ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​ខឿន​ប្រាសាទ​កប់​ក្នុង​ទំនប់​បារាយណ៍​ខាងលិច

4 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀមរាប ៖​ ប្រាសាទអកយំ នៅ​ផ្នែក​ខាងជើង កំពុង​ធ្វើ​កំណាយ​ស្រាវជ្រាវ និង​បុរាណវិទ្យា​បង្ការ ដោយ​​ក្រុម​អ្នក​បុរាណវិទ្យា​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​។ ការ​ធ្វើ​កំណាយ​នៅ​ពេល​នេះ​គឺ​ស្រប​ពេល​ដែល​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​រៀបចំ​ជួសជុល​ខ្នង​ទំនប់​បារាយណ៍​ខាងលិច ។…

ខេត្ត​សៀមរាប ៖​ ប្រាសាទអកយំ នៅ​ផ្នែក​ខាងជើង កំពុង​ធ្វើ​កំណាយ​ស្រាវជ្រាវ និង​បុរាណវិទ្យា​បង្ការ ដោយ​​ក្រុម​អ្នក​បុរាណវិទ្យា​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​។ ការ​ធ្វើ​កំណាយ​នៅ​ពេល​នេះ​គឺ​ស្រប​ពេល​ដែល​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​រៀបចំ​ជួសជុល​ខ្នង​ទំនប់​បារាយណ៍​ខាងលិច ។

ផេ​ក​ហ្វេ​ស​ប៊ុ​ក​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​ផ្សាយ​ថា​បណ្ឌិត​ផ្នែក​បុរាណវិទ្យា​លោក ជា សុ​ជាតិ ប្រធាន​គម្រោង និង​ជា​អ្នកដឹកនាំ​កិច្ចការ​ស្រាវជ្រាវ​បានឱ្យ​ដឹង​ថា ក្រុម​អ្នក​បុរាណវិទ្យា​បាន​បើក​រណ្តៅ​កំណាយ​ស្រាវ​ជ្រាវ​ចំនួន​៨​ទីតាំង​ដើម្បី​ស្វែងរក​ខឿន​ទី​១​ផ្នែក​ខាងជើង​របស់​ប្រាសាទអកយំ និង​ដើម្បី​សិក្សា​ស្វែងរក​ការ​ទាក់ទង​រវាង​ប្រាសាទ និង​ការ​តាំងទី​របស់​មនុស្ស​នៅ​ផ្នែក​ខាងលិច​នៃ​ប្រាសាទ ។

លទ្ធផល​បឋម​ក្រុម​អ្នក​បុរាណវិទ្យា​បាន​រក​ឃើញ​ថា​ក្នុង​រណ្តៅ​កំណាយ​បុរាណវិទ្យា​ចំនួន​៣​មាន​សំណល់​ខឿន​ក្រោម​បង្អស់ ឬ​ខឿន​ទី​មួយ​របស់​ប្រាសាទអកយំ​ដែល​បាន​លុប​បាត់​ក្នុង​តួ​ទំនប់​ខាងត្បូង​បារាយណ៍​កាលពី​គេ​លើក​បារាយណ៍​ទាំងមូល​នេះ​ឡើង​នៅ​ក្នុង​អំឡុង​សតវត្ស​ទី​១១​នៃ​គ​.​ស ។ សំណល់​ខឿន​ទាំង​នោះ​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ជម្រៅ​ចន្លោះ​ជា​មធ្យម​ពី​១០​ស​.​ម ទៅ​១៣០​ស​.​ម ។ ក្រុម​អ្នក​បុរាណវិទ្យា​យល់​ថា​លទ្ធផល​នេះ​នឹង​រួមចំណែក​យ៉ាង​ធំ​ក្នុង​ការ​កំណត់​ទីតាំង​ពិតប្រាកដ ក៏​ដូច​ជា​ជម្រៅ​របស់​សំណល់​ខឿន​ទី​មួយ​របស់​ប្រាសាទអកយំ​ដែរ ។

បច្ចុប្បន្ន​ក្រុមការងារ​កំពុង​ជីក​បន្ថែម ដោយ​រំពឹង​ថា​នឹង​អាច​ទៅ​ដល់​បាត​ក្រោម​នៃ​ខឿន​ប្រាសាទ​នេះ ប្រសិន​បើ​គ្មាន​ការ​រំខាន​ពី​បញ្ហា​ភ្លៀង និង​កម្រិត​ទឹក​ក្នុង​បារាយណ៍ …​។ រីឯ​នៅ​ក្នុង​រណ្ដៅ​ចំនួន​៤ ធំ​ៗ ស្ថិត​នៅ​ខាងលិច​នៃ​ជ្រុង​ពាយ័ព្យ​នៃ​ខឿន​ទី​មួយ​របស់​ប្រាសាទអកយំ​វិញ ក្រុម​អ្នក​បុរាណវិទ្យា​បាន​រក​ឃើញ​មាន​ថ្មភ្នំ​ដែល​មាន​ទំហំ ធំ​ៗ​ជា​ច្រើន​។ តាម​ការ​វិភាគ​បឋម​ក្រុម​អ្នក​បុរាណវិទ្យា​យល់​ឃើញ​ថា​ថ្ម​ទាំងនោះ ត្រូវ​បាន​អ្នក​ជំនាន់​មុន​យក​មក​តម្រៀប​ដើម្បី​ទប់​ជើងទេរ​ផ្នែក​ខាងជើង​នៃ​ទំនប់​ខាងត្បូង ហើយ​ក៏​អាច​ប្រើ​ទប់​កុំឱ្យ​ដី​ហូរ​ច្រោះ បើ​ទោះបីជា​ដី​ដែល​គេ​លើកយក​មក​ធ្វើ​ទំនប់​នោះ​ជា​ប្រភេទ​ដីឥដ្ឋ​ដែល​ត្រូវ​បាន​បង្ហាប់ មាន​ពណ៌​ប្រផេះ និង​មាន​លាយ​ខ្សាច់​ក្នុង​បរិមាណ​តិចតួច​បំផុត​ក្តី ។

លោក​ជា សុ​ជាតិ បន្ត​ទៀត​ថា ផ្នែក​ខាងជើង​នៃ​ប្រាសាទអកយំ​ពុំ​ធ្លាប់​បាន​ស្រាវជ្រាវ​បុរាណវិទ្យា​ឱ្យ​បាន​ដិត​ដល់​នោះ​ទេ បើ​ទោះបីជា​មានការ​រុករក​ខឿន​ទី​មួយ​ផ្នែក​ខាងជើង​របស់​ប្រាសាទអកយំ​នេះ​ក្នុង​ចន្លោះ​ឆ្នាំ​១៩៣២ និង​ឆ្នាំ​១៩៣៥ ដោយ​អ្នក​ស្រាវជ្រាវ​ជនជាតិ​បារាំង​ឈ្មោះ Georges Trouvé (​ហ្ស​ក ទ្រូ​វេ​)​ក៏​ដោយ ។ តាម​រយៈ​ការ​ស្រាវជ្រាវ ជនជាតិ​បារាំង​រូប​នេះ​បាន​បន្សល់​ទុក​រហូត​មក​ដល់​សព្វថ្ងៃ​នូវ​ឯកសារ​ជា​ច្រើន​ដូច​ជា សំ​ណេ​រ​ដៃ​ក្នុង​ទិនានុប្បវត្តិ​កំណាយ (Journaux de fouilles) របាយការណ៍​ប្រចាំខែ ឯកសារ​ប្លង់់​ចំនួន​៥៨​ផ្ទាំង និង​រូបថត​ចំនួន​១៣៥​សន្លឹក ដើម្បី​ជា​ឯកសារយោង ។

បើ​យោង​តាម​ការ​ស្រាវជ្រាវ​របស់​លោក​ហ្ស​ក ទ្រូ​វេ នៅ​ពេល​នោះ គេ​អាច​ដឹង​បាន​ថា ខឿន​ទី​មួយ​របស់​ប្រាសាទអកយំ​មាន​ប្រវែង​១០០​ម៉ែត្រ​បួន​ជ្រុង កម្ពស់​ប្រវែង​២,៦០​ម៉ែត្រ និង​មាន​កម្រាស់​ទទឹង​ប្រវែង​៣​ម៉ែត្រ ។ រីឯ​ការ​ស្រាវជ្រាវ​ជា​បន្ត​ដោយ​លោក Christophe Pottier (​គ្រី​ស្តូ​ហ្វ ប៉ូ​ត្យេ​) ដែល​ធ្វើ​ឡើង​ក្នុង​ឆ្នាំ ២០០១ ឆ្នាំ​២០១២ និង​ឆ្នាំ​២០១៦ បាន​រំលេច​អោយ​ឃើញ​នូវ​ទិន្នន័យ​ថ្មី​ជា​ច្រើន​បន្ថែម​ទៀត​នៅ​ផ្នែក​ខាងត្បូង​ប្រាសាទ​និង​លើស​អំពី​អ្វី​ដែល​លោក​ហ្ស​ក ទ្រូ​វេ ធ្លាប់​បាន​រក​ឃើញ ។

គម្រោង​ស្រាវជ្រាវ​រចនាសម្ព័ន្ធ​ផ្នែក​ខាងជើង​ប្រាសាទអកយំ​នៅ​ពេល​នេះ គឺ​ស្រប​ពេល​ដែល​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​របស់​អាជ្ញាធរ​ជាតិ​អប្សរា កំពុង​ជួសជុល​ខ្នង​ទំនប់​បារាយណ៍​ខាងលិច ។ ការ​សិក្សា​ស្រាវជ្រាវ​បុរាណវិទ្យា​នេះ គឺ​ធ្វើ​ឡើង​ទាំង​សម្រាប់​ការ​ស្រាវជ្រាវ​ផង និង​សម្រាប់​កំណាយ​បុរាណវិទ្យា​បង្ការ​ផង​ដែរ​។ គម្រោង​ស្រាវជ្រាវ​នេះ គ្រោង​នឹង​បញ្ចប់​នៅ​ពាក់កណ្តាល​ខែឧសភា ឆ្នាំ​២០១៩ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ