ប្រទេសបារាំង ៖ ក្រុមកីឡាការិនីប៉េតង់កម្ពុជាដណ្តើមបានមេដាយ២គ្រឿងគឺមាស១គ្រឿង និងសំរឹទ្ធ១គ្រឿង ពីព្រឹត្តិការណ៍ Women’s World Championship of Petanque 2013 នៅប្រទេសបារាំង កាលពីថ្ងៃទី៥ និង៦ តុលា កន្លងទៅ ។ សម្រាប់ជ័យជម្នះគួរជាទីមោទនៈខាងលើនេះ បានធ្វើឱ្យក្រុមកីឡាប៉េតង់កម្ពុជាមានកេរ្តិ៍ឈ្មោះល្បីល្បាញភ្លាមៗនៅលើឆាកអន្តរជាតិ និងទូទាំងពិភពលោក ។
ចំពោះការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ពិភពលោកនេះ ក្រុមកីឡាការិនីប៉េតង់កម្ពុជា ប្រកួតលើវិញ្ញាសា២ គឺវិញ្ញាសាវាយយកពិន្ទុ និងវិញ្ញាសាវាយជាក្រុម៣នាក់ ទល់៣នាក់ ក្នុងចំណោមក្រុមកីឡាការិនីជម្រើសជាតិប៉េតង់ចំនួន៤១ប្រទេសចូលរួម ។ ការប្រកួតវិញ្ញាសាជាក្រុម ក្រុមកីឡាការិនីកម្ពុជា ចាប់ផ្តើមដោយបំបាក់ក្រុមស្លូវេនី ១៣-៩ បន្តឈ្នះក្រុមប៉ូឡូញ១៣-៧ នៅជុំទីពីរ ប៉ុន្តែចាញ់ក្រុមម៉ាដាហ្គាស្កា ៤-១២ នៅជុំទីបី ហើយត្រឡប់មកឈ្នះក្រុមទុយនីស៊ី ១៣-៥ និងបារាំងម្ចាស់ផ្ទះ១៣-៨ វិញនៅពីរជុំចុងក្រោយ ។ ឈានដល់ការប្រកួតវគ្គ១/៨ ផ្តាច់ព្រ័ត្រ ក្រុមកម្ពុជាបានបំបាក់ក្រុមសាធារណរដ្ឋឆែក១៣-៣ ហើយបន្តឈ្នះក្រុមបែលហ្ស៊ិកនៅវគ្គ១/៤ផ្តាច់ព្រ័ត្រក្នុងលទ្ធផល ១៣-៤ ប៉ុន្តែបែរជាចាញ់ក្រុមប្រទេសជិតខាងថៃ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រវិញក្នុងលទ្ធផល១៣-៨ ពិន្ទុ ។ ជាលទ្ធផលសម្រាប់វិញ្ញាសាជាក្រុម៣នាក់ ទល់៣នាក់ មេដាយមាសបានទៅក្រុមប្រទេសថៃ មេដាយប្រាក់បានទៅក្រុមម្ចាស់ផ្ទះបារាំង និងមេដាយសំរឹទ្ធបានមកលើក្រុមកម្ពុជា និងកាណាដា ។
ដោយឡែកវិញ្ញាសាវាយយកពិន្ទុ កីឡាការិនីកម្ពុជា កែ ឡេង បានយកឈ្នះរហូត ដូចជាប្រកួតឈ្នះវគ្គជម្រុះដំបូង(វគ្គជម្រុះយក១៦នាក់) រកបាន២៧ពិន្ទុជាប់ចំណាត់ថ្នាក់លេខ៦ និងប្រកួតឈ្នះវគ្គ១/៨ រកបានពិន្ទុច្រើនជាងគេជាប់ចំណាត់ថ្នាក់លេខ១ ។ ចំណែកការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកីឡាការិនីកម្ពុជា កែ ឡេង បានប្រកួតឈ្នះ២ប្រកួតជាប់គ្នាទៀត លើកីឡាការិនីអីុតាលី និងកីឡាការិនីម៉ាដាហ្គាស្កា ។ បន្ទាប់ពីដណ្តើមបានឱកាសឡើងទៅលេងនៅវគ្គផ្តាច់ព្រ័ត្រ កែ ឡេង បានបន្តបំបាក់កីឡាការិនី ទុយនីស៊ី ទៀត ធ្វើឱ្យកីឡាការិនីឆ្នើមរបស់កម្ពុជារូបនេះដណ្តើមបានមេដាយមាសតែម្តង ។ នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាប៉េតង់នេះ ក្រុមកម្ពុជាដណ្តើមបានមេដាយច្រើនជាងគេគឺមាស ១ និងសំរឹទ្ធ ១ តាមពីក្រោយដោយក្រុមប្រទេសថៃ ដែលដណ្តើមបានមេដាយមាស១ ។ ចំណែកឯក្រុមប្រទេសបារាំងនិងទុយនីស៊ី ឈរនៅចំណាត់ថ្នាក់លេខ៣ ស្ទួនក្រោយប្រជែងបានមេដាយប្រាក់ម្នាក់១ ។ រីឯ៣ប្រទេសទៀតរួមមាន កាណាដា អាល្លឺម៉ង់ និងម៉ាដាហ្គាស្កា ឈរនៅចំណាត់ថ្នាក់លេខ៥ ដោយដណ្តើមបានមេដាយសំរឹទ្ធម្នាក់១។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍ខាងលើគឺចាប់ផ្តើមតាំងពីថ្ងៃទី៤ តុលា ដល់៦ តុលា ហើយក្រុមកីឡាការិនីជម្រើសជាតិកម្ពុជានឹងវិលមកដល់កម្ពុជាវិញនៅថ្ងៃទី៩ តុលា តាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនៅវេលាម៉ោង៥ល្ងាច ៕
ចែករំលែកព័តមាននេះ