មកស្រែកអួតពាក់ផ្កាយប៉ុន្មានក៏ដោយ…ក៏ត្រូវតែឃាត់ខ្លួនដែរ
- មណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ លោកស័ក្តិ២ទាហានវិស្វកម្មម្នាក់ ក្រោយពីផ្ទុះអាវុធជាច្រើនគ្រាប់នៅផ្សារលឹម ប៉េងឃុន ក្នុងភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ កាលពីវេលាម៉ោងប្រភពព័ត៌មានបានឲ្យដឹងថា បន្ទាប់ពីបាញ់អស់ជិត១០គ្រាប់ បុគ្គលរូបនេះថែមទាំងអួតអាងនៅមុខសមត្ថកិច្ច ដែលធ្វើការអនុវត្តច្បាប់ថា ខ្លួនជាឧត្តមសេនីយ៍ទោ(ផ្កាយ២)ទៀតផង ដើម្បីបន្លាចសមត្ថកិច្ច ។ ទោះជាអួតថា ផ្កាយប៉ុន្មានក៏ដោយ ក៏លោកស័ក្តិ២រូបនេះ ត្រូវបានកម្លាំងមូលដ្ឋានឃាត់ខ្លួន ។

ប្រភពព័ត៌មានបន្តថា លោកស័ក្តិ២ដែលតាំងខ្លួនជាផ្កាយ២ ដែលត្រូវឃាត់ខ្លួននេះ គឺជាកម្លាំងកងវិស្វកម្មស្ថាបនាផ្លូវថ្នល់ បានផឹកស៊ីជាមួយគូកនពេញមួយយប់ រហូតដល់ព្រលឹមពេលកើកហេតុ ។ ក្រោយពីផឹកស៊ីស្រវឹង មន្ត្រីយោធារូបនេះ បម្រុងបើករថយន្តឡិចស៊ីស៤៧០ ពាក់ផ្លាកលេខខ.ម ចេញពីកន្លែងផឹកស៊ី ប៉ុន្តែនារីកំណាន់ចិត្តឃាត់ និងបានដកសោរថយន្តទុកមិនឲ្យទៅណា ព្រោះឃើញស្រវឹងខ្លាំងខ្លាចមានគ្រោះថ្នាក់។ ដោយសារតែនារីកំណាន់ចិត្តដកសោរថយន្តទុក ទើបឆេះដុំក៏យកកាំភ្លើងខ្លីម៉ាកឡុកបាញ់អស់៧ទៅ៨គ្រាប់ ផ្អើលអស់អ្នកភូមិ ។

លោក កាន់ ពេញ អធិការនគរបាលក្រុងសែនមនោរម្យ ដែលបានដឹកនាំកងកម្លាំងទៅឃាត់ខ្លួនមន្ត្រីយោធារូបនេះប្រាប់ថា នៅថ្ងៃទី៧ ខែមេសា វេលាម៉ោង៥និង៣០នាទីព្រឹក មានករណីផ្ទុះអាវុធនៅមុខផ្សារលឹម ប៉េងឃុនក្នុងភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ។ នាយទាហានរូបនេះឈ្មោះ ប៉ែង
សុភាព អាយុ៤០ឆ្នាំ មានស្រុកកំណើតនៅភូមិបន្ទាយចាស់ ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។

លោកអធិការបញ្ជាក់ថា មូលហេតុនៃការបាញ់បោះនេះ ដោយសារខឹងស្រីស្នេហ៍ដកសោរថយន្ត ហើយករណីនេះ ក៏បានប្រគល់ជូនកម្លាំងរាជអាវុធហត្ថជាអ្នកចាត់ការតាមនីតិវិធីបន្ត ។ លោក ហែម ប៊ុនណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តបានឲ្យដឹងថា នៅពេលនេះ ខាងជំនាញកំពុងសាកសួរ ៕












ចែករំលែកព័តមាននេះ