រាជធានីភ្នំពេញ ៖ ម៉ូតូសណ្ដោងកន្ទុយរ៉ឺម៉កដឹកកម្មករកម្មការិនីចំនួន២៩នាក់ បានក្រឡាប់ទាំងកម្រោល ដោយសារតែបើកជ្រុលទៅបុកម៉ូតូកង់បី២គ្រឿង ដែលកំពុងឈប់ជជែកគ្នានៅលើផ្លូវ បណ្ដាលឲ្យកម្មករម្នាក់ និងកម្មការិនី២នាក់ ព្រមទាំងអ្នកបើកបររងរបួស ប៉ុន្តែមិនធ្ងន់ធ្ងរឡើយ ។
នេះ គឺជាសំណាងមួយក្នុង១ពាន់គ្រោះថ្នាក់ ហើយក្រោយពេលកើតហេតុអ្នកបើកបរម៉ូតូសណ្ដោងរ៉ឺម៉កដឹកកម្មករបានហៅរថយន្តកូរ៉េ១គ្រឿងដឹកកម្មករបន្តដំណើរទៅធ្វើការ ហើយអ្នករងរបួសមិនបានទៅកាន់មន្ទីពេទ្យឡើយ ចំណែកម៉ូតូកង់បីទាំង២គ្រឿងបានបើករត់គេចខ្លួនបាត់ស្រមោល ។ ឧប្បត្តិហេតុនេះបានកើតឡើង កាលពីវេលាម៉ោង៥និង២០នាទីព្រឹក ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខបុរីសែនមនោរម្យ ស្ថិតនៅក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
កម្មករបាននិយាយថា ពួកគាត់តែងតែជិះរ៉ឺម៉កខាងលើនេះ ទៅធ្វើការជារៀងរាល់ថ្ងៃ ដោយពេលព្រឹកចេញពីផ្ទះទៅធ្វើការនៅរោងចក្រ លុះវេលាល្ងាចជិះពីរោងចក្រត្រឡប់ទៅផ្ទះវិញ ។ ដោយឡែកនៅព្រឹកថ្ងៃកើតហេតុពួកគាត់មានគ្នា២៩នាក់ ក្នុងនោះប្រុស១៩នាក់ និងស្រី១០នាក់ បានជិះម៉ូតូសណ្ដោងរ៉ឺម៉កខាងលើដូចសព្វមួយចេញពីផ្ទះនៅម្ដុំផ្សារបែកចាន ស្ថិតនៅក្នុងឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ ឆ្ពោះទៅធ្វើការរោងចក្រនៅសួនឧស្សាហកម្មកាណាឌីយ៉ា ក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ដោយធ្វើដំណើរក្នុងទិសដៅពីលិចទៅកើតលុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើ ស្រាប់តែមានម៉ូតូកង់បី២គ្រឿង បានបើកបរចេញពីផ្លូវបុរីសែនមនោរម្យក្នុងទិសដៅពីត្បូងទៅជើងឡើងលើផ្លូវជាតិលេខ៤ ។ ប្រភពដដែលបានបន្តថា ខណៈពេលឡើងដល់លើផ្លូវជាតិលេខ៤ ម៉ូតូកង់បីខាងលើបានឈប់ជជែកគ្នានៅលើផ្លូវតែម្ដង ដោយមិនបានគិតពីការប៉ះពាល់ដល់អ្នកដ៏ទៃនោះឡើយដែលជាហេតុធ្វើឲ្យម៉ូតូសណ្ដោងរ៉ឺម៉កដែលពួកគាត់កំពុងជិះវាក់គេចចេញមិនទាន់ក៏ជាន់ហ្វ្រាំងឈប់យ៉ាងប្រថុចញ៉ុច ។ ពេលនោះដោយសារតែកំពុងបើកលឿនគួរសមដែរ ទើបរេចង្កូតម្ដងឆ្វេងម្ដងស្ដាំរួចក៏ជ្រុលទៅបុកម៉ូតូកង់បីខាងលើ បណ្ដាលឲ្យក្រឡាប់ខ្លួនឯងចាក់ពួកគាត់ចោលទាំងកម្រោល ។ ប្រភពដដែលបានបន្តថា ក្រោយពេលកើតហេតុបណ្ដាលឲ្យកម្មករម្នាក់ និងកម្មការិនី២នាក់ រងរបួសស្រាល ចំណែកបុរសដែលជាអ្នកបើកបរម៉ូតូសណ្ដោងរ៉ឺម៉កក៏បានរងរបួសដែរ ។ រីឯម៉ូតូកង់បីខូចខាតបន្តិចបន្តួចរួចក៏បើករត់គេចខ្លួនទៅបាត់ស្រមោល ។
ក្រោយពេលកើតហេតុបុរសអ្នកបើកម៉ូតូសណ្ដោងរ៉ឺម៉កបានហៅរថយន្តកូរ៉េ១គ្រឿងទៅដឹកកម្មករបន្តដំណើរទៅធ្វើការរោងចក្រ ដោយកម្មករទាំងអស់មិនបានប្ដឹងផ្តល់អ្វីឡើយ ដោយពួកគេគិតថា នេះជាឧប្បត្តិហេតុដែលកើតឡើងដោយអចេតនាប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ