ចប់បាត់ ! លោកសក្តិ២ ខឹងធ្វើទង្វើមួយផ្អើលអស់អ្នកភូមិតែម្តង
- មណ្ឌលគិរី
ខេត្តមណ្ឌលគិរី ៖ នគរបាលក្រុងសែនមនោរម្យ បានឃាត់ខ្លួនលោកសក្តិ២ម្នាក់ ក្រោយផ្ទុះអាវុធជាច្រើនគ្រាប់ នៅចំណុចផ្សារលឹមប៉េងឃុន ភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ដែលបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៥និង៣០នាទីព្រឹក ថ្ងៃទី០៧ ខែមីនា ។

សេចក្តីរាយការណ៍ឱ្យដឹងថា លោកសក្តិ២ខាងលើ ឈ្មោះ ប៉ែង សុភាព ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរយោធា ទីកន្លែងកំណើតឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល អាសយដ្ឋានរស់នៅបច្ចុប្បន្ននៅភូមិបន្ទាយចាស់ ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ប៉ុន្តែលោកសក្តិ២បានមកធ្វើការជួលជុលផ្លូវនៅខេត្តមណ្ឌលគិរី។

ប្រភពនៅកន្លែងកើតហេតុឲ្យដឹងថា លោកសក្តិ២ខាងលើ បន្ទាប់ពីបានបាញ់អស់ជិត១០គ្រាប់បានអះអាងថា ខ្លួនជាឧត្តមសេនីយ៍ទោផ្កាយ២ ដើម្បីបន្លាចសមត្ថកិច្ច តែនៅតែត្រូវកម្លាំងមូលដ្ឋានឃាត់ខ្លួន។

ប្រភពដដែលបន្តថា មុនកើតហេតុ លោកសក្តិ២ ដែលជាផ្កាយពីរត្រូវឃាត់ខ្លួនខាងលើ គឺជាកម្លាំងកងវិស្វកម្មស្ថាបនាផ្លូវថ្នល់ បានផឹកស៊ីជាមួយគូកនពេញមួយយប់រហូតដល់ព្រលឹមពេលកើកហេតុ។ ក្រោយផឹកស៊ីស្រវឹងយោធារូបនេះ បម្រុងបើករថយន្តម៉ាកឡិចស៊ីស៤៧០ ពាក់ស្លាកលេខ ខ.ម ចេញពីកន្លែងផឹកស៊ី ប៉ុន្តែត្រូវនារីកំណាន់ចិត្តឃាត់ និងដកសោរថយន្តទុក ដោយមិនឲ្យធ្វើដំណើរនោះទេ ព្រោះឃើញគាត់ស្រវឹងខ្លាំងខ្លាចមានគ្រោះថ្នាក់។ ភ្លាមៗនោះ បន្ទាប់ពីនារីកំណាត់ចិត្តដកសោរថយន្តទុក យោធារូបនេះទំនងជាខឹងក៏ទាញបានកាំភ្លើងខ្លីម៉ាកឡុក បាញ់អស់៧ទៅ៨គ្រាប់ផ្អើលអស់អ្នកភូមិតែម្តង។

បើតាមលោក កាន់ ពេញ អធិការនគរបាលក្រុងសែនមនោរម្យ ដែលបានដឹកនាំកម្លាំងចុះប្រតិបត្តិការឃាត់ខ្លួនផ្កាយពីរខាងលើនេះបានប្រាប់ថា នៅថ្ងៃទី៧ មេសា២០១៩ ម៉ោង៥និង៣០នាទីព្រឹក មានករណីផ្ទុះអាវុធកើតឡើងត្រង់ចំណុចមុខផ្សារប៉េងឃុន ស្ថិតក្នុងភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

លោកអធិការបញ្ជាក់ថា មូលហេតុនៃការបាញ់បោះដោយសារខឹងស្រីស្នេហ៍ដកសោឡាន។ហើយករណីខាងលើយើងបានប្រគល់ជូនកម្លាំងរាជអាវុធហត្ថជាអ្នកចាត់ការនីតិវិធីបន្ត។
ចំណែកលោក ហែម ប៊ុនណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី បានឲ្យដឹងនៅម៉ោង៦និង៣០នាទីព្រឹកថា ខណៈពេលនេះ ខាងជំនាញកំពុងសាកសួរ៕








ចែករំលែកព័តមាននេះ