ខេត្តប៉ៃលិន ៖ ស្ត្រីម្នាក់បានចតឈប់ម៉ូតូនៅក្បែរកន្លែងរោងកាត់សក់របស់ប្តី ខណៈកំពុងជាប់រវល់ធ្វើម្ហូបអាហារ ស្រាប់តែមានចោរធ្វើសកម្មភាពលួចកាច់សោក.ម៉ូតូយកទៅបាត់ស្រមោល លុះម្ចាស់ចេញពីក្នុងផ្ទះអត់ឃើញម៉ូតូ បណ្តាលឱ្យមានការភ្ញាក់ផ្អើលឆោឡោ រួចទៅដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលខេត្តឱ្យតាមរកម៉ូតូតែម្តង ។
ហេតុការណ៍ចោរលួចកាច់សោក.ម៉ូតូនេះបានកើតឡើង កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅភូមិប៉ាហ៊ីត្បូង សង្កាត់ប៉ៃលិន ខេត្តប៉ៃលិន ។
ប្រភពព័ត៌មានពីលោកហ៊ីង យ៉ាន់ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការនគរបាលខេត្ត បានឱ្យដឹងថា ស្ត្រីរងគ្រោះឈ្មោះ កែម ចន្នី អាយុ៣១ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ដោយបាត់អស់ម៉ូតូ១គ្រឿង ម៉ាកឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ប៉ៃលិន 1C-7200 ដោយទើបតែទិញជិះបានរយៈពេល១ឆ្នាំ ណ្ណោះ ។
លោកបន្តទៀតថា មុនពេលកើតហេតុស្ត្រីរងគ្រោះបានជិះម៉ូតូទៅផ្សារ ដើម្បីទិញម្ហូបអាហារដូចសព្វមួយដង ហើយក៏ត្រឡប់មកផ្ទះវិញក្បែរកន្លែងតូបកាត់សក់របស់ប្តី ដោយចតឈប់ទុកចោលមួយភ្លែត ខណៈកំពុងជាប់រវល់ធ្វើម្ហូបអាហារ លុះរួចរាល់ក៏ដើរចេញមកមើលម៉ូតូ ស្រាប់តែត្រូវបានចោរលួចយកទៅបាត់ស្រមោល ។ លោកបញ្ជាក់ទៀតថា ក្រោយមកប្តីរបស់ស្ត្រីរងគ្រោះក៏ទៅដាក់ពាក្យបណ្តឹងនៅការិយាល័យរបស់លោក ដើម្បីស្រាវជ្រាវរកម៉ូតូខាងលើ ។
សូមបញ្ជាក់ថា ករណីបាត់ម៉ូតូតែងតែកើតឡើងជាញឹកញាប់នៅក្នុងក្រុងប៉ៃលិន សូម្បីតែម៉ូតូចតឈប់នៅក្នុងមន្ទីរ ខណៈម្ចាស់កំពុងជាប់រវល់ប្រជុំក៏ត្រូវចោរចូលលួចផងដែរ ដោយរហូតមកដល់ពេលនេះ មិនទាន់រកឃើញម៉ូតូទាំងនោះនៅឡើយទេ ។ ចំណែករដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ ក្រុមចោរកំពុងតែធ្វើសកម្មភាពដើរលួចយ៉ាងសកម្មជាហេតុធ្វើឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំង ៕
ចែករំលែកព័តមាននេះ