លោកមគ្គុទេ្ទសក៍ទេសចរណ៍ម្នាក់ សុំឱ្យជួួយផ្សាយរកភរិយាកំពុងបាត់…
- សៀមរាប
ខេត្តសៀមរាប ៖ អារម្មណ៍ក្តុកក្តួលបានជំរុញឱ្យមគ្គុទេ្ទសក៍ទេសចរណ៍ម្នាក់ ព្យាយាមស្វែងរកអន្តរាគមន៍ឱ្យបណ្តាញព័ត៌មានជួយផ្សព្វផ្សាយស្វែងរកភរិយា ឈ្មោះ កែវ ម៉ៃ អាយុ២៣ឆ្នាំ ដែលបាត់ខ្លួនមិនដឹងទៅណា ពីសំណាក់លោក ហ៊ុល នី ជាប្តី និងជាមគ្គុទ្ទេសក៍ទេសចរណ៍នៅខេត្តសៀមរាប ។

លោក ហ៊ុល នី អាយុ៣៥ឆ្នាំ មានទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប បានរៀបរាប់ប្រាប់ភ្នាក់ងារកោះសន្តិភាពតាមទូរស័ព្ទ នាវេលាម៉ោង៤រសៀលថ្ងៃទី២៣ មេសា ថា កាលពីថ្ងៃទី១៩ មេសា រូបលោកបានចេញពីផ្ទះនៅក្រុងសៀមរាប រួមជាមួយប្រពន្ធនិងកូនមកកាន់រាជធានីភ្នំពេញ ដើម្បីបំពេញការ ងារ ។ ពេលត្រឡប់ពីរាជធានីភ្នំពេញ ក៏បានជិះរថយន្តឈ្នួលហួសទៅលេងផ្ទះម្តាយ នៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ជាផ្ទះម្តាយក្មេករបស់លោកទាំងអស់គ្នា ។
មគ្គុទ្ទេសក៍ទេសចរណ៍ ដែលកំពុងបាត់ភរិយាជាទីស្រឡាញ់រូបនេះបានរៀបរាប់ ជាមួយនឹងការយំខ្សឹក ខ្សួលទៀតថា បន្ទាប់ពីមកដល់ផ្ទះម្តាយក្មេក ប្រពន្ធរបស់លោក ក៏បានទុកសម្ភារផ្សេងៗ ព្រមទាំងផ្ញេីកូនជាមួយម្តាយ ដោយប្រាប់ម្តាយថា ទៅផ្សារទិញម្ហូបនៅរសៀលថ្ងៃទី១៩ ខែមេសានោះ ។ ការទៅផ្សារនោះ អស់រយៈពេលពេញ១យប់ទៅហើយអត់ឃេីញភរិយាត្រឡប់មកផ្ទះម្តាយវិញឡេីយ ។ ដោយទទួលបានព័ត៌មាននេះ លោកក៏ចុចទូរស័ព្ទទៅរក ប៉ុន្តែមិនចូល ។
លោក ហ៊ុល នី បានរៀបរាប់បន្តទៀតថា «ចាប់តាំងពីថ្ងៃទី១៩ មេសា មកទល់ថ្ងៃនេះ (២៣ មេសា) គឺមានរយៈពេល៤យប់៥ថ្ងៃហេីយ ។ បាត់ដំណឹងគាត់ (ភរិយា) រហូតមិនដឹងនាងកេីតអី ឬក៏ទៅណានោះទេ លោកបារម្ភអំពីសុវត្ថិភាពរបស់គាត់ខ្លាំងណាស់» ។ លុះព្រឹកវេលាម៉ោង១០និង៣០នាទីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ ទើបលោកដាច់ចិត្តទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលសង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យដើម្បីឲ្យសមត្ថកិច្ចជួយស្វែងរកប្រពន្ធរបស់លោកផង ។
សូមបញ្ជាក់ថា ប្តី-ប្រពន្ធនេះ មានកូនស្រី២នាក់ដែលកូនស្រីច្បងមានអាយុ៥ឆ្នាំ និងកូនស្រីប្អូនអាយុ៣ឆ្នាំ ។
បើតាមការរៀបរាប់របស់លោក ហ៊ុល នី នៅលើខ្លួនភរិយារបស់គាត់ ក៏មានគ្រឿងអលង្ការទៅជាមួយរួមមានខ្សែដៃប្លាទីនមួយខ្សែ ចិញ្ចៀនមាសមួយវង់ និងប្លាទីនមួយវង់ ខ្សែកមួយខ្សែរួមទាំងក្រវិល និងទូរស័ព្ទមួយគ្រឿងផងដែរ សរុបជិត២ពាន់ដុល្លារអាមេរិក ។ លោកមិនទាន់ហ៊ានសន្និដ្ឋានបែបណានៅឡើយទេ ជុំវិញការបាត់ខ្លួនភរិយាដ៏ផូរផង់របស់លោកនេះ ។
លោក ហ៊ុល នី បានអំពាវនាវដល់សាធារណជន បើបានប្រទះឃើញភរិយារបស់លោក មានភិនភាគដូចក្នុងរូបថតខាងលើនោះ សូមមេត្តាជួយផ្តល់ដំណឹងដោយក្តីអនុគ្រោះ តាមរយៈទូរស័ព្ទលេខ 017 811 666 និងលេខ 087 811 666 ៕


ចែករំលែកព័តមាននេះ