ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វូង​ដំរីព្រៃ​បង្ហាញខ្លួន​នៅ​ចំណុច​ដដែល តាំងពី​ថ្ងៃ​ទី​២០ ដល់​២៣ មេ​សា​…

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​មួយ​បាន​ឲ្យ​ដឹង​ថា ដំរីព្រៃ​ជា​ច្រើន​ក្បាល​បាន​បង្ហាញខ្លួន​ជា​ថ្មី​ទៀត នៅ​បរិវេណ​ខាងក្រោយ​សាលាស្រុក​កែវ​សីមា និង​នៅ​ចំណុច​ស្រះ​ទឹក​ក្នុង​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្រែ​ព្រះ មាន​ចម្ងាយ​ប្រហែល​៣០០​ម៉ែត្រ​ប៉ុណ្ណោះ​ពី​ផ្លូវជាតិ​លេខ​៧៦ ក្នុងភូមិ​អូរ​អាម ឃុំ​ស្រេ​ខ្ទុ​ម ស្រុក​កែវ​សីមា…

ខេត្តមណ្ឌលគិរី ៖ សេចក្តីរាយការណ៍​មួយ​បាន​ឲ្យ​ដឹង​ថា ដំរីព្រៃ​ជា​ច្រើន​ក្បាល​បាន​បង្ហាញខ្លួន​ជា​ថ្មី​ទៀត នៅ​បរិវេណ​ខាងក្រោយ​សាលាស្រុក​កែវ​សីមា និង​នៅ​ចំណុច​ស្រះ​ទឹក​ក្នុង​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្រែ​
ព្រះ មាន​ចម្ងាយ​ប្រហែល​៣០០​ម៉ែត្រ​ប៉ុណ្ណោះ​ពី​ផ្លូវជាតិ​លេខ​៧៦ ក្នុងភូមិ​អូរ​អាម ឃុំ​ស្រេ​ខ្ទុ​ម ស្រុក​កែវ​សីមា ។

វត្តមាន​ជា​ថ្មី​របស់​ហ្វូង​ដំរីព្រៃ​ទាំងនោះគឺ​តាំងពី​ថ្ងៃ​ទី​២០ ​មេសា ហើយ​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៣ ខែមេសា ពួក​វា​កំពុង​ស្ថិត​នៅ​ចំណុ​ច​ដដែល ។ ជា​ទូទៅ ដំរីព្រៃ​ទាំងនោះ​ តែង​ចេញ​មក​ចំណុច​ខាងលើ​ជា​រៀង​​រាល់​ឆ្នាំ​ក្នុង​រដូវ​នេះ ព្រោះ​ទីតាំង​ខាងក្រោយ​សាលាស្រុក​កែវ​សីមា និង​បរិវេណ​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្រែ​ព្រះ ជា​ជម្រក​ចាស់​របស់​ពួក​វា ។

ហ្វូង​ដំរីព្រៃ​ទាំងនេះ ​មិន​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​ទេ ​គិត​រហូតមក​ដល់​ពេល​នេះ ប៉ុន្តែ​ទោះជា​យ៉ាងណា​មន្ត្រី​បរិស្ថាន​ក្នុង​តំបន់​បាន​ឃ្លាំមើល​ពី​បំ​លាស់​ទី​របស់ពួក​វា​ជា​ប្រចាំ ដើម្បី​បង្ការ​ហានិភ័យ​ផ្សេង​ៗ​ដែលអាច​កើតឡើង​ពី​សកម្មភាព​របស់​ពួក​វា​មក​លើ​អ្នកស្រុក ។ បើ​តាម​មន្ត្រី​បរិស្ថាន​និយាយ​ថា ដំរីព្រៃ​ទាំង​អស់នេះ​មាន​ចំនួន​៧​ក្បាល ហើយ​ការ​ចេញពី​ព្រៃ​ជ្រៅ​មក​ក្បែរ​ភូមិ​អ្នកស្រុក គឺ​ពួក​វា​មក​រក​ផឹកទឹក និង​ស៊ី​ចំណី ។

លោក កែវ សុភ​គ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត បាន​ឲ្យ​ដឹង​ថា មួយ​រយៈ​នេះ​សម្រាប់​ខេត្តមណ្ឌលគិរី​មាន​ភ្លៀង​ធ្លាក់​ជោកជាំ ដែល​ជា​រឿងដ៏​ប្រសើរ​មួយ​ព្រោះថា ក្នុង​ព្រៃ​នៅ​តែ​មាន​ប្រភពទឹក​ដើម្បី​ឲ្យ​សត្វព្រៃ​ផឹក ។ ករណី​​នេះ មន្ត្រី​បរិស្ថាន​និង​មន្ត្រី​អង្គការ WCS ក្នុង​តំបន់​ក៏​បាន​ត្រៀម​ដឹក​ទឹក​ទៅ​ចាក់​ក្នុង​ថ្លុក ឬ​ត្រពាំង ក្នុង​ព្រៃ​ឲ្យ​មាន​ប្រភព​ទឹកជា​ប្រចាំ​ដែរ ប្រសិនបើ​ប្រភព​ទឹក​នោះ​ត្រូវ​រីង​ហួត ។

នៅ​រដូវប្រាំង​បែប​នេះ មន្ត្រី​ជំនាញ​ក៏​នឹង​បង្កើន​ការ​ល្បាត​ព្រៃ និង​ចាំ​ឃ្លាំមើល​យ៉ាង​យកចិត្ត​ទុកដាក់​ដែរ ព្រោះ​ព្រានព្រៃ​តែង​ចេញ​ប្រមា​ញ់​ក្នុង​រដូវ​នេះ ហើយ​ការ​បរបាញ់​សត្វព្រៃ​ពី​សំណាក់​ជនល្មើស គឺ​ធ្វើ​ឡើង​នៅ​តំបន់​មាន​ប្រភព​ទឹក​ដែល​សត្វព្រៃ​អាស្រ័យ​ប្រចាំ​ថ្ងៃ​នោះ ។ លោក​ប្រធាន​មន្ទីរ​បញ្ជាក់​ថា បច្ចុប្បន្ន​ចំនួន​ដំរីព្រៃ​នៅ​ខេត្តមណ្ឌលគិរី មាន​ចន្លោះ​ពី​៣៧០​ក្បាល​ទៅ​៥០០​ក្បាល គឺ​មានការ​កើនឡើង ហើយដំរីព្រៃ​នៅ​ខេត្តមណ្ឌលគិរី មាន​តែ​មួយ​ប្រភេទប៉ុណ្ណោះ គឺ​ដំរី​អាស៊ី ។

លោក​ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ នៅ​ពេល​ទៅ​មើល​ឬ​ថតរូប​ហ្វូង​ដំរី​ទាំងនោះ សូមកុំ​បង្ក​ការ​រំខាន​ដល់​ពួក​វា​ដែល​អាច​មាន​គ្រោះថ្នាក់​នានា ព្រោះ​ចរិត​ដំរីព្រៃ​បើ​យើង​មិន​រំខាន​វា​ទេ វា​ក៏​មិន​ធ្វើ​អី្វ​ដល់​មនុស្ស​ដែរ ៕​

អត្ថបទសរសេរ ដោយ