ខេត្តស្វាយរៀង ៖ គ្រាប់បែកខ្នាតយក្សមួយគ្រាប់ដែលគេដឹងថា ជាគ្រាប់ទម្លាក់ពីលើយន្តហោះក្នុងសម័យសង្គ្រាមនាដើមទសវត្សរ៍ឆ្នាំ១៩៧០ បានបន្សល់ទុកនូវភាពភ័យខ្លាចដល់ប្រជាពលរដ្ឋខ្មែរដែលរស់នៅតាមតំបន់ជនបទជិតព្រំដែនរហូតមកមានរយៈពេលជាង៤០ឆ្នាំហើយ នៅតែតាមបន្លាចឲ្យភ័យខ្លាចនិងធ្វើឲ្យមានការភ្ញាក់ផ្អើលតក់ស្លុតជាមួយគ្រាប់បែកធុនយក្សនេះ ។
គ្រាប់បែកទម្លាក់ពីលើយន្តហោះ១គ្រាប់ថ្មីទៀត ត្រូវបានប្រទះឃើញកាលពីរសៀលថ្ងៃទី២៦ ខែមីនាកន្លងទៅ ក្រោយពីគ្រឿងចក្រអេស្កាវ៉ាទ័រមួយគ្រឿងកាយដីជីកស្រះក៏ប៉ះចំគ្រាប់បែកទម្លាក់ពីលើយន្តហោះមួយគ្រាប់សល់ពីសម័យសង្គ្រាមនោះ ដែលមានទម្ងន់ជិត១០០គីឡូក្រាម ប៉ុន្តែជាគ្រោះល្អមិនផ្ទុះ ។ ការជីកដីប្រទះឃើញគ្រាប់បែកនេះ គឺនៅខាងក្រោយផ្ទះរបស់ឈ្មោះ ងេម អ៊ាន ភេទប្រុស អាយុ៤៨ឆ្នាំ នៅភូមិគុម្ពោតទូក ឃុំគគីរសោម ស្រុកស្វាយទាប ។
បើយោងតាមនគរបាលប៉ុស្តិ៍គគីរសោមឱ្យដឹងថា បន្ទាប់ពីមានសេចក្តីរាយការណ៍ពីពលរដ្ឋថា មានការប្រទះឃើញគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅខាងក្រោយផ្ទះប្រហែល៧០ម៉ែត្រខាងកើតវត្តសិរីឧត្តម ហៅវត្តគុម្ពោតទូក ប្រមាណ១០០ម៉ែត្រ ខណៈម្ចាស់ដីជួលអេស្កាវ៉ាទ័រជីកស្រះក្នុងជម្រៅកន្លះម៉ែត្រ ទើបសមត្ថកិច្ចចុះទៅពិនិត្យមើល ។ គ្រាប់បែកដែលពលរដ្ឋប្រទះឃើញនេះ មិនដឹងថាផលិតនៅប្រទេសណានោះទេ ហើយក៏មិនដឹងថាទម្លាក់នៅក្នុងសម័យសង្គ្រាមណានោះដែរ ទាល់តែខាងសុីម៉ាក់ទើបដឹងថា ជាប្រភេទអ្វីផលិតនៅឆ្នាំណា ។
ប្រភពដដែលបន្តទៀតថា គ្រាប់ដែលប្រទះឃើញនោះមានទទឹង៣តឹកកន្លះ ប្រវែងប្រហែលមួយម៉ែត្រ មានក្បាលគីបជិតមួយតឹក ទម្ងន់ប្រហែល១០០គីឡូក្រាម មានស្លាបកង្ហារខាងក្រោយ និងមានអក្សរឡាតាំងមួយជួរសរសេរលេខឆ្នាំ១៩៦៥ផងដែរ ។ កន្លងមក ប្រហែលមួយឆ្នាំមុនមានជនបរទេសមួយក្រុមបានមកស្វែងរកគ្រាប់បែក១គ្រាប់នេះដែរ តែរាវរកមិនត្រូវគោលដៅ គឺខុសគោលដៅតែ៣០ម៉ែត្រពីកន្លែងប្រទះឃើញប៉ុណ្ណោះ ។
បច្ចុប្បន្ន សមត្ថកិច្ចបានបោះរបងព័ទ្ធជុំវិញដើម្បីកុំឲ្យប្រជាពលរដ្ឋមកប៉ះពាល់ក្រែងមានគ្រោះថ្នាក់ដោយប្រការណាមួយ ឬអាចមានសារធាតុគីមីប៉ះពាល់ដល់សុខភាព ។ ចំណែកអាជ្ញាធរបានរាយការណ៍ជូនក្រុមអង្គការស៊ីម៉ាក់ ហើយ ដើម្បីមករំដោះគ្រាប់នេះចេញពីភូមិទៅដាក់នៅទីកន្លែងមានសុវត្ថិភាព ៕
ចែករំលែកព័តមាននេះ