ខេត្តមណ្ឌលគិរី ៖ ឈើជិត៦០០កំណាត់ត្រូវបានមន្ត្រីរដ្ឋបាលព្រៃឈើបង្ក្រាបបានកាលពីរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ បង្កឲ្យមានការភ្ញាក់ផ្អើលដល់មហាជនពេញខេត្តត្បិតកំណាត់ឈើទាំងនេះត្រូវក្រុមថៅកែយួនសហការជាមួយជនជាតិខ្មែរ ប្រមូលទិញយ៉ាងអនាធិបតេយ្យពេញព្រៃក្នុងស្រុកកោះញែក ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានទី១-ឈ្មោះ គឹម តុងហេង ភេទប្រុស អាយុ៣៥ឆ្នាំ, ទី២-ឈ្មោះ វៀង ង៉ុកចូវ ភេទប្រុស អាយុ៦០ឆ្នាំ និងទី៣-ឈ្មោះ ថាត់ យូ ភេទប្រុស អាយុ៤២ឆ្នាំ ។ ដោយឡែកឈើចំនួនជាង៦០០កំណាត់ដែលរឹបអូសកំពុងស្ថិតក្រោមចំណាត់ការរបស់មន្ទីរបរិស្ថាន ។
សេចក្តីរាយការណ៏ឲ្យដឹងថា ករណីមានឈ្មួញយួនចូលទឹកដីខ្មែរទិញឈើគរដូចភ្នំនេះត្រូវបានគេលើកឡើងថា នេះបណ្តាលមកពីអាជ្ញាធរស្រុកកោះញែកធ្វេសប្រហែសបណ្តោយឲ្យជនជាតិវៀតណាមចូលទៅទឹកដីកម្ពុជាឈរទិញឈើរាប់រយដើម ហើយទើបនឹងចាប់ខ្លួនក្រុមឈ្មួញក្រោយពេលអភិបាលខេត្តពង្រឹងដាក់បទបញ្ជាវិធានការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ។
សេចក្តីរាយការជំហានដំបូងបានឲ្យដឹងថា នៅរសៀលថ្ងៃទី១៩ ខែមេសា ភូមិក្តោយ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី សមត្ថកិច្ចជំនាញមានមេព្រៃបរិស្ថាន និងនគរបាលបានចាប់ជនជាតិវៀតណាមចំនួន២នាក់ និងខ្មែរម្នាក់ ពេលក្រុមនេះកំពុងធ្វើសកម្មភាពទិញឈើក្នុងព្រៃដែនជម្រកការពារសត្វព្រៃភ្នំព្រេច-លំផាត់ ។
ក្រុមឈ្មួញទាំងនេះ ជាអ្នកឈរទិញឈើដែលប្រជាពលពលរដ្ឋកាប់ចេញពីតំបន់ព្រៃកាពារនានាក្នុងស្រុកកោះញែក និងទុកលក់ឲ្យក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចដែលនៅក្បែរនោះដើម្បីបន្លំជាមួយឈើស្របច្បាប់តាមរបៀបកន្ទេលធំបន្លំដេក ៕
ចែករំលែកព័តមាននេះ