សង្វេគ​ណាស់​! ស្លាប់​នៅ​កន្លែង​ទៀត​ហើយ


ខេត្ត​ប៉ៃលិន ៖ យុវជន​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង ខណៈ​ក្មេង​ស្រី​ម្នាក់​ទៀត​រង​របួសធ្ងន់​ត្រូវ​គេ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ដោយ​សង្ស័យ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​ម៉ូតូ និង​រថយន្ត ។ ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០១៩ នៅ​លើ​បណ្តោយ​ផ្លូវជាតិ​លេខ​៥៩ ស្ថិត​ក្នុងភូមិ​ភ្នំ​កុយ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ ឡេ​ង សេង​ហ៊ួ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ (​ស្លាប់​នៅ​កន្លែង​កើតហេតុ​) ដោយ​បើកបរ​ម៉ូតូ​ម៉ាក​ឌ្រី​ម ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៥ ពាក់​ស្លាក​លេខ ប៉ៃលិន​1B-1554 ដោយ​ធ្វើ​ដំណើរ​ពី​ត្បួ​ង​ទៅ​ជើង​។ ចំណែក​អ្នក​រួម​ដំណើរ​មានឈ្មោះ​ន​ង វ៉ា​ន់​នេ ភេទ​ស្រី អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន (​រង​របួសធ្ងន់​) ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទី​ពេទ្យ​ខេត្ត​ប៉ៃលិន ។ ករណី​ខាងលើ​នេះ​គេ​ពុំ​ទាន់​ដឹង​ច្បាស់​ពី​មូលហេតុ​នៅឡើយ​ទេ ដោយនៅ​មុន​ពេល​កើតហេតុ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ងងឹតស្លុប រីឯ​ជន​រង​គ្រោះ​ដែល​របួស​ក៏​មិន​ទាន់​អាច​ធ្វើការ​បំភ្លឺ​បាន ហើយ​បំណែក​ដែល​បន្សល់​ទុក​នៅ​នឹង​កន្លែង​កើតហេតុ​មាន​តែ​បំណែក​ម៉ូតូ​ជន​រង​គ្រោះ​ប៉ុណ្ណោះ​។

ប្រភព​បន្ត​ទៀត​ថា ប៉ុន្តែ​គេ​សង្ស័យ​ថា ជា​ករណី​គ្រោះថ្នាក់​ដោយសារ​រថយន្ត​បុក ឬ​កៀរ​រួច​រត់គេច​ខ្លួន​បាត់​ស្រមោល ។ ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ បច្ចុប្បន្ន​ជន​រង​គ្រោះ​ដែល​ស្លាប់​ត្រូវ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ហើយ​អ្នក​រង​របួសធ្ងន់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ហើយ​ខាង​នគរបាល​ជំនាញ​កំពុងធ្វើការ​ស៊ើបអង្កេត ដើម្បី​ស្វែងរក​មូលហេតុ​ពិតប្រាកដ ៕

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ