ខេត្តបាត់ដំបង ៖ ជនសង្ស័យចំនួន៥នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តឃាត់ខ្លួន កាលពីរសៀលថ្ងៃទី២៣ មេសា នៅចំណុចខាងក្រោយផ្សារទំនើប«ភួពូយ» ដែលស្ថិតនៅភូមិអញ្ចាញ សង្កាត់អូចារ ក្រុងបាត់ដំបង ដែលពាក់ព័ន្ធបទល្មើសគ្រឿងញៀន ។

មន្ត្រីការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា ជនសង្ស័យ៥នាក់នោះរួមមាន១- ឈ្មោះឈុត បូរ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបររត់ម៉ូតូឌុប នៅភូមិដាំស្ពៃ សង្កាត់ស្លាកែត ក្រុងបាត់ដំបង ២-ឈ្មោះស៊ឹម ធារ៉ា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករ នៅភូមិអញ្ចាញ សង្កាត់អូចារ ក្រុងបាត់ដំបង ៣-ឈ្មោះសុខ សុវឌ្ឍនា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរលក់ដូរ នៅភូមិអង់ សង្កាត់អូរចារ ក្រុងបាត់ដំបង ៤-ឈ្មោះ រុន រ៉ាម៉ន់ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងជូសជុលរថយន្ត នៅភូមិអណ្ដូងចេញ សង្កាត់អូចារ ក្រុងបាត់ដំបង និង៥-ឈ្មោះ គ្រី អូយ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ នៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ។

មន្ត្រីដដែលបានប្រាប់ថា ក្រុមជូញដូរគ្រឿងញៀនទាំង៥នាក់នេះត្រូវបានកម្លាំងការិយាល័យជំនាញតាមឃាត់ខ្លួនបានជាបន្តបន្ទាប់ ពេលដែលពួកគេកំពុងប្រព្រឹត្តបទល្មើសគ្រឿងញៀនដែលច្បាប់បានហាមឃាត់ ។
យោងតាមរបាយការណ៍នៃកិច្ចប្រតិបត្តិការនេះកម្លាំងជំនាញដកហូតបាននូវវត្ថុតាងមួយចំនួនរួមមាន១- គ្រឿងញៀនប្រភេទមេតំហ្វេតាមីនICE (ទឹកកក) ចំនួន០១កញ្ចប់ ២-ទូរស័ព្ទចំនួន០៦គ្រឿង និង៣-ម៉ូតូ០២គ្រឿង ដែលជាមធ្យោបាយសម្រាប់ជិះប្រព្រឹត្តបទល្មើស ។ នៅចំពោះមុខវត្តតាងទាំងនេះក្រុមជនសង្ស័យបានសារភាពដោយទទូលស្គាល់ថា វត្ថុតាងដែលកម្លាំងសមត្ថកិច្ចដកហូតបាននោះពិតជារបស់ពួកខ្លួនដែលបម្រុងជួញដូរឲ្យម៉ូយ ។
មន្ត្រីកងរាជអាវុធហត្ថបានបញ្ជាក់ដែរថា ក្រុមជនសង្ស័យទាំង៥នាក់នេះ គឺជាមុខសញ្ញាដែលតែងធ្វើសកម្មភាពជូញដូរគ្រឿងញៀនយ៉ាងសកម្មនៅក្នុងក្រុងបាត់ដំបង ហើយកម្លាំងបានតាមដានសកម្មភាពក្រុមនេះជាប្រចាំរហូតឈានដល់ការឃាត់ខ្លួនក្រុមនេះបានតែម្ដង ថែមទាំងដកហូតបានវត្ថុតាងមួយចំនួនផងដែរ ។ ទោះយ៉ាងណាពេលនេះកម្លាំងការិយាល័យជំនាញកំពុងសួរនាំ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាកាហើយ ៕
ចែករំលែកព័តមាននេះ