ខេត្តកំពង់ចាម ៖ គ្រោះអគ្គិភ័យរដូវប្រាំងបានកើតឡើងដោយលំនៅឋានរបស់ប្រជាពលរដ្ឋចំនួន០៧ខ្នង ស្ថិតនៅភូមិទួលរកា ឃុំពាមកោះស្នារ ស្រុកស្ទឹងត្រង់ ត្រូវបានអគ្គិភ័យលេបប្របាក់អស់គ្មានសល់នៅវេលាម៉ោង៥និង២០នាទីល្ងាចថ្ងៃទី២៧ មីនា ២០១៩ ។ ហើយត្រូវបានលោកឧត្តមសេនីយទោឯម កុសល ស្នងការនគរបាលខេត្តបញ្ជាឲ្យរថយន្តពន្លត់អគ្គិភ័យចំនួន០៤គ្រឿងចេញទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ផងដែរ ។
លោកវរសេនីយឯកប៉ាក ជាតិ អធិការនគរបាលស្រុកស្ទឹងត្រង់ប្រាប់ឲ្យដឹងថា ដំបូងគេបានឃើញភ្លើងចាប់ផ្តើមឆេះចេញពីផ្ទះរបស់ឈ្មោះ សយ សៅ ផ្ទះទំហំ៦.៥០ម៉ែត្រគុណ៩ម៉ែត្រ ដោយឆេះកាត់តែខ្លាំងឡើងៗចំពេលដែលអាកាសធាតុក្នុងរដូវប្រាំងក្តៅហែង បន្ទាប់មកបានរាលដាល់ទៅផ្ទះគេផ្សេងៗទៀតនៅជាប់នោះ និងបានបង្កឲ្យមានការភ្ញាក់ផ្អើលពេញភូមិ ដោយមានអ្នកខ្លះបាននាំគ្នាជញ្ជូនរបស់ទ្រព្យចេញទៅឆ្ងាយនៅកន្លែងសុវត្ថិភាព ។
អធិការនគរបាលស្រុកស្ទឹងត្រង់បន្តថា ក្រោយពីទទួលបាននូវហេតុការណ៍ខាងលើរូបលោកបានឲ្យរថយន្តពន្លត់អគ្គិភ័យរបស់អធិការនគរបាលស្រុក០១គ្រឿងចេញទៅជាបន្ទាន់ ដើម្បីបាញ់ទឹកពន្លត់ក្នុងប្រតិបត្តិការនេះមានរថយន្តមកពីខាងស្រុកចំការលើ រថយន្តស្នងការដ្ឋាននគរបាលខេត្ត១គ្រឿង និងរថយន្តរបស់ក្រុមហ៊ុនឡុង ស្រេង១គ្រឿង បានមកជួយបាញ់ទឹកដែរ ។
លោកថា ដោយសារតែចម្ងាយផ្លូវឆ្ងាយផងនោះទំរាំតែរថយន្តទៅដល់ភ្លើងបានឆេះរាលដាលឆេះផ្ទះអស់ចំនួន០៧ខ្នងក្នុងនោះមាន១-ផ្ទះ ឈ្មោះ សេង ផូ ធ្វើពីឈើប្រក់ក្បឿងទំហំ៧គុណ១២ម៉ែត្រ ២-ផ្ទះឈ្មោះ អំ យ៉ាត ទំហំ៧គុណ១២ម៉ែត្រ ៣-ផ្ទះឈ្មោះ គ្រុយ សៅ ទំហំ៦គុណ៩ម៉ែត្រ ផ្ទះឈើប្រក់ក្បឿង ៤-ផ្ទះឆេះមុនគេ ៥-ផ្ទះឈ្មោះ ស៊ឹម ណាក់ ទំហំ៦,៥០ម៉ែត្រគុណ៩ម៉ែត្រ ធ្វើពីឈើប្រក់ដែក ៦-ផ្ទះឈ្មោះ ដា ភាព ទំហំ៧ម៉ែត្រគុណ១៣ម៉ែត្រ ផ្ទះឈើប្រក់ក្បឿង ៧-ផ្ទះឈ្មោះ យីម យ៉ុន ទំហំ៥ម៉ែត្រគុណ៧ម៉ែត្រ ឈើប្រក់ដែកសរុបទំហំនៃការខូចខាតគេមិនទាន់ដឹងនូវឡើយទេ ។
មូលហេតុដែលបង្កឲ្យមានគ្រោះអគ្គិភ័យកើតឡើងនោះដោយសារតែភ្លើងដាំបាយចង្ក្រានហ្គាសនៅផ្ទះរបស់ឈ្មោះ សយ ផល ។ រហូតមកដល់វេលាម៉ោង៩យប់ទៅហើយក្តី ក៏កម្លាំងសមត្ថកិច្ចនូវតែបន្តបាញ់ទឹក ដើម្បីឲ្យភ្លើងបានរលត់អស់ជៀស
វាងរាលដាលទៅផ្ទះផ្សេងៗទៀត ៕
ចែករំលែកព័តមាននេះ