ភ្នាក់ងារសារព័ត៌មាន Channel NewsAsia បានឲ្យដឹងកាលពីថ្ងៃទី២២កន្លងមកថា ក្រុមហ៊ុនផលិតស្មាតហ្វូន Samsung Electronics Co Ltd បានពន្យាពេលកម្មវិធីបង្ហាញ Galaxy Fold ដែលនឹងត្រូវបានប្រារព្ធក្នុងសប្តាហ៍នេះក្នុងប្រទេសសិង្ហបុរី ហុងកុង និងសៀងហៃបន្ទាប់ពីមានសេចក្តីរាយការណ៍ថា ទូរស័ព្ទគំរូមានបញ្ហាមួយចំនួន ។
អ្នកនាំពាក្យម្នាក់របស់ Samsung បាននិយាយក្នុងអ៊ីមែលប្រាប់ដល់សារព័ត៌មានខាងលើថា Samsung កំពុងតែប្រើប្រាស់ពេលវេលាបន្ថែមដើម្បីធានាថាទូរស័ព្ទ Galaxy Fold អាចដំណើរការបានរលូនក្នុងកម្មវិធីបន្ទាប់ពីទទួលបានមតិយោបល់ពីក្រុមត្រួតពិនិត្យមួយចំនួនមក ។
ក្រុមហ៊ុននេះទទួលបានការរិះគន់ជាច្រើនពីអ្នកសារព័ត៌មានបច្ចេកវិទ្យាទាក់ទិននឹងការខូចបាក់បែក និងស្គ្រីនដែលដំណើរការមិនរលូនបន្ទាប់ពីប្រើទូរស័ព្ទនេះបានរយៈពេលមិនដល់មួយថ្ងៃផង។ Samsung បាននិយាយថា ពួកគេទទួលបានសេចក្តីរាយការណ៍មួយចំនួនទាក់ទិននឹងការបាក់បែកស្គ្រីនទូរស័ព្ទគំរូដែលមានតម្លៃ ១,៩៨០ដុល្លារនេះ ។
Samsung បានអួតអាងពីការច្នៃម៉ូដបត់បែននេះជាយូរមកហើយដែលបានទាក់ទាញចំណាប់អារម្មណ៍ជាច្រើនក្នុងវិស័យស្មាតហ្វូនដែលមិនមានការផ្លាស់ប្តូរច្រើនតាំងពីឆ្នាំ ២០០៧ ដែលជាពេល Apple ចេញលក់ iPhone ដំបូង ។ ដៃគូប្រកួតប្រជែងរបស់ Samusng គឺ Huawei Technologies Co Ltd ក៏បានប្រកាសពីទូរស័ព្ទដែលអាចបត់បែនបានរបស់ខ្លួនដែលមានឈ្មោះថា Mate X ដែរ ។
បុគ្គលិកមួយរូបរបស់ Samsung បាននិយាយកាលពីថ្ងៃច័ន្ទមកថា ក្រុមហ៊ុនកំពុងតែស៊ើបអង្កេតយ៉ាងដិតដល់ទាក់ទិននឹងសេចក្តីរាយការណ៍ខាងលើ ហើយមិនបានផ្តល់ព័ត៌មានបន្ថែមទាក់ទិននឹងកាលបរិច្ឆេទដាក់លក់លើទីផ្សារអាមេរិកទេ ។ ក្រុមហ៊ុននេះមានគម្រោងចាប់ផ្តើមការលក់ Galaxy Fold ក្នុងកូរ៉េខាងត្បូង និងអ៊ឺរ៉ុបនាខែឧសភាខាងមុខនេះ ខណៈដែលនឹងចាប់ផ្តើមការលក់ក្នុងប្រទេសចិនបន្ទាប់ ៕
ចែករំលែកព័តមាននេះ