រាជធានីភ្នំពេញ ៖ ជាមួយនឹងការលើកឡើងថា កីឡាករកែវ រំចង់ មានគម្រោងឡើងរេញជាមួយកីឡាករ ព្រំ សំណាង ដែលជាកីឡាករក្នុងស្រុកដូចគ្នា កីឡាកររូបនេះបានប្រាប់ថា នេះជាគម្រោងតាំងពីយូរមកហើយ ប៉ុន្តែខ្លួនមិនទទួលប្រកួតជាមួយកីឡាករក្នុងស្រុកដូចគ្នាទៀតទេ ។ ជាមួយគ្នានេះ លោកក៏បានបង្ហើបឱ្យដឹងពីតម្លៃខ្លួនក្នុងដំណាក់កាលដែលប្រកាន់ជំហរថាមិនប្រកួតនោះឡើយក្រៅពីកីឡាករបរទេស។
កីឡាករ កែវ រំចង់ បានប្រាប់កោះសន្តិភាពថា លោកឈប់ទទួលប្រកួតជាមួយកីឡាករក្នុងស្រុកជាយូរមកហើយ ដោយសារតែហេតុផលលោកមិនចង់ប្រើកម្លាំងវាយលើកីឡាករគ្នាឯងដូចមុនទៀត ។ លោកបានចាត់ទុកថា បើវាយកីឡាករខ្មែរគ្នាឯង គឺទោះជាវាយយ៉ាងណាក៏មិនអស់ដៃដែរ ព្រោះតែអាណិតរឿងបែក ឬមានរបួសធ្ងន់ ដែលមិនខុសពីធ្វើបាបសាច់ឯង ។
លោកថា កាលពីមុនឱ្យតែបានតម្លៃខ្លួនខ្ពស់ ទោះជាត្រូវវាយជាមួយអ្នកណាក៏លោកទទួលវាយដែរ ប៉ុន្តែគ្រប់ពេលលោកមិនដែលសប្បាយចិត្តនោះទេ ក្នុងពេលកីឡាករជាដៃគូបែកមុខបែកមាត់ ហើយអ្នកខ្លះត្រូវលោកជ្រុលដៃវាយឱ្យរងរបួសធ្ងន់ផង ដែលធ្វើឱ្យលោករមែងកើតមានវិប្បដិសារៈជារឿយៗ ។
ជាក់ស្ដែងក្នុងពេលលោកវាយកែងធ្វើឱ្យកីឡាករក្នុងស្រុកច្រើនបែករយះ ធ្វើឱ្យលោកមួហ្មងក្នុងចិត្តយ៉ាងខ្លាំង ទើបលោកប្រកាសឈប់វាយ ជាមួយកីឡាករខ្មែរគ្នាឯងដើម្បីកុំឱ្យកើតមាន វិប្បដិសារៈ ។ លោកថា ខ្លួនឈប់ប្រកួត ជាមួយកីឡាករក្នុងស្រុកប្រមាណ២ឆ្នាំមកហើយ ដោយប្រកាសជំហរថា ជ្រុលបើកការប្រកួតនៅលើសង្វៀនដោយមិនឈប់ទៅហើយ គឺមិនវាយជាមួយកីឡាករខ្មែរទៀតទេ ។
លោកថា ដំណឹងដែលថាលោកចង់ឡើងប្រកួតជាមួយកីឡាករខ្មែររូបនេះរូបនោះ គឺជាការភាន់ច្រឡំប៉ុណ្ណោះដោយធាតុពិតជាក់ស្ដែង គឺលោកមិនមានគម្រោងទៅប្រកួតជាកីឡាករណាម្នាក់នោះទេ សូម្បីតែជាមួយកីឡាករ ព្រំ សំណាង ដូចការលើកឡើង ។ លោកប្រកាសប្រកួតតែជាមួយបរទេសសុទ្ធសាធ បើទោះជាបានតម្លៃមិនខ្ពស់ដូចការចង់បានក៏មិនប្រកួត ។ យ៉ាងណាមិញលោកថា តម្លៃខ្លួនក្នុងមួយប្រកួតរបស់លោកក្នុងមួយរយៈចុងក្រោយ មិនក្រោម១ពាន់ដុល្លារ នោះទេ បើទោះជាលោកត្រូវប្រកួតនៅលើសង្វៀនទូរទស្សន៍បាយ័ន ដែលជាស្ថាប័នលោកបានផ្ដាច់មុខឱ្យ ។
សម្រាប់ការប្រកួតក្នុងស្រុកលោកទទួលបានតម្លៃខ្លួនចាប់ពី១ពាន់ដុល្លារឡើងទើបលោកទទួលប្រកួត ក្នុងពេលដែលការប្រកួតសព្វថ្ងៃក៏មានលោក នាង សុីវត្ថា អ្នករៀបចំកម្មវិធីប្រដាល់ប្រចាំសង្វៀនទូរទស្សន៍បាយ័ន ជាអ្នករៀបចំផ្គូផ្គង និងជាអ្នកស្វែងរកទីផ្សារឱ្យ ។ លោកថា ខ្លួនមិនមែនរង់ចាំតែប្រកួតនៅសង្វៀនទូរទស្សន៍បាយ័ននោះទេ ព្រោះលោកនាង សុីវត្ថា ក៏បានបើកសិទ្ធិ ឱ្យលោកចេញប្រកួតនៅក្នុងព្រឹត្តិការណ៍ក្រៅប៉ុស្តិ៍ដូចគ្នា សំខាន់ឱ្យតែមានការជូនដំណឹងទៅកាន់លោកជាមុន ។
លោកនិយាយថា៖«រាល់ថ្ងៃខ្ញុំសុីប្រាក់ខែ និងផ្ដាច់ខ្លួនឱ្យខាងបាយ័ន ដោយបាយ័នរៀបចំឱ្យខ្ញុំប្រកួតក្នុងប៉ុស្តិ៍ជាមួយគូអន្តរ ជាតិមិនសូវខានទេក្នុងតម្លៃខ្លួន១ពាន់ៗនោះផង ហើយលោកនាង សុីវត្ថា អត់មានហាមមិនឱ្យឡើងប្រកួតប៉ុស្តិ៍ផ្សេងទេ តែគាត់ទាមទារឱ្យប្រាប់គាត់មុន ព្រោះជួនកាលយើងទទួលប្រកួតប៉ុស្តិ៍ផ្សេងហើយស្រាប់តែកៀកនឹងពេលគាត់ដាក់ឱ្យប្រកួតដែរ អ៊ីចឹងមិនយើងប្រកួតឱ្យប៉ុស្តិ៍មិនកើត»។
លោក កែវ រំចង់ បន្តថា ជារៀងរាល់ថ្ងៃលោកមិនដែលខ្វល់នឹងរកការងារខាងក្រៅ ឬ ប្រហែសនឹងការហ្វឹកហាត់នោះទេ ដោយសារទី១លោកមានប្រាក់ខែហើយទោះមិនសូវជា មានការប្រកួតទាល់តែសោះ ក៏មានការប្រកួត ជាមួយកីឡាករបរទេសនៅប៉ុស្តិ៍បាយ័ននោះ ដែរ ដែលអាចនិយាយបានថា លោកមានចំណូលមួយខ្ពស់អាចចិញ្ចឹមខ្លួនបាន ។ ដូច្នេះ លោកត្រូវតាំងចិត្តរក្សាកម្លាំង និងខំប្រឹងប្រកួតកុំឱ្យអ្នកស្នេហាវិស័យប្រដាល់បាក់ទឹកចិត្ត ដើម្បីការពារទីផ្សារ ។ លោកថា ការប្រដាល់មិនមែនសុទ្ធតែមិនល្អ និងធ្វើឱ្យជីវភាពខ្សត់ខ្សោយនៅពេលពឹងតែលើការប្រដាល់មួយមុខនោះទេ ។
ជាក់ស្ដែងសម្រាប់រូបលោក ដ្បិតថាមិនធ្វើការងារផ្សេងជាត្រីមុខ តែការប្រដាល់នៅតែជួយឱ្យលោករស់នៅល្អប្រសើរ សំខាន់សួរថា តើយើងដាក់ចិត្ត និងស្រលាញ់វិស័យមួយនេះឱ្យអស់ពីចិត្តពីថ្លើមឬទេ ។ លោកថា ការប្រដាល់កំពុងធ្វើឱ្យលោកមានមោទនភាព អ៊ីចឹងហើយទើបលោកខំប្រឹងប្រដាល់មិនរាថយឡើយ ដោយលោកប្រកាសមិនឡើងប្រកួតជាមួយកីឡាករក្នុងស្រុកនោះផង ដោយសារតែលោកដឹងថាមួយដៃៗមួយកែងៗរបស់លោក គឺមិនខុសពីញញួរ ដែលងាយធ្វើឱ្យកីឡាកររួមអាជីពរបួសធ្ងន់ ។
លោកថា បើវាយអ្នកក្រៅ លោកមិនលាក់ជំនាញទេ តែបើវាយគ្នាឯង គឺពិតជាមានអារម្មណ៍អាណិត ហើយនឹងមិនអស់ដៃទើបលោកមិនទទួលប្រកួត ។ ក្នុងនោះប្រសិនបើមានអ្នករៀបចំកម្មវិធីណាមួយចង់ឱ្យលោកឡើងប្រកួតនៅឯក្រៅប្រទេស គឺលុះត្រាបានតម្លៃចាប់ពី២ពាន់ដុល្លារឡើងទៅទើបលោកទទួលប្រកួត ។ លោកប្រកាសមិនចោលអាជីពមួយនេះនោះទេ ដោយលោកនឹងប្រឹងប្រកួតបង្កើនសមត្ថភាពឱ្យកាន់តែខ្លាំង បើទោះជាវ័យរាងជ្រេបន្តិចដើម្បីកុំឱ្យគេថា កីឡាករខ្មែរចាស់បន្តិចប្រកួតមិនកើតនោះផង ៕
ចែករំលែកព័តមាននេះ