២៧ឆ្នាំក្នុងរបរចម្លាក់មិនអាចក្លាយជាអ្នកមាន (មានវីដេអូ)
- កំពង់ធំ
ខេត្តកំពង់ធំ ៖ ក្រៅពីធ្វើស្រែចម្ការ និងលក់ដូរ អ្នកស្រុកមួយចំនួនបានចាប់យកមុខរបរឆ្លាក់ថ្ម ។ នោះគឺរបរឆ្លាក់ថ្មរបស់អ្នកឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ជាខេត្តមួយល្បីខាងឆ្លាក់ថ្មយ៉ាងចំណាន ។ ខេត្តកំពង់ធំមានទីតាំងស្ថិតនៅចំកណ្តាល ព្រះរាជាណាចក្រកម្ពុជា លាតសន្ធឹងតាមបណ្តោយផ្លូវជាតិលេខ៦ ចម្ងាយ១៦៨គីឡូម៉ែត្រពីភ្នំពេញ ។ ចំពោះភូមិសំណាក ឃុំកកោះ នៅប្រហែលជា១៥គីឡូម៉ែត្រទៀតនឹងដល់ក្រុងស្ទឹងសែន នៅអមសងខាងផ្លូវដេរដាសដោយជាងចម្លាក់ ។ ពួកគេតែងតែឆាប ដាប់ និងឆ្លាក់ថ្មរចនាជារូបសំណាក ផ្សេងៗហុយទ្រលោម ដើម្បីបម្រើទៅតាមសេចក្តីត្រូវការរបស់អតិថិជន ។

រូបសំណាកដែលគេផលិតរួមមាន រូបព្រះសង្ឃ រូបទេវតា រូបព្រះឥន្ទ្រ រូបព្រះពុទ្ធ រូបតោ រូបសេះ រូបតាកំប៉ោង និងរូបដំរី ជាដើម ។ កាលពីពេល ថ្មីៗកន្លងមកលោកប៉ា ចាន់ណា អាយុ៤៧ឆ្នាំ ដែលមានភរិយា និងកូន៤នាក់ ឲ្យដឹងថាលោកបានប្រកបរបរឆ្លាក់រូបអស់រយៈកាល២៧ឆ្នាំមកហើយចាប់តាំងពីឆ្នាំ១៩៩២មក ។ សព្វថ្ងៃលោកមានកូនជាងចំនួន៨នាក់ ។

មុខរបរឆ្លាក់រូបមិនអាចក្លាយជាអ្នកមានធំទេ តែលោកប៉ា ចាន់ណា ថាអាចធ្វើឲ្យជីវភាពគ្រួសារលោកបានសមរម្យនឹងគេ ក្នុងនោះអាចជួយដល់ កូនៗរៀនសូត្របានដល់ថ្នាក់ខ្ពស់ ។ កូនៗខ្លះមិនចង់ចាប់មុខរបរឆ្លាក់រូបបន្តពីលោកប៉ា ចាន់ណា ទេ គឺលោកបានឲ្យពួកគេសិក្សា តាមបំណងរបស់ពួកគេ ។

ក្នុង មួយខែៗគិតជាមធ្យមលោកប៉ា ចាន់ណា អាចរកចំណូលបានប្រហែល៣០០០ដុល្លារនៅមិនទាន់ផាត់ចំណាយ ។ បើទូទាត់ទៅលើការទិញថ្មពីអាជ្ញាប័នក្រុមហ៊ុនដែលដឹកចេញពីខេត្តព្រះវិហារ ថ្លៃឈ្នួលកូនជាងក្នុងម្នាក់មួយថ្ងៃ៤០.០០០រៀល និងថ្លៃចំណាយ ផ្សេងៗ នៅសល់ប្រហែលពី៦០០ដុល្លារទៅ៧០០ដុល្លារ ។

រីឯតម្លៃនៃរូបចម្លាក់ទៅតាមរូបតូច ឬធំ ខ្ពស់ ឬទាប គុណភាពថ្មល្អ ឬថ្មមិនសូវល្អ ។ តម្លៃខ្លះជាង១០ដុល្លារ ខ្លះ២០ដុល្លារ ៣០ដុល្លារ ៥០ទៅ១០០ដុល្លារ រហូតដល់រាប់ពាន់ដុល្លារ ដូចជារូបព្រះពុទ្ធអង្គ និងរូបដំរី ធំៗតម្លៃ៥០០០ដុល្លារ ។ ព្រះពុទ្ធរូបបានលក់ចែកចាយស្ទើរទូទាំងប្រទេស សម្រាប់ពុទ្ធបរិស័ទគោរពបូជា ។

លោកប៉ា ចាន់ណា រៀបរាប់ប្រាប់«កោះសន្តិភាព»ថា «បច្ចុប្បន្នខ្ញុំមានការព្រួយបារម្ភថា បើតាមការសង្កេតឃើញរបស់ខ្ញុំអំពីមុខរបរចម្លាក់នេះ បើប្រៀបធៀបពីរូបចម្លាក់នៅក្នុងខេត្តកំពង់ធំ ទៅនឹងជាងចម្លាក់នៅឯខេត្តសៀមរាបវិញនោះ ឃើញថាជាងនៅកំពង់ធំមួយចំនួនមានទឹកដៃនៅស្ទើរ មិនទាន់មានក្បួនខ្នាតក្នុងការឆ្លាក់ឲ្យត្រឹមត្រូវទៅតាមរចនាបថនៅឡើយទេ ។

នេះក៏ដោយសារតែ ជាងៗរបស់យើងមួយចំនួនពួកគាត់អ្នកខ្លះបានឆ្លងកាត់សាលាត្រឹមត្រូវ ចំណែកបងប្អូនមួយចំនួនទៀតមិនបានឆ្លងកាត់សាលារចនាទេ គឺចេះឆ្លាក់ តាមៗគ្នា ដែលជាហេតុធ្វើឲ្យរូបចម្លាក់មិនសូវល្អទៅតាមហ្នឹងដែរ ហើយបើយើងចេះឲ្យប្រាកដនោះ រកតែពេលទំនេរគ្មានទេ ។ ជាក់ស្តែងខាងខ្ញុំរកតែពេលធ្វើជូនអតិថិជនក៏មិនទាន់ផង ។ មុខរបរនេះទាល់តែអ្នកធ្លាប់ជាមនុស្សទ្រាំទ្រការលំបាកឧស្សាហ៍ព្យាយាម និងអំណត់បំផុត »។

លោកប៉ា ចាន់ណា បានសំណូមពរដល់ស្ថាប័នពាក់ព័ន្ធ ជាពិសេសមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត ឲ្យមន្ត្រីជំនាញជួយបង្ហាត់បង្រៀនជាងចម្លាក់ឲ្យបានចាប់ពី២ទៅ៣ដងក្នុងមួយឆ្នាំ ដើម្បីលើកកម្ពស់សិល្បៈចម្លាក់នៅខេត្តកំពង់ធំឲ្យបានល្អប្រសើរឡើង ។

លោកនូ ហ៊ិនសោភ័ណ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ ថ្លែងថា មិនមែនមន្ទីរមិនយកចិត្តទុកដាក់ទេ តែប្រាក់មានកំណត់ ដូច្នេះមិនបានទូលំទូលាយទេ ។ កន្លងមកមន្ទីរបានស្នើសុំក្រសួងវប្បធម៌ និងវិចិត្រសិល្បៈឲ្យមន្ត្រីជំនាញបើកវគ្គបណ្តុះបណ្តាលបន្ថែមដល់ជាងចម្លាក់ក្នុងមួយឆ្នាំម្តងជារៀងរាល់ឆ្នាំ គិតមកដល់ពេលនេះជាឆ្នាំទី៧ហើយ ។
ចំពោះសំណូមពររបស់លោកប៉ា ចាន់ណា លោកនូ ហ៊ិនសោភ័ណ នឹងធ្វើសំណើទៅក្រសួងវប្បធម៌ ៕












ចែករំលែកព័តមាននេះ