រត់អត់រួច លោកចោរធាត់ពេក…រត់ចុះរត់ឡើងជួបប៉ូលិសដដែល
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ជនសង្ស័យមានមាឌធំដូចបាវឆ្នូតម្នាក់ បែកគំនិតធ្វើចោរដោយស្ទាក់ផ្លូវយកស្បែកជើងគប់និងវាយក្នុងការប្លន់យកម៉ូតូពីអ្នកលក់ព្រំ២នាក់ប្ដីប្រពន្ធ ប៉ុន្តែមិនបានសម្រេច ដោយសារតែជនរងគ្រោះបានស្រែកបង្កការភ្ញាក់ផ្អើលឡើង ហើយក៏ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោកំពុងល្បាតនៅជិតនោះដេញតាមចាប់ខ្លួនបានតែម្តង កាលពីវេលាម៉ោង០៧និង៣០នាទីព្រឹកថ្ងៃទី២០ មេសា នៅក្នុងភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

សេចក្តីរាយការណ៍បន្តថា ជនសង្ស័យខាងលើ ឈ្មោះ អ៊ុំ ប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅផ្ទះលេខ២០E1 ផ្លូវលេខ១៥៤ សង្កាត់ផ្សារកណ្តាល ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ដោយឡែក ខាងជនរងគ្រោះ មាន៣នាក់ ក្នុងនោះ១-ឈ្មោះជា ស្រីណាល់ ភេទស្រី អាយុ៥៣ឆ្នាំ , ២-ឈ្មោះសុខ សុខុន ភេទប្រុស អាយុ៥៧ឆ្នាំ អ្នកទាំង២ត្រូវជាប្ដីប្រពន្ធនិងគ្នា មានមុខរបរលក់កម្រាលព្រំ និងស្នាក់នៅក្នុងភូមិកើតហេតុខាងលើជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GA-2061 មានលេខតួ និងលេខម៉ាស៊ីន9634729 ។ ចំពោះអ្នករងគ្រោះទី៣-ឈ្មោះយឹម វណ្ណា ភេទស្រី អាយុ៤០ឆ្នាំ មានទីលំនៅភូមិត្រពាំងស្វាយ សង្កាត់ ព្រៃវែង ខណ្ឌដង្កោ ។

ប្រភពបន្តថា ក្នុងហេតុការណ៍ប្លន់នេះជិះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GH-8007 មានលេខតួ និងលេខម៉ាស៊ីន9739974 ។ នគរបាលបាននិយាយថា នៅមុនដំបូងស្ទាក់វាយប្លន់ប្ដីប្រពន្ធអ្នកលក់កម្រាលព្រំ ខណៈពេលដែលអ្នកទាំង២កំពុងជិះម៉ូតូឌុបគ្នា ចេញពីផ្ទះស្ថិតនៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីទៅលក់កម្រាលព្រំនៅផ្សារបុរីសន្តិភាព២ ស្ថិតនៅភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

លុះជិះបានចម្ងាយពីផ្ទះប្រហែល១០០ម៉ែត្រ ស្រាប់តែបានជួបជនសង្ស័យឈ្មោះអ៊ុំ ប្រុស កំពុងឈរនៅលើផ្លូវបេតុងខាងលើនោះដែរ ពេលនោះជនសង្ស័យបានស្ទាក់ផ្លូវនិងបានដោះស្បែកជើងផ្ទាត់ ពណ៌ឈាមជ្រូក គប់ត្រូវភ្នែកខាងឆ្វេងរបស់នាងដែលកំពុងជិះម៉ូតូជាមួយប្តីបណ្តាលឲ្យរងរបួសជាំភ្នែកខាងឆ្វេង ។ ប្រភពដដែលបានបន្តថា បន្ទាប់មកបុរសជាប្ដីរបស់នាងឈ្មោះ សុខ សុខុន បានឈប់ម៉ូតូស្រែកឲ្យអ្នកភូមិជួយនិងរាយការណ៍ប្រាប់សមត្ថកិច្ចនគរបាលភ្លាមៗ ចំណែកជនសង្ស័យក្រោយពេលមានការភ្ញាក់ផ្អើលបែបនេះ មិនបានយកម៉ូតូឡើយរបស់អ្នកលក់កម្រាលព្រំនេះឡើយ ក៏បានរត់គេចខ្លួន ។

ប៉ុន្តែក្រោយពេលរត់បានចម្ងាយប្រមាណ២០០ម៉ែត្រ ទៅដល់ត្រង់ចំណុចមុខការដ្ឋានសំណង់ផ្ទះល្វែងមួយកន្លែង ដែលមានទីតាំងស្ថិតនៅក្នុងភូមិកំរៀងនោះដែរ ក៏បានជួបស្ត្រីឈ្មោះ យឹម វណ្ណា កំពុងជិះម៉ូតូ ម្នាក់ឯងក្នុងទិសដៅពីលិចទៅកើតជនសង្ស័យនេះក៏បានស្ទាក់ពីមុខម៉ូតូរួច ចាប់ដៃម៉ូតូរបស់នាង បណ្តាលអោយដួល រួចស្រែកសំឡុតគំរាមឲ្យនាងចាកចេញឲ្យឆ្ងាយ ទើបជននេះលើកម៉ូតូជិះគេចខ្លួន។

ប៉ុន្តែខណៈនោះរត់មិនរួចឡើយដោយសារតែនាងស្រែកឆោឡោផ្អើលដល់អ្នកភូមិជួយ ហើយភ្លាមៗនោះកម្លាំងនគរបាលខណ្ឌដង្កោនិងនគរបាលប៉ុស្តិ៍ព្រៃវែង ក្រោមបញ្ជារបស់លោកវរសេនីយ៍ឯក ជឹម សុីថា
អធិការនគរបាលខណ្ឌ ដែលកំពុងតែជិះម៉ូតូល្បាតក្បែរនោះ ជួយអន្តរាគមន៍ស្ទាក់ឃាត់ខ្លួនបានជនសង្ស័យខាងលើ រួមនិងភស្តុតាង យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃវែង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់៕







ចែករំលែកព័តមាននេះ