រាជធានីភ្នំពេញ ៖ ទូកទេសចរណ៍អន្តរជាតិខ្នាតយក្យដែលមានកម្ពស់៣ជាន់មួយគ្រឿងត្រូវបានភ្លើងឆាបឆេះនៅផ្នែកខាងក្រោយ និងមានផ្សែងខ្មៅហុយទ្រលោម ឃ្មួញខ្មាញ់ឡើងលើអាកាស ខណៈពេលចតទុកចោលនៅកណ្តាលទន្លេអស់រយៈពេលជាច្រើនម៉ោង និងមានសំឡេងលាន់ឡើងដូចជា សំឡេងផ្ទុះបំពង់ហ្គាសនោះ ។ ហេតុការណ៍នេះដែរបានបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើង កាលពីវេលាម៉ោង៥ និង៥៥នាទីល្ងាច ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ នៅក្នុងទឹកទន្លេសាប ដែលស្ថិតនៅក្បែរត្រើយខាងកើតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។

តាមប្រភពព័ត៌មានពីបុរសម្នាក់បានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុរូបគាត់បានមកអង្គុយលំហែរកាយលេងលើមាត់ច្រាំងទន្លេនេះ (ប៉ែកខាងលិចក្បែរកំពង់ផែទីតានិច) ជាមួយនឹងមិត្តភក្តិម្នាក់ទៀត រួមជាមួយ និងមនុស្សជាច្រើនដែលនៅក្បែរនេះផងដែរ ។ ដោយបានឃើញទូកដឹកភ្ញៀវទេសចរណ៍ធំមួយគ្រឿងចតទុកនៅកណ្តាលទន្លេក្បែរ និងត្រើយម្ខាងខាងខណ្ឌជ្រោយចង្វារនោះក៏ស្រាប់តែមានសំឡេងផ្ទុះមួយបានកើតឡើងដូចជា សំឡេងផ្ទុះបំពង់ហ្គាសយ៉ាងដូច្នោះ អញ្ចឹងចេញពីទូកទេសចរណ៍មួយគ្រឿងនោះ ។
តាមប្រភពដដែលបានប្រាប់បន្តទៀតថា ក្រោយពីមានសំឡេងផ្ទុះលាន់ឭចេញពីទូក ទេសចរណ៍មួយគ្រឿងនោះរួចហើយក៏ស្រាប់តែពួកគាត់បានឃើញមានផ្សែងខ្មៅហុយទ្រលោមចេញពីផ្នែកខាងក្រោយ និងឃើញមានមនុស្សរត់ប្រសេចប្រសាចនាំគ្នាមកឈរនៅផ្នែកខាងមុខទូកនោះទើបធ្វើអោយមានការភ្ញាក់ផ្អើលកើតឡើងថា «ទូកនោះត្រូវបានភ្លើងកំពុងឆេះ» ។

ភ្លាមនោះកម្លាំងមានសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវទឹកដែលនៅឈរជើងក្បែរៗបានឃើញ និងបាននាំគ្នាចេញអូប័រចំនួន២គ្រឿងចេញទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ធ្វើអោយភ្លើងរលត់ទៅវិញបានទាន់ពេលវេលាផងដែរ ។ តាមប្រភពព័ត៌មានពីបុរសជាសន្តិសុខយាមសួនម្នាក់បានប្រាប់ឱ្យដឹងថា ទូកទេសចរណ៍ធន់ធំមួយគ្រឿងខាងលើនេះ វាគឺជាទូកអន្តរជាតិដែលតែងតែបានដឹកភ្ញៀវបរទេសដើរកម្សាន្តតាមដងទន្លេ និងចូលមកសំចតលេងនៅរាជធានីភ្នំពេញរបស់យើង ។ ហើយទូកដែលត្រូវភ្លើងឆេះមួយគ្រឿងខាងលើនេះដែរទំនងជាបានដឹកភ្ញៀវបរទេសមកពីប្រទេសវៀតណាម និងដឹកភ្ញៀវចូលមកលេងស្រុកខ្មែររបស់យើង ហើយបើកយកទៅចតទុកចោលនៅកណ្តាលទឹកទន្លេទើបបានជាបណ្តាលឱ្យមានភ្លើងឆេះបែបនេះនោះ ។

ពាក់ព័ន្ធទៅនឹងករណីឆេះទូកដឹកភ្ញៀវទេសចរណ៍ធន់ធំមួយគ្រឿងខាងលើនេះដែរ គឺមិនមានអ្នកណាម្នាក់បានដឹងថា បានកើតឡើងដោយមូលហេតុអ្វីឡើយ ហើយក៏មិនបានដឹងថា រងការខូចខាតអស់ទំហំប៉ុន្មានដែរ នៅកណ្តាលទន្លេនោះ តែសំណាងល្អត្រូវបានកម្លាំងនគរបាលចរាចរណ៍ផ្លូវទឹកចេញអូប័រចំនួន២គ្រឿងទៅអន្តរាគមន៍បាញ់ទឹកពន្លត់បានទាន់ពេលវេលានោះ ៕



ចែករំលែកព័តមាននេះ