ខេត្តតាកែវ ៖ គ្រូពេទ្យនៃមន្ទីពេទ្យបង្អែកស្រុកបាទី ត្រូវបានគណនីហ្វេសប៊ុកមួយឈ្មោះ Nhel Phea ធ្វើការរិះគន់និងចោទថា ទុកអ្នកជំងឺបណ្តាលឱ្យស្លាប់ អត់យកចិត្តទុកដាក់មើលថែអ្នកជំងឺ ។ គណនី
ហ្វេសបុ៊កនោះបានចោទជាសំណួរថា «តើប័ណ្ណក្រីក្រជាឃាតករបិទមុខឬ ?»។
នៅថ្ងៃទី២៣ ខែមីនា លោក កេត សារឿន ជាពលរដ្ឋរស់នៅភូមិកុកតារៀ ឃុំរវៀង ស្រុកសំរោង ដែលស្ថានភាពគ្រួសារមានជីវភាពទីទ័លក្របានស្លាប់បាត់បង់ជីវិតនៅមន្ទីរពេទ្យបង្អែក ស្រុកបាទី បន្ទាប់ពីរូបគាត់មានអាការៈមិនស្រួលខ្លួនដោយការចុក និងថប់ដង្ហើម ។ ដោយឃើញអាការៈមិនស្រួលបែបនេះ ក្រុមគ្រួសារបញ្ជូនគាត់ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបាទីខេត្តបានចំនួន២យប់ ដោយប្រើប្រាស់ប័ណ្ណក្រីក្រ ។
តាមព័ត៌មានពីក្រុមគ្រួសារនិយាយថា ក្នុងរយៈពេល២យប់នេះ គ្រូពេទ្យមិនសូវអើពើយកចិត្តទុកដាក់ក្នុងការព្យាបាលទេ ដោយបានដាក់សេរ៉ូមអស់៤ប្លោក និងប្រើថ្នាំគ្រាប់ ។ អ្នកជំងឺបានត្អូញត្អែរប្រាប់គ្រួសារថា គាត់ថប់ដង្ហើម និងចុកខ្លាំងណាស់ ប្រហែលជាមិនរស់ទេ ។
រីឯក្រុមគ្រួសារមានការព្រួយបារម្ភយ៉ាងខ្លាំង ហើយបានទៅសួរគ្រូពេទ្យជាញឹកញាប់ពីអាការអ្នកជំងឺ និងសុំឱ្យគ្រូពេទ្យដាក់អុកស៊ីសែនដើម្បីជំនួយដកដង្ហើម ប៉ុន្តែត្រូវបានក្រុមគ្រូពេទ្យប្រាប់វិញថា ជំងឺមិនធ្ងន់អីទេ ហើយវាគ្មានបញ្ហាអីទេ ។ ពេលឃើញអាការអ្នកជំងឺហាក់ដូចប្រែប្រួលខ្លាំងទៅៗ ទៅហៅពេទ្យមកមើល ក្រុមគ្រូពេទ្យនៅតែនិយាយដដែលថាមិនអីទេ ហើយរហូតដល់ម៉ោង៤និង៣០នាទីទៀបភ្លឺថ្ងៃទី២៣ ខែមីនា លោក កេត សារឿន ក៏បានស្លាប់ទៅ ។
សូមបញ្ជាក់ថា លោក កេត សារឿន អាយុ៤៦ឆ្នាំ មានកូនចំនួន៥នាក់ ប្រកបរបរចិញ្ចឹមគ្រួសារដោយ
ដើរស៊ីឈ្នួលរែកដី និងធ្វើសំណង់ ។ មុននឹងស្លាប់នេះ គឺគាត់ធ្លាក់ខ្លួនឈឺរយៈពេលមួយសប្តាហ៍ ។ ជុំវិញ
ការស្លាប់របស់អ្នកជំងឺនេះ ទើបក្រុមគ្រួសារដាក់ជាសំណួរថា តើប័ណ្ណក្រីក្រដែលរាជរដ្ឋាភិបាលផ្តល់ជូនគ្រួសារទីទ័លក្រ អាចយកទៅប្រើប្រាស់ក្នុងការព្យាបាលជំងឺនៅមន្ទីរពេទ្យបានក្នុងកម្រិតណា ?
តើប្រសាសន៍សម្តេចតេជោ ហ៊ុន សែន និងលោក ម៉ម ប៊ុនហេង រដ្នមន្ត្រីក្រសួងសុខាភិបាល ដែលឱ្យគ្រូពេទ្យខិតខំយកចិត្តទុកដាក់ក្នុងការព្យាបាលជំងឺ ដល់ពលរដ្ឋមានប្រសិទ្ធភាព និងមានតម្លៃយកទៅអនុវត្តបានដែរឬទេ ជាពិសេសក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកស្រុកបាទី ? រីឯស្ត្រីជាប្រពន្ធឈ្មោះ សំ ប៉ុន អាយុ៤៦ឆ្នាំ បានប្រាប់កោះសន្តិភាព នៅរសៀលថ្ងៃទី២៦ ខែមីនា ថា គាត់បានយកប្តីទៅព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកស្រុកបាទី កាលពីថ្ងៃទី១៩ ខែមីនា កន្លងទៅ ដោយគាត់មានប័ណ្ណក្រីក្រ ។
ពេលចូលដល់មន្ទីរពេទ្យមិនឃើញគ្រូពេទ្យចេញមកពិនិត្យឡើយ គឺមានតែពេទ្យក្មេងៗ(ពេទ្យកម្មសិក្សាឬពេទ្យស្តារ) មកពិនិត្យតែប៉ុណ្ណោះ ដោយពេទ្យពិនិត្យឃើញថា ទឹកក្នុងសួតជាជំងឺស្រាលទេ និងគ្រាន់តែព្យួរសេរ៉ូមទុកចោល ។ លុះនៅថ្ងៃបន្ទាប់គាត់ក៏សួរពេទ្យទៀតរួចពេទ្យក្មេងៗទាំងនោះនៅតែនិយាយថា ជាជំងឺស្រាលដដែល ។ ស្ត្រីជាប្រពន្ធជនរងគ្រោះបន្តទៀតថា ប្តីគាត់មុននឹងស្លាប់បានត្រដរខ្យល់ ហើយពេល
ត្រដរខ្យល់នោះមិនមានគ្រូពេទ្យណាម្នាក់ចេញមកមើលឡើយ រហូតប្តីគាត់ស្លាប់ទើបចេញមកមើលរួចក៏ចូលទៅវិញបាត់ទៅ ។
នៅក្នុងករណីនេះ គាត់គិតថា គឺដោយសារក្រុមគ្រួសារគាត់កាន់ប័ណ្ណក្រីក្រទៅព្យាបាលទើបគ្មានគ្រូពេទ្យពិនិត្យនិងព្យាបាលដោយយកចិត្តទុកដាក់ ទុកឱ្យប្តីគាត់រហូតដល់ស្លាប់បែបនេះ ។ ជាការចូលរួមរំលែកទុក្ខ ក្រុមអ្នកសារព័ត៌មានយើងបាននាំយកអំណោយមានអង្ករ គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនផងដែរទៅឧបត្ថម្ភដល់ក្រុមគ្រួសារជនរងគ្រោះ ។
ទាក់ទិននឹងករណីខាងលើនេះ កោះសន្តិភាពមិនអាចរកការបំភ្លឺពីប្រធានមន្ទីរពេទ្យបង្អែកស្រុកបាទីបាន
ទេ ។ ចំណែកលោក នុត សុីណាត ប្រធានមន្ទីរសុខាភិបាលខេត្ត ក៏មិនអាចទាក់ទងសុំការប៉ភ្លឺបានដែរទេ ដោយសារទូរស័ព្ទរបស់លោកហៅមិនចូល ៕
ចែករំលែកព័តមាននេះ