រាជធានីភ្នំពេញ ៖ លោកគៀង សាម៉ន អាយុ៣០ឆ្នាំ ជាកីឡាករជម្រើសជាតិផ្នែកវិញ្ញាសាអត្តពលកម្មដែលត្រូវបានជ្រើសរើសយ៉ាងសម្រិតសម្រាំងឱ្យទៅចូលរួមប្រកួតកីឡាស៊ីហ្គេមនៅប្រទេសមីយ៉ាន់ម៉ា នៅពាក់កណ្តាលខែធ្នូឆ្នាំ២០១៣ ខាងមុខនេះ បានប្រាប់កោះសន្តិភាពខណៈលោកកំពុងប្រឹងប្រែងហ្វឹកហាត់យ៉ាងសស្រាក់សស្រាំនៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកកាលពីព្រឹកថ្ងៃទី១ តុលា ថា លោកសូមប្តេជ្ញារកមេដាយជូនជាតិឱ្យទាល់តែបាន ដែលយ៉ាងហោចណាស់ក៏មេដាយសំរឹទ្ធដែរ ។
កាលពីស៊ីហ្គេមលើកទី២៦នៅប្រទេសឥណ្ឌូណេស៊ី គៀង សាម៉ន មិនទទួលបានលទ្ធផលល្អឡើយ គឺលោកស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ៥
ឯណោះ លើវិញ្ញាសារត់ប្រណាំងចម្ងាយ៨០០ម៉ែត្រ ដោយប្រើថិរវេលា១នាទី៥៣.១៧វិនាទី ខណៈថិរវេលាដែលល្អជាងគេគឺមានត្រឹមតែ១នាទី៤៩វិនាទីប៉ុណ្ណោះ ។ ឆ្នាំនេះលោកបានធ្វើដំណើរទៅចូលរួមប្រកួតនៅក្នុងព្រឹត្តិការណ៍អន្តរជាតិជាច្រើន បើទោះជាមិនទទួលបានលទ្ធផលល្អក្តី យ៉ាងហោចណាស់ក៏លោកទទួលបានបទពិសោធន៍ថ្មីបន្ថែមទៀតជាច្រើនដែរ ព្រោះរាល់ការទៅចូលរួមប្រកួតភាគច្រើនជាបណ្តាប្រទេសអឺរ៉ុបដូចជាបារាំងជាដើម ។ សម្រាប់ការត្រៀមខ្លួនទៅចូលរួមប្រកួតស៊ីហ្គេមលើកនេះ លោកបានកំណត់យកវិញ្ញាសាចំនួន៣ក្នុងនោះមានរត់ចម្ងាយ៤០០ម៉ែត្រ , ៨០០ម៉ែត្រ និង១.៥០០ម៉ែត្រ ។ ចំពោះវិញ្ញាសាដែលធ្វើឱ្យលោកមានសង្ឃឹមបំផុតថាអាចដណ្តើមចំណាត់ថ្នាក់ជ័យលាភីយ៉ាងហោចក៏មេដាយសំរឹទ្ធដែរនោះគឺវិញ្ញាសារត់ចម្ងាយ៨០០ម៉ែត្រ ។ លោកគៀង សាម៉ន បានប្រាប់ទៀតថា កាលពីប៉ុន្មានខែមុនលោកមិនសូវមានពេលហ្វឹកហាត់ទេ ដោយជាប់រវល់ធ្វើអាជ្ញាកណ្តាលបាល់ទាត់ដើម្បីរកកម្រៃផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ ប៉ុន្តែឥឡូវនេះរដូវកាលបាល់ទាត់បានបញ្ចប់ហើយ និងដល់ពេលល្មមសម្រាប់ក្រុមកីឡាជម្រើសជាតិគ្រប់វិញ្ញាសាដែលមានឈ្មោះទៅស៊ីហ្គេមត្រូវធ្វើការប្រមូលផ្តុំគ្នាហ្វឹកហាត់ផងដែរ ។
តាមការសង្កេតលោកគៀង សាម៉ន ពិតជាខិតខំប្រឹងប្រែងហ្វឹកហាត់ខ្លាំងណាស់មិនដែលឮពាក្យត្អូញត្អែរដែលកើតចេញពីការហត់នឿយឡើយ បើទោះជារាល់ពេលលោកត្រូវគ្រូបង្ហាត់ស្រែកបញ្ជាឱ្យរត់ជាញឹកញាប់ដើម្បីបង្កើនល្បឿនកាត់បន្ថយថិរវេលាឱ្យនៅសល់តិចជាងមុខក្តី ក៏លោកនៅតែបង្ហាញទឹកមុខសើចញញឹមដដែល ដោយសារលោកមានមហិច្ឆតាខ្ពស់ថានឹងខិតខំធ្វើឱ្យបានល្អជាងលើកមុន ជាពិសេសការបង្កើនល្បឿនរត់តាមលក្ខណៈបច្ចេកទេសកាត់បន្ថយថិរវេលាឱ្យបានល្អជាងមុនរហូតដណ្តើមមេដាយឱ្យបានជូនជាតិ ។ លោកគៀង សាម៉ន ត្រូវបានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាត្រៀមបញ្ជូនឱ្យទៅហ្វឹកហាត់នៅប្រទេសវៀតណាមរយៈពេល១ខែកន្លះ ប៉ុន្តែគេមិនទាន់ដឹងថា ត្រូវចេញដំណើរនៅថ្ងៃណានោះទេ ដោយសារខាងអូឡាំពិកមិនទាន់ប្រាប់ ។
គួររំលឹកផងដែរថា សម្រាប់អត្តពលិកដែល ទៅចូលរួមប្រកួតកីឡាស៊ីហ្គេមនៅប្រទេសមីយ៉ាន់ម៉ាលើកនេះ បើដណ្តើមបានមេដាយមាសរដ្ឋាភិបាលនឹងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តចំនួន៦ពាន់ដុល្លារ, មេដាយប្រាក់៤ពាន់ដុល្លារ និងមេដាយសំរឹទ្ធ២ពាន់ដុល្លារ ។ ប៉ុន្តែបើបូកសរុបជាមួយប្រាក់រង្វាន់ដែលក្រុមហ៊ុនសន្យាផ្តល់ជូនបន្ថែមទៀតដែលមានដូចជាណាហ្គាវើលនិងក្រុមហ៊ុនស្រាបៀរអង្គរនោះ មេដាយមាសទទួលបាន១ម៉ឺន៨ពាន់ដុល្លារ, មេដាយប្រាក់៩ពាន់ដុល្លារ និងមេដាយសំរឹទ្ធ៤ពាន់ដុល្លារ ៕
ចែករំលែកព័តមាននេះ