អ្នកចាញ់ចូលពេទ្យ អ្នកឈ្នះជាប់ខ្នោះ
- បាត់ដំបង
ខេត្តបាត់ដំបង ៖ ពួកក្មេងទំនើងចំនួន២ក្រុមបានដេញកាប់ចាក់គ្នាយ៉ាងសាហាវ បណ្ដាលឱ្យភាគីដែលចាញ់រងរបួសធ្ងន់២នាក់ ខណ:អ្នកឈ្នះចំនួន៤នាក់ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួន កាលពីវេលាម៉ោង០៩ និង៣០នាទីយប់ថ្ងៃទី០៩ មេសា ដែលកើតឡើងនៅចំណុចមុខរតនាគារខេត្ត ស្ថិតក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។

សេចក្ដីរាយការណ៍បានឲ្យដឹងថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនទាំង៤នាក់មាន ១-ឈ្មោះគា សុខគីម ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ នៅភូមិកំពង់ស្រម៉ ឃុំឈើទាល ស្រុកបាណន់ ២-ឈ្មោះណា ថា ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ នៅភូមិបាណន់ ឃុំកន្ទឺ២ ស្រុកបាណន់ និង៣-ឈ្មោះហង្ស ភាព ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ នៅភូមិកំពង់សីម៉ា សង្កាត់វត្តគរ ក្រុងបាត់ដំបង និងម្នាក់ទៀតមិនទាន់ស្គាល់ឈោះនៅឡើយ។

ក្រុមនេះត្រូវបានកម្លាំងអធិការក្រុងបាត់ដំបង និងកម្លាំងការិយាល័យជំនាញនៃស្នងការខេត្តដេញស្ទាក់ឃាត់ខ្លួនបានភ្លាមៗ បន្ទាប់ពីពួកគេបានប្រើប្រាសដាវនិងកាំបិតច្បាំងគ្នា បណ្ដាលឲ្យក្រុមក្មេងអន្ធពាលម្ខាងទៀតរងរបួស២នាក់ ។ អ្នករបួសទាំង២នាក់នោះមាន ១-ឈ្មោះ ឃ្លឿត សំណាង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ នៅភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ (រងរបួសត្រង់កផ្នែកខាងឆ្វេង) ២-ឈ្មោះធួក វិភាព ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ នៅភូមិព្រែកតាញ្ច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ (រងរបួសត្រង់ថ្គាមខាងស្តាំ)។

សមត្ថកិច្ចបានឲ្យដឹងដែរថា តាមពិតពួកក្មេងអន្ធពាលទាំង២ក្រុមនោះដែលប្រយុទ្ធគ្នាយ៉ាងឃោរឃៅនោះមានរបួសដូចគ្នា តែក្រុមដែលឈ្នះរបួសស្រាល រីឯក្រុមដែលច្បាំងចាញ់របួសធ្ងន់។ បច្ចុប្បន្ន ក្រុមអ្នករបួសដែលច្បាំងចាញ់គេត្រូវបានយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ចំណែកក្រុមដែលទទួលជ័យជំនះចំនួន៤នាក់ដែលបានឃាត់ខ្លួន កំពុងសួរនាំនៅអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី ។







ចែករំលែកព័តមាននេះ