ប្រទេសថៃ៖ការិយាល័យ EEC របស់ប្រទេសថៃបានប្រាប់ដល់សារព័ត៌មាន Bangkok Post កាលពីថ្ងៃសៅរ៍កន្លងមកថា ក្រុមហ៊ុនជប៉ុន និងចិនប្រមាណ២០០ក្រុមហ៊ុននឹងទៅកាន់ប្រទេសថៃនៅថ្ងៃទី២ មេសា ដើម្បីសិក្សាពីគម្រោងហេដ្ឋារចនាសម្ព័ន្ធចំនួន៥ក្នុងច្រករបៀងសេដ្ឋកិច្ចខាងកើត (EEC) ។
លោក Kanit Sangsubhan ដែលជាអគ្គលេខាធិកាការិយាល័យ EECបាននិយាយថា អង្គការពាណិជ្ជកម្មបរទេសជប៉ុន (Jetro) និងក្រុមប្រឹក្សាលើកតម្កើងការធ្វើពាណិជ្ជកម្មរបស់ប្រទេសចិននឹងមានសិក្ខាសាលា និងកម្មវិធីផ្គូរផ្គងអាជីវកម្មសម្រាប់ EECក្នុងទីក្រុងបាងកកនៅកាលបរិច្ឆេទខាងលើ។
ប្រទេសទាំងពីរនឹងនាំក្រុមហ៊ុនប្រមាណ ១០០ ក្រុមហ៊ុនទៅកាន់កម្មវិធីទាំងពីរ ខណៈដែលសហព័ន្ធឧស្សាហកម្មងថៃ និងសភាពាណិជ្ជកម្មថៃនឹងនាំក្រុមហ៊ុន១០០ទៀតផងដែរ។
កម្មវិធីនេះគឺយោងទៅតាមកិច្ចព្រមព្រៀងជាមួយនឹងប្រទេសជប៉ុន និងប្រទេសចិនកាលពីខែឧសភាដែលស្តីពីការជំរុញការវិនិយោគដោយក្រុមហ៊ុនមកពីប្រទេសទាំងពីរ។
លោក Kanit បាននិយាយថា «គម្រោង EEC ត្រូវបានជ្រើសជាតំបន់សាកល្បងក្នុងអាស៊ីអាគ្នេយ៍។ ពួកគេក៏នឹងសហការជឫមួយនឹងរដ្ឋាភិបាលដើម្បីផ្តល់ជាប្រាក់កម្ចីសម្រាប់គម្រោងធំៗទាំង៥ផងដែរ»។
ធនាគារកិច្ចសហប្រតិបត្តិការអន្តរជាតិរបស់ប្រទេសជប៉ុននឹងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ក្រុមហ៊ុនជប៉ុន និងចិនដែលចូលរួមការអភិវឌ្ឍន៍គម្រោងទាំង៥ក្នុងខេត្ត Chachoengsao, Chon Buri និង Rayong ក្នុង EEC។
គម្រោងទាំងនេះរួមមានផ្លូវរថភ្លើងល្បឿនលឿនដែលតភ្ជាប់អាកាសយានដ្ឋានបី កំពង់ផែ Map Ta Phut កំពង់ផែ Laem Chabang មជ្ឈមណ្ឌលជួសជុលសម្រាប់ផ្លូវអាកាស និងអាកាសយានដ្ឋាន U-tapao ជាដើម ។ សរុបមក គម្រោងទាំង៥មានតម្លៃប្រមាណជិត២២ប៊ីលានដុល្លារឯណោះ។
លោក Kanit បានបន្តទៀតថា គម្រោងហេដ្ឋារចនាសម្ព័ន្ធខាងលើក្នុងតំបន់ EEC នឹងចូលរួមនាំយកប្រមាណជិត២៦ប៊ីលានដុល្លារសម្រាប់សេដ្ឋកិច្ចថៃ និងបង្កើតការងារប្រមាណ៤៧៥,៦៦៨កន្លែងផងដែរ ៕
ចែករំលែកព័តមាននេះ