មាន​សិទ្ធិ​រើ​ចេញ ក្នុង​រយៈពេល​ក្រោយ​៣​ខែ ដើម្បី​ទុក​សម្រាប់​ឱ្យ​អ្នកមាន​សមត្ថភាព​ជួល ព្រោះ​ម្ចាស់ផ្ទះ​មាន​សិទ្ធិ ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​បញ្ជាក់​ទៀត​ថា ខណៈ​ពេល​លោក​ចៅសង្កាត់​លើក​ហេតុផល​ខាងលើ​មក​ប្រកាសប្រាប់ ដោយ​កម្មករ​កម្មការិនី​ដែល​មក​តវ៉ា​មួយ​ចំនួន​ប្រមាណ ជាង​៣​រយ​នាក់ មិន​យល់​ស្រប​ទេ ដោយ​ពួក​គាត់​បាន​លើក​ហេតុផល​មក​បញ្ជាក់​មុខ​ចៅសង្កាត់ ថា តម្លៃ​ឈ្នួល​ប៉ុណ្ណឹង​វា​ថ្លៃ​ទៅ​ហើយ ព្រោះ​ផ្ទះ​ខាងលើ​ពុំ​មានទឹក​ភ្លើង​ប្រើប្រាស់​គ្រប់គ្រាន់​ឡើយ ដោយនៅ​ថ្ងៃ​ខ្លះ​ដាច់​ទឹក​ពុំ​មាន​ប្រើ​ផង ហើយ​ម្ចាស់ផ្ទះ​ពុំ​បាន​យកចិត្តទុកដាក់​ទៅ​លើ​ពួក​គាត់​ឡើយ ។

ចំណែក​ការ​ឡើង​តម្លៃ​ផ្ទះ​ជួល​ក្រុម​កម្មករ​ចោទ​ថា​ឡើង​តែ​ផ្ទះ​ជួល​មួយ​នេះ​ទេ ផ្ទះ​ផ្សេង​មិន​មាន​ឡើង​ទេ​ហើយ​អាង​អី​និយាយ​ភាសា​ដដែល​ៗ​ថា បើ​រស់នៅ​មិនកើត នាំ​គ្នា​ចេញ​ទៅ​នៅ​ធ្វើ​អ្វី ។ ក្រោយ​ពេល​កើតហេតុ​ដោយ​និយាយ​ដដែល​ៗ អស់​រយៈពេល​ប្រមាណ​ជិត​២​ម៉ោង ទៅ​ហើយ​លោក​ចៅសង្កាត់​ដោះស្រាយ​មិន​ចេញ​ដដែល​ក៏​ឈប់​និយាយ​ហើយ​ដើរ​ចេញ​ទៅ ៕

អត្ថបទសរសេរ ដោយ